ក្រុមកម្មករណាហ្គាវើលដ៍ សហជីពកម្មករ និងមន្រ្តីសិទ្ធិការងារចោទថាអាជ្ញាធរនិងតុលាការប្រើអំណាចរបស់ខ្លួនហួសហេតុដាក់សំពាធនិងចាប់ខ្លួនកម្មករណាហ្គាវើលដ៍ជាបន្តបន្ទាប់ហើយហាក់ចេញមុខកាងឲ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ទៅវិញ។ ពួកគេទាមទារឲ្យសមត្ថកិច្ចនិងតុលាការដោះលែងក្រុមកម្មករណាហ្គាវើលដ៍ទាំងអស់មកវិញហើយងាកមកគោរពសិទ្ធិស្របច្បាប់របស់កម្មករដោយបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី។
សហជីពកម្មករនិងកម្មករណាហ្គាវើលដ៍ឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចដោះលែងកម្មករណាហ្គាវើលដ៍៣នាក់មកវិញ ក្រោយពីចាប់ខ្លួន៦នាក់កាលពីយប់ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ក្រោយពីពួកគេត្រឡប់ពីកន្លែងធ្វើតេស្តរកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពួកគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការចាប់ខ្លួននិងការដោះលែងមកវិញខ្លះនោះទេ ហើយមិនទាន់ដឹងថាកម្មករ៣នាក់នោះត្រូវសមត្ថកិច្ចឃុំខ្លួននៅទីណាដែរ។
ពួកគាត់ទាំង៦នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីចាកចេញពីកន្លែងធ្វើតេស្តយកសំណាកនៅកោះពេជ្រ...
Posted by Labor Rights Supported Union - LRSU on Saturday, February 5, 2022
កម្មករណាហ្គាវើលដ៍ដែលទៅផ្តល់សំណាកពិនិត្យរកជំងឺកូវីដ១៩ តាមបញ្ជារបស់អាជ្ញាធរ គឺកញ្ញា អ៊ុក សុភ័ក្រម៉ូលីកា រាប់អំពីដំណើរការចាប់ខ្លួនកម្មករនោះថាជាបំបាក់ស្មារតីគំរាមមិនឲ្យមានការតវ៉ាបន្តទៀត៖ « ក្រុមកូដករដែលសកម្មហ្នឹងគាត់បានត្រឡប់ទៅផ្ទះវិញ គឺមានអ្នកជិះតាមពីក្រោយ ហើយចាប់ខ្លួនតាមផ្លូវ ម្នាក់ទៀតគាត់ជិះម៉ូតូពីរនាក់ប្តីប្រពន្ធ ត្រូវគេចាប់ខ្លួនគាត់នៅលើស្ពាន »។
កញ្ញាឲ្យដឹងទៀតថាលទ្ធផលធ្វើតេស្តជំងឺកូវីដ១៩វិជ្ជមានចំនួន ៤ នាក់ក្នុងចំណោមកូដករប្រមាណ៣រយនាក់។ គេមិនទាន់ដឹងទេថាអ្នកទាំង ៤ នាក់នោះត្រូវអាជ្ញាធរយកទៅព្យាបាលនៅកន្លែងណាទេចំណែកក្រុមកូដករជាងមួយរយនាក់ទៀតមិនទាន់បានធ្វើតេសនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដីនិងពីមន្រ្តីតុលាការបានទេជុំវិញការចាប់ឃុំខ្លួនកូដករនិងស្ថានភាពអ្នកជំងឺកូវីដ១៩ នោះបានទេ រហូតដល់ម៉ោងផ្សាយនេះ។
ចំណែកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់សារព័ត៌មានក្នុងស្រុកថាបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ដែលចាប់ខ្លួននោះមានតែពីរនាក់ទេ។ អ្នកទាំងពីរ ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ជួប ចាន់ណាត និងឈ្មោះ សេង វណ្ណារិទ្ធ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅវេលាម៉ោង៧កន្លះ ថ្ងៃទី៥ ខែកុម្ភៈ។
ដីការបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ដែលចេញកាលពីថ្ងៃទី៥ ខែកុម្ភៈនោះបានបង្គាប់អ្នកទាំងពីរឱ្យចូលខ្លួនដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩យោងតាមមាត្រា១១នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក សាន សុខសីហា បញ្ជាក់ទៀតថាជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួននិងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនបុគ្គលិកណាហ្កាវើលដ៍នេះ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីនច្រានចោលចំពោះកាចោទប្រកាន់របស់សមត្ថកិច្ចនេះដោយចាត់ទុកការចោទប្រកាន់គ្រប់រូបភាពទាំងអស់ពីអាជ្ញាធរថាជាការលាបពណ៌លើក្រុមកូដករដែលកំពុងប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការទាមទាររកយុត្តិធម៌នោះឲ្យធ្លាក់ក្នុងស្ថានភាពលំបាកគ្រប់បែបយ៉ាង។
អ្នកស្រីបន្តថាទង្វើរទាំងនេះបង្ហាញឲ្យឃើញថាទាំងអាជ្ញាធរនិងតុលាការ ហាក់ចេញមុខកាងឲ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ជាងការគិតគូរកយុត្តិធម៌សម្រាប់ក្រុមកូដរ៖« ខ្ញុំនៅតែមើលឃើញថា ចេតនារបស់អាជ្ញាធរហាក់ដូចជាបង្ហាញការខឹងសម្បាលើកម្មករជំនួសថៅកែណាហ្គាវើលដ៍ព្រោះរហូតដល់ពេលបច្ចុប្បន្ន នេះ កម្មករនិយោជិត គាត់មាន អាភាពជូរចត់ជាមួយអាជ្ញាធរ ច្រើនជាងជាមួយថៅកែណាហ្គាទៅទៀត ដូចជាការ រំខានការតវ៉ាចោទប្រកាន់ លាបពណ៌ ចាប់កម្មករជាបន្តបន្ទាប់»។
អាជ្ញាធររាជធានីភ្នំពេញប្រើកម្លាំងសមត្ថកិច្ចនិងកងសន្តិសុខរាប់រយនាក់ កាលពីថ្ងៃទី៥ខែកម្ភៈ បានបិទផ្លូវគ្រប់ច្រកល្ហកជុំវិញទីតាំងធ្វើកូដកម្មរបស់ក្រុមកម្មករណាហ្គាវើលដ៍ ដើម្បីបង្ខំឲ្យពួកគេឡើងរថយន្តក្រុងទៅធ្វើតេស្តរហ័សពិនិត្យរកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ តាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ទោះយ៉ាងណា ក្រុមកម្មករណាហ្គាវើលដ៍ យល់ព្រមធ្វើតាមការចង់បានរបស់អាជ្ញាធរដោយចូលរួមសហការជាមួយក្រុមគ្រូពេទ្យដែលយកសំណាកពួកគាត់ នៅទីតាំងដែលកំណត់នោះ។
ក្រុមកូដករបង្ហាញជំហថា បើនណាម្នាក់ពិនិត្យលទ្ធផលឃើញវិជ្ជមាន គឺស្នើឲ្យក្រសួងសុខាភិបាលយកកូដកររូបនោះទៅព្យាបាល និងថែទាំគាត់តាមវិធានសុខាភិបាល។ ប៉ុន្តែករណីអ្នកគ្មានផ្ទុកជំងឺនេះ ក្រោយពីពិនិត្យយកសំណាកហើយ ពួកគេនៅតែបន្តធ្វើកូដកម្មដដែល ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងតំណាងរបស់ពួកគេដែលអាជ្ញាធរបានចាប់ខ្លួននោះមកវិញដើម្បី ឈានទៅដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។