អាជ្ញាធរសហរដ្ឋអាមេរិកប្រគល់ចម្លាក់បូរាណចំនួន៣០ឱ្យកម្ពុជាវិញ បន្ទាប់ពីដោះស្រាយបញ្ចប់បណ្ដឹង។
មេធាវីរដ្ឋាភិបាលអាមេរិក លោក ដេមៀន វីល្លាមស៍ (Damian Williams) ថ្លែងនៅក្នុងពិធីប្រគល់ចម្លាក់បូរាណនៅទីក្រុងញូវយ៉ក (New York) កាលពីថ្ងៃទី៨ ខែសីហា ថា វត្ថុបុរាណទាំង៣០ នឹងបានវិលត្រឡប់ទៅប្រទេសដើមវិញ គឺត្រឡប់ទៅទីកន្លែង ដែលវត្ថុសិល្បៈទាំងនោះត្រូវគេលួចនាំចេញមកលក់នៅក្រៅប្រទេស។ពិធីប្រគល់វត្ថុបុរាណឱ្យកម្ពុជា ដោយអាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែសីហានេះ មានការចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋធានី វ៉ាស៊ីងតោន (Washington) លោក កែវ ជា និងមានការចាក់បញ្ចាំងសារថ្លែងអំណរគុណរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាអ្នកស្រី ភឿង សកុណា។
ពីធីប្រគល់វត្ថុបុរាណទាំងនេះធ្វើឡើងបន្ទាប់រឿងក្ដីនៅតុលាការពាក់ព័ន្ធនឹងចម្លាក់បូរាណទាំងនោះបានបញ្ចប់។ លោកមេធាវី ដេមៀន វីល្លាមស៍ បានដាក់បណ្ដឹងរដ្ឋប្បវេណីទៅតុលាការបន្តបន្ទាប់គ្នាទៅសហព័ន្ធអាមេរិក ចាប់តាំងពីឆ្នាំ២០២១ មក ដើម្បីបញ្ជូនវត្ថុបុរាណរឹបអូសបានពីអ្នកពាក់ព័ន្ធនឹងជំនួញខុសច្បាប់របស់អ្នកទិញលក់វត្ថុបូរាណ លោក ឌូក្លាស ឡាចហ្វត (Douglas Latchford)។ ជំនួញខុសច្បាប់របស់លោក ឌូក្លាស ឡាចហ្វត បានលាតត្រដាង ដោយសមាគមព័ត៌មានស៊ើបអង្កេតរបស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត ដែលដាក់ឈ្មោះថា «ផេនដូរ៉ា ផេបផើស៍» (Pandora Papers)។
ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក និងការិយាល័យស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក (Department of Homeland Security) បានស៊ើបអង្កេត និងដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធវត្ថុបុរាណខ្មែរ ដែលបានរឹបអូសបាននោះ រហូតឈានដល់អាចប្រគល់ឱ្យកម្ពុជាវិញ។
វត្ថុបុរាណទាំងនោះ រួមមាន រូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ ដូចជា បដិមាព្រះពុទ្ធប្រក់នាគធ្វើពីសំរឹទ្ធ បដិមាព្រះនាងលក្ស្មី ធ្វើពីសំរឹទ្ធ ព្រះនារាយណ៍ ឬវិស្ណុ អំពីថ្មភក់ រូបព្រះឥសូរ និងព្រះគណេស រួមនឹងបដិមាអាទិទេពស្កន្ទ ដែលជិះលើសត្វក្ងោក ជាចម្លាក់ល្បីឈ្មោះ ដែលក្រុមជួញដូរវត្ថុបូរាណតែងចង់បានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។