អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​មនុស្ស​ចាក​ចេញ​ពី​អគារ​កម្ពស់​ជាន់​​៩ និង​ឱ្យ​រុះរើ​អគារ​នេះ​​ជា​បន្ទាន់

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ សម្រេច​ឱ្យ​ម្ចាស់​អគារ​កម្ពស់ ៩​ជាន់​រុះរើ​អាគារ​នោះ​ចោល​ជាបន្ទាន់ ក្រោយ​រក​ឃើញ​ថា គុណភាព​សំណង់​នោះ​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស និង​មាន​ស្នាម​ប្រេះ។ មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំណាត់ការ​នេះ និង​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​បញ្ហា​ឱ្យ​ប្រសិទ្ធភាព​ខណៈ​បញ្ហា​សំណង់​គ្មាន​គុណភាព​នៅ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​សម្លាប់​មនុស្ស ២៨​នាក់​រួច​មក​ហើយ។ អគារ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់​នេះ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ទល់មុខ​រង្វង់​មូល​តោ​២ ជា​អគារ​រឹងមាំ និង​មនុស្ស​រស់នៅ​ប្រកប​អាជីវកម្ម​។ ចំណាត់​ការ​អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​នេះ គឺ​ក្រោយពេល​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា សំណង់​កម្ពស់ ៩​មាន​ស្នាម​ប្រះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​រក​ឃើញ​ថា សំណង់​នេះ​សង់​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ​។ លោក​បញ្ជាក់​ថា សំណង់​ដែល​មាន​ស្នាម​ប្រេះ កើតឡើង​ក្នុង​ពេលនេះ មិន​ពាក់ព័ន្ធ​នឹង​ទឹកជំនន់ ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ​នោះ​ទេ ព្រោះ​ទីតាំង​សំណង់​ស្ថិតនៅ​ទីតាំង​ដី​ខ្ពស់៖ «សំណង់​នេះ​បើ​តាម​របាយការណ៍​ជំនាញ​របស់​យើង​អត់​មាន​លិខិត​សាងសង់​ទេ អ្វី​ដែល​ខ្ញុំ​អាច​ជម្រាប​ជូន​បាន គឺ​ជំនាញ​ខាង​មន្ទីរ​ដែនដី គឺ​បិទ​សំណង់​នេះ​ជា​ស្ថាពរ ហើយ​តម្រូវ​រុះ​ចេញ​ជា​បន្ទាន់»។

ប៉ុន្តែ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ម្ចាស់​អគារ ឬ​ចំនួន​មនុស្ស​រស់នៅ​ក្នុង​អគារ​នោះ អ្នកនាំពាក្យ​រូប​នេះ​មិនទាន់​ឱ្យ​ដឹង​បាន​នៅឡើយ​ទេ ក្នុង​ពេលនេះ​ព្រោះ​ជា​ការ​ងារ​របស់​ក្រុម​ជំនាញ។

​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។
​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។ (រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ)

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​បញ្ជា​ឱ្យ​មនុស្ស​រស់​ក្នុង​អគារ ឬ​នៅ​ជិត​អគារ​កម្ពស់ ៩​ជាន់​នេះ ចាកចេញ​ជាបន្ទាន់ និង​រុះរើ​សំណង់​ចេញ​។ អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា ជញ្ជាំង​ជាន់​ផ្ទាល់​ដី​នៃ​អគារ មាន​ស្នាម​ប្រេះ ច្រើន​កន្លែង ហើយ​នឹង​ត្រូវ​ប្រេះ​តទៅទៀត​។ ចំណែក​ផ្នែក​ខាងកើត និង​ខាងលិច​នៃ​អគារ​មាន​ការ​ស្រុត និង​បន្ត​ស្រុត​ត​ទៀត​ដែរ។

ទោះ​អាជ្ញាធរ​មិន​បង្ហាញ​ពី​ឈ្មោះ​ម្ចាស់​អគារ ប៉ុន្តែ​អាជ្ញាធរ​ប្រាប់​ថា សំណង់​អគារ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឈួន រិន ខនស្ត្រាក់​សិន អេនជីនារីង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បារម្ភ​ថា អាច​នឹង​មាន​អគារ​សង់​គ្មាន​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ​ផ្សេងទៀត ដែល​អាជ្ញាធរ​រក​មិនទាន់​ឃើញ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ថា ត្រូវ​មាន​វិធានការ​លើ​ម្ចាស់​សំណង់​អគារ​ខុសច្បាប់ និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «បើសិនជា​សំណង់​ហ្នឹង​ឯង​មិន​មាន​បាតុភាព​ស្នាម​ប្រះ​អគារ​គ្មាន​អ្នកណា​ដឹង​ទេ អ៊ីចឹង​ទេ​យើងខ្ញុំ​ជា​សង្គម​ស៊ីវិល​ក៏ដូចជា​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​ដោយ​ទទូច​ម្តង​ហើយ​ម្តង​ទៀត​សូម​ឱ្យ​មាន​ដាក់​វិន័យ​លើ​អ្នក​ពាក់ព័ន្ធ»។

កាលពី​ខែ​កក្កដា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ របស់​ឈ្មួញ​ចិន​មួយ ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ខ្មែរ​ចំនួន ២៨​នាក់​ស្លាប់ និង ២៦​នាក់​របួស។

ក្រោយ​មាន​ហេតុការណ៍​នេះ របប​ក្រុងភ្នំពេញ បាន​សម្រេច​បង្កើត គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​មួយ ដើម្បី​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព ត្រួតពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ ដែល​បាន​សាងសង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម កិច្ច​ការងារ​ទាក់ទង​សំណង់​អគារ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា គណៈកម្មការ​នេះ អនុវត្ត​ការងារ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។