មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិរបស់កម្មករចំនួន ២រោងចក្រដែលស្នើសុំអន្តរាគមន៍ករណីថៅកែជនជាតិកូរ៉េ មិនព្រមបើកប្រាក់ខែឲ្យពួកគាត់។ ទោះជាបានទទួលយកញត្តិហើយក៏ដោយ មន្ត្រីខុទ្ទកាល័យលោក គង់ ចំរើន មិនទាន់សន្យាថា នឹងឆ្លើយតបញត្តិស្នើសុំនៅថ្ងៃណានោះទេ។
ក្រុមកម្មករ២រោងចក្រ គឺរោងចក្រហ្វើស ហ្គាវ័ន (First Gawon Apparel) នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងរោងចក្រហ្គាវ័ន (Gawon Apparel) នៅក្រុងតាខ្មៅ ខែត្រកណ្ដាល សុទ្ធតែរំពឹងទទួលបានការជួយអន្តរាគមន៍ក្រោយពេលដែលមន្ត្រីខុទ្ទកាល័យ លោក គង់ ចំរើន អះអាងថា នឹងយកញត្តិនោះដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កម្មកររោងចក្រហ្វើស ហ្គាវ័ន នៅខណ្ឌមានជ័យ ម្នាក់ គឺ អ្នកស្រី អ៊ុក វណ្ណា រំពឹងទទួលបានដំណោះស្រាយនៅពេលឆាប់ៗនេះ ខណៈដែលអ្នកស្រីបានឮការអះអាងរបស់ខុទ្ទកាល័យថា នឹងបញ្ជូនញត្តិបន្តទៅលោកនាយករដ្ឋមន្ត្រី។ ទោះយ៉ាងណា អ្នកស្រីថា កម្មករនៅតែប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រទាំងយប់ទាំងថ្ងៃ និងបានផ្លាស់វេនគ្នាដេកយាមនៅមុខរោងចក្រខ្លាចថៅកែលួចដឹកសម្ភារៈចេញក្រៅ៖ «ពួកខ្ញុំត្រឡប់មកវិញហើយ អូនត្រឡប់មកវិញ បងនៅរង់ចាំបើកលុយនៅហ្នឹងទៅ ឥឡូវបើកបានហុកសិបរៀល (ដុល្លារ) ម្នាក់ ក៏ពួកខ្ញុំនៅយាម អត់ចូលធ្វើការវិញដែរ ទាល់បើកឲ្យបានគ្រប់ខែ១២ ទើបចូលធ្វើការវិញ»។
ការឈានតវ៉ាដល់ការដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ក្រោយពេលក្រុមកម្មករទាំង ២រោងចក្រ គឺ ហ្វើស ហ្គាវ័ន និងហ្គាវ័ន បានចោទថៅកែជាជនជាតិកូរ៉េថា មិនបើកប្រាក់ឈ្នួលប្រចាំខែឲ្យពួកគាត់ និងខែខ្លះបើកមិនទៀងទាត់។
កម្មករឲ្យដឹងថា ការដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមករា មិនមានការារាំងពីអាជ្ញាធរណាមួយឡើយ។ កម្មករអះអាងថា មន្ត្រីខុទ្ទកាល័យលោក គង់ ចំរើន បានចេញមកទទួលញត្តិពីកម្មករក្នុងឥរិយាបថសមរម្យ និងរាក់ទាក់ជាមួយកម្មករ។
រោងចក្រហ្វើស ហ្គាវ័ន នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ បានធ្វើកូដកម្មតាំងពីថ្ងៃទី១០ ខែមករា ដោយអង្គុយក្រៅរោងចក្រ មិនព្រមចូលធ្វើការងារ ដើម្បីទាមទារអោយថៅកែរោងចក្របើកប្រាក់ខែជូនពួកគាត់។ ចំណែករោងចក្រហ្គាវ័ន ក្នុងក្រុងតាខ្មៅ ខែត្រកណ្ដាល បាននាំគ្នាធ្វើកូដកម្មអង្គុយនៅមុខរោងចក្រ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។
កម្មការិនីរោងចក្រ ហ្គាវ័ន ម្នាក់ នៅក្រុងតាខ្មៅ អ្នកស្រី សាន សុខន ចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍អោយថៅកែបើកប្រាក់ឈ្នួលអោយកម្មករឲ្យបានលឿន ដើម្បីយកទៅបង់ថ្លៃផ្ទះជួល ព្រោះកម្មករកាន់តែច្រើនឡើងបានវេចភួយ វេចមុង ចាន ឆ្នាំងទៅដេកក្នុងតង់មុខរោងចក្រ៖ «ឥឡូវម្នាក់ៗគឺអត់មានលុយបង់ថ្លៃផ្ទះជួលទេ គឺមកនៅជុំគ្នា មានយកអង្ករ ចានឆ្នាំងមកដាំបាយ មកនៅក្នុងតង់ជាមួយគ្នាទៅ ហើយមានអ្នកខ្លះទៀតក៏សុំមិត្តភ័ក្ដិណាដែលនៅមានលទ្ធភាពនៅផ្ទះជាមួយគេសិនទៅ»។
កាលពីថ្ងៃទី១៣ ខែធ្នូ ថៅកែរោងចក្រ អ្នកស្រី ឆា ក្យុងហ៊ី បានរាយការណ៍ទៅមន្ទីរការងារខែត្រកណ្ដាល ថា ការដឹកសម្ភារៈចេញពីរោងចក្រ គឺដើម្បីផ្លាស់ប្ដូរម៉ាស៊ីនថ្មី តម្រូវតាមការបញ្ជាទិញរបស់ភ្ញៀវថ្មី។ ថៅកែរោងចក្របានហៅការតវ៉ារបស់កម្មករ ថាគឺជាសកម្មភាពខុសច្បាប់។ លុះដល់ថ្ងៃទី៤ ខែមករា កម្មករជិត ៦០០នាក់ នៅរោងចក្រ ហ្គាវ័ន អាប់ភែរឹល នៅក្រុងតាខ្មៅ ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ ក្រោយពេលពួកគេតវ៉ានៅមុខរោងចក្រដោយមិនព្រមចូលធ្វើការតាមការកំណត់របស់ថៅកែ។ ក្រុមកម្មករបានចោទថា ថៅកែរោងចក្រ ហ្គាវ័ន បានរំលោភច្បាប់ការងារ និងរំលោភសិទ្ធរបស់កម្មករ។
សហជីពប្រជាធិបតេយ្យកម្មករប្រចាំរោងចក្រ ហ្វើស ហ្គាវ័ន អាប់ភែរឹល លោក ខឹម មករា ប្រាប់ថា ទោះបីបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ក៏កម្មករនៅតែបន្តធ្វើកូដកម្ម និងផ្លាស់វេនគ្នាដេកយាមនៅមុខរោងចក្រដដែល៖ «គាត់បានទទួលហើយ គាត់ថា គាត់ដោះស្រាយ ខ្ញុំរំពឹងថា សម្តេចតេជោនឹងជួយដោះស្រាយ អន្តរាគមន៍ដល់កម្មករ។ គាត់អត់សន្យាថាថ្ងៃណាមួយនោះទេ តែគាត់ថានឹងយកឯកសារនេះទៅដាក់ជូនសម្តេចនាយក»។
កម្មករ និងសហជីពរំពឹងថា នឹងទទួលបានដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលឆាប់ខាងមុខនេះ ដើម្បីពួកគេអាចមានលទ្ធភាពបង់ថ្លៃបន្ទប់ជួល និងផ្ញើទៅក្រុមគ្រួសារនៅឯស្រុកកំណើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។