កម្មករ​រោងចក្រ វ៉ាយ អេនដាប់បែលយូ ទៅ​ទទួល​ប្រាក់​ឈ្នួល ក្រោយ​តវ៉ា​បិទ​ផ្លូវ​ជាច្រើន​លើក

0:00 / 0:00

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេនដាប់បែលយូ (Y & W) ប្រមាណ​៨០០​នាក់ នៅ​រសៀល​ថ្ងៃទី​២២ មីនា បាន​រំសាយ​ការ តវ៉ា​បិទផ្លូវ ហើយ​ទៅ​ទទួលយក​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត​របស់​ពួកគេ​នៅ​សាលា​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មន្ត្រី​សហជីព​ប្រចាំ​រោងចក្រ​វ៉ាយអេនដាប់បែលយូ ថា នឹង​បន្ត​នីតិវិធី​ច្បាប់​បន្ត​ទៀត ដើម្បី​ទាមទារ​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត ប្រសិនបើ​រក​ឃើញ​ថា រោង​ចក្រ​នេះ​មិនមែន​ក្ស័យធន។

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេនដាប់បែលយូ ប្រមាណ​៨០០​នាក់ នៅ​ម៉ោង​ជិត​១​រសៀល ថ្ងៃទី​២២ មីនា បាន​រំសាយ​ការ​តវ៉ា​បិទផ្លូវ នៅ​ចំណុច​ស្តុប​បាគូ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត ចំនួន​៤​ចំណុច នៅ​សាលា​ខណ្ឌដង្កោ។

អត្ថប្រយោជន៍​៤​ចំណុច​នោះ​រួមមាន ប្រាក់​ឈ្នួល ដែល​មិនទាន់​បើក ប្រាក់​បំណាច់​ជួស​ការ​ជូន​ដំណឹង ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ ដែល​នៅ​សល់ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆមាស​ណាមួយ ដែល​កម្មករ​ត្រូវ​បាន​បញ្ឈប់ និង​ប្រាក់​អតីតភាព​ការងារ​សរុប ដែល​ថៅកែ​មិន​ទាន់​បាន​បើក​ឲ្យ។

ការ​បើកប្រាក់​ឈ្នួល​នៅមុន​ថ្ងៃ​កំណត់​នេះ បន្ទាប់ពី​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ វ៉ាយ អេនដាប់បែលយូ លោក ផាន បូរី បាន​ទៅ​មើល​ការ​បិទ​ឈ្មោះ និង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងទៀត នៅ​សាលា​ខណ្ឌដង្កោ ហើយ​យក​មក​ជម្រាប​ជូន​កម្មករ។

លោក ផាន បូរី៖ «អ៊ីចឹង​សរុប​ទាំងអស់​ខ្ញុំ​ទទួល​បាន ៩៣៧​ដុល្លារ សម្រាប់​អ្នក​ចូលឆ្នាំ​២០១៧ ផ្សេង​ទៀត​ក៏​ប្រហាក់ប្រហែល​នឹង​ខ្ញុំ​ដែរ អាច​ខុសគ្នា​តិចតួច​។ អីចឹង​អ្នក ដែល​ចូលឆ្នាំ​២០១២ គាត់​ទទួល​បាន​១៣០០​ដុល្លារ ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិនមែន​ថា បងប្អូន​យើង​យក​ទៅៗ មិនមែន​ទេ ខ្ញុំ​គ្រាន់តែ​ពន្យល់​ឲ្យ​បងប្អូន​យល់ថា ឥឡូវនេះ​គឺ​យើង​បាន​៤​ចំណុច គឺ​៤​ចំណុច​ហ្នឹង​អ្វី​ដែល​សំខាន់​បំផុត​គឺ ប្រាក់​ជួស​ការ​ជូនដំណឹង​មុន មិនមែន​សោហ៊ុយ​ជំងឺ​ចិត្ត ដែល​បងប្អូន​ជឿ​តាម​អ្នកណា ឬក៏​អ្វី​ផ្សេង​ទេ សោហ៊ុយ​ជំងឺ​ចិត្ត វា​ស្នើ​នឹង​ប្រាក់​បំណាច់​អតីតភាព ដែល​ត្រូវ​បើក និង​មិនទាន់​បើក អីចឹង​វា​ស្នើ​នឹង​ប្រាក់ខែ​យើង ១៥​ថ្ងៃ​ទេ អា​សោហ៊ុយ​ជំងឺ​ចិត្ត​ហ្នឹង​នោះ»។

ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន រូប​នេះ បន្ថែម​ថា ទោះ​ជា​កម្មករ​បាន​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ចំនួន​៤​ចំណុច​រួចហើយ តែ​សហជីព​បាន​ប្ដឹង​ទៅ​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ផង​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ នៃ​ការ​បិទ​រោងចក្រ​នេះ​។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន​នេះ មិនមែន​ក្ស័យធន​ទេ សហជីព​នឹង​បន្ត​នីតិវិធី​ទាមទារ​សោហ៊ុយ​ជំងឺ​ចិត្ត​ជូន​កម្មករ​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី២០ មីនា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​កំណត់​ថ្ងៃ​បើក​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេនដាប់បែលយូ នៅ​ថ្ងៃទី​២៣ មីនា​។ ប៉ុន្តែ​កម្មករ​រោងចក្រ​វ៉ាយ អេនដាប់បែលយូ នៅតែ​បន្ត​ការ​តវ៉ា បិទផ្លូវ​ចាប់តាំងពី​ថ្ងៃទី​២០ មីនា មក ទើប​ក្រសួង​ការងារ បាន​ឲ្យ​កម្មករ​ទាំងនោះ​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត​មុន​កំណត់ គឺ​នៅ​ថ្ងៃទី​២២ មីនា។

ការ​ផ្ទុះ​ការ​តវ៉ា ជា​បន្តបន្ទាប់​នៅមុន​ពេល​ក្រសួង​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត​នេះ គឺ​ផ្ទុយ​ពី​អ្វី ដែល​ក្រសួង​ការងារ បាន​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​កម្មករ ត្រេកអរ​ចំពោះ​ដំណោះស្រាយ​របស់​ក្រសួង។

កម្មករ​រោងចក្រ វ៉ាយ អេនដាប់បែលយូ ធ្លាប់​តវ៉ា​បិទផ្លូវ​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ ពី​ក្រសួង​ការងារ​ចំនួន ៥​លើក​រួច​មក​ហើយ។

រោងចក្រ វ៉ាយ អេនដាប់បែលយូ មាន​ទីតាំងនៅ​ផ្លូវ ២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​មាន​កម្មករនិយោជិត​ជិត ៥ ពាន់​នាក់ (៤.៨៤៩ នាក់​) ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជិត ៥​រយ​នាក់។

កន្លង​ទៅ​មន្ត្រី​សហជីព និង​មន្ត្រី​ការពារ​សិទ្ធិ​កម្មករ ធ្លាប់​រិះគន់​ក្រសួង​ការងារ អសមត្ថភាព ក្នុង​ការ​ធ្វើ​អធិការកិច្ច ឬ​ត្រួត​ពិនិត្យ​ការផលិត​នៅ​តាម​រោងចក្រ ដែល​មិន​ដឹង​ថា រោងចក្រ​ណាមួយ កំពុងតែ​ខាតបង់ ឬ​បំរុង​នឹង​ក្ស័យធន ហើយ​ក្រសួង​ចេញមុខ​ឆ្លើយ​ជំនួស​តុលាការ​ថា រោងចក្រ​ទាំងនោះ​ក្ស័យធន បណ្ដាល​ឲ្យ​កម្មករ​រាប់ពាន់​នាក់ បាត់បង់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត ដូច​ករណី​រោងចក្រ វ៉ាយ អេនដាប់បែលយូ (Y & W) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។