សហរដ្ឋអាមេរិក និងអូស្ត្រាលី ផ្ញើសារជូនពរពលរដ្ឋកម្ពុជាឲ្យមានសុខភាពល្អ សុវត្ថិភាព និងឆាប់រួចផុតពីជំងឺឆ្លងកូវីដ-១៩ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) សរសេរសារនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១៤ ខែមេសា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។ លោកថា ក្នុងស្ថានភាពដែលសហគមន៍នៅជុំវិញពិភពលោកកំពុងតែរួមគ្នាជម្នះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនេះ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងរកមធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលដៅរួមគ្នាជាមួយកម្ពុជានៅក្នុងឆ្នាំថ្មីនេះ។
រីឯឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ប៉ាប្លូ កាង (Pablo Kang) បានផ្ញើសារជូនពរជាវីឌីអូជាង ២នាទីថា ក្នុងនាមជាមិត្តនិងអ្នកជិតខាង អូស្ត្រាលីឈរជាមួយកម្ពុជាដើម្បីជួយសង្គ្រោះជីវិត និងធ្វើការដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយពីវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ។
លោកបានលើកឡើងថា អូស្ត្រាលីបានប្ដេជ្ញាផ្ដល់ថវិកាជាង ២៨លានដុល្លារអាមេរិក ដើម្បីគាំទ្រការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនៅកម្ពុជា។ ការគាំទ្រនេះ គឺធ្វើឡើងបន្ថែមពីលើកម្មវិធីសហប្រតិបត្តិការទ្វេរភាគីប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិក។
ពីប្រទេសអូស្ត្រាលីដែរ នាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏បានផ្ញើ សារជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅក្នុងប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកឲ្យមានសុវត្ថិភាព សុខភាពល្អ និងរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
លោកសង្ឃឹមថា ទោះជាការប្រារព្ធពិធីចូលឆ្នាំខ្មែរមានភាពខុសប្លែកជាថ្មីម្តងទៀតនៅឆ្នាំនេះ ក៏ដោយក៏ថ្ងៃល្អប្រសើរនឹងមកដល់នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។