ពលរដ្ឋ​នៅ​ព្រៃវែង​ព្រួញ​បារម្ភ​ពី​បញ្ហា​ចោរ​លួច​គោ​ក្របី

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង កំពុង​តែ​ព្រួយ​បារម្ភ​អំពី​អសន្តិសុខ​ចោរ​លួច​គោ​ក្របី​តាម​ភូមិ ដែល​បាន​កើត​មាន​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ពេល​យប់​តែ​ម្ដង។ ពួក​គាត់​បញ្ជាក់​ថា ដើម្បី​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស អ្នក​ភូមិ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​ការពារ​គោ​ក្របី​ដោយ​ខ្លួន​ឯង ហើយ​ជា​រៀង​រាល់​យប់ ម្នាក់ៗ​ស្ទើរ​តែ​មិន​បាន​ដេក​ពួន​នោះ​ទេ។ ប៉ុន្តែ​អធិការ​ប៉ូលិស​ស្រុក​បញ្ជាក់​ថា ចោរ​លួច​គោ​ក្របី​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ ហើយ​ក៏​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នោះ​ដែរ។

ក្រុម​អ្នក​ភូមិ​រៀប​រាប់​ថា ការ​បាត់​គោ​ក្របី​ចេះ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​ដោយ​ពុំ​មាន​ការ​ធូរ​ស្បើយ​ឡើយ ជាពិសេស​អំឡុង​ដើម​ឆ្នាំ​២០១៤ នេះ​តែ​ម្ដង។ អ្នក​ភូមិ​អំពាវនាវ​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធាន​ការ​ទប់ស្កាត់​សកម្មភាព​ចោរ​លួច​គោ​ក្របី​នេះ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាត់​ក្របី​នា​ពេល​កន្លង​ទៅ លោក នាង សុភ័ណ្ឌ រស់​នៅ​ភូមិ​អង្គក្អោត ឃុំ​​រៃទទឹង ស្រុក​មេសាង ថ្លែង​នៅ​ថ្ងៃ​ទី​៨ មេសា ថា លោក​បាន​បាត់​ក្របី ៣​ក្បាល កាល​ពី​ថ្ងៃ​ទី​១ មេសា កន្លង​ទៅ។ ចំណែក​ឯ​អ្នក​ភូមិ​ដទៃ​ទៀត ក៏​ត្អូញត្អែរ​ថា​បាត់​គោ​ក្របី និង​ខ្លះ​បាត់​មាន់​ទា​ជា​បន្តបន្ទាប់ ដោយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ពី​រឿង​អសន្តិសុខ​ចោរ​លួច​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ភូមិ​នេះ​ទេ។

លោក​ថា មួយ​ថ្ងៃៗ​ចេះ​តែ​ព្រួយ​បារម្ភ ហើយ​នាំ​គ្នា​ការពារ​ដោយ​ខ្លួន​ឯង​ជា​រៀង​រាល់​យប់ ស្ទើរ​តែ​មិន​បាន​ដេក​ពួន​ទេ៖ «ឆ្មា​ដើរ​មួយ​ភ្លែត​ក៏​បាត់​ដែរ ឥឡូវ​ហ្នឹង​ពិបាក​ណាស់ បាត់​ទា​បាត់​មាន់​បាត់​អី។ ឥឡូវ​មិន​សូវ​បាន​ដេក​ទេ​ភ័យ​តែ​ហ្មង​ឥឡូវ លេង​សើច​អី​បើ​លួច​ពេក វេទនា​មែន​ទែន​ឥឡូវ​ហ្នឹង ពិបាក​ណាស់ មួយ​យប់ៗ​មិន​ដែល​ហ្នឹង​បាន​ទេ ឲ្យ​ប៉ូលិស​នៅ​ឃុំ​ព្រៃទទឹង ហ្នឹង មក​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​មែន​ទែន ព្រោះ​ពិបាក​ណាស់​ប៉ូលិស អា​ដែង​ដូច​លេង​បាយ​ឡុក​បាយ​ឡ​អ៊ីចឹង ពិបាក​ណាស់​បាទ!»

អ្នក​ភូមិ​ម្នាក់​ទៀត​មក​ពី​ឃុំ​ព្រៃទទឹង លោក ទុត នាត មាន​ប្រសាសន៍​ថា អសន្តិសុខ​ចោរ​លួច​គោ​ក្របី ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ គឺ​ផ្ទះ​ខ្លះ​បាត់​គោ​ក្របី ២​ក្បាល បី​ក្បាល កើត​ឡើង​ជា​បន្តបន្ទាប់​ពុំ​មាន​សញ្ញា​ណា​ដែល​បញ្ជាក់​ថា​ធូរ​ស្រាល​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ចោរ​លួច​គោ​ក្របី​នេះ ហើយ​រៀង​រាល់​យប់​ម្នាក់ៗ​ក៏​មិន​ហ៊ាន​ទៅ​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដែរ៖ «ព្រួយ​បារម្ភ​អា​រឿង​ចោរ​ច្រើន​គ្មាន​សមត្ថកិច្ច​ណា​រក​ឃើញ ហើយ​អស់​លោក​ប៉ូលិស​ហ្នឹង​គ្រាន់​តែ​មក​ធ្វើ​កំណត់​ហេតុ​ក្របី​យ៉ាង​ម៉េច​សម្បុរ​អី ប៉ុណ្ណា ឈ្មោល​មេ​អ៊ីចឹង​ទៅ ដល់​ហើយ​ទៅ​ចាំ​រក​មិន​ដឹង​ទៅ​រក​ឯណា​វិញ។ ដេក​មិន​លក់​ទេ​ទាំងអស់​គ្នា​ហ្នឹង មួយ​យប់ៗ​ហ្នឹង​អា​ដែង​គេ​មក​លួច​គេ​មក​ប្លន់​ហ្នឹង ចោរ​ទាំង​ហ្វូង​ដូច​ទៅ​រក​ត្រី​បឹង​អ៊ីចឹង។ ហើយ​ប្រជាពលរដ្ឋ​គ្នា​មាន​អី វា​លួច​អស់ៗ អ៊ីចឹង​រដូវ​ធ្វើ​ស្រែ​ផង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​ប៉ូលិស​ស្រុក​មេសាង លោក នៅ ហាច មាន​ប្រសាសន៍​ថា កន្លង​ទៅ​អ្នក​ភូមិ​ធ្លាប់​មាន​បាត់​គោ​ក្របី​ខ្លះ​មែន ប៉ុន្តែ​ការ​បាត់​គោ​ក្របី​នេះ​ច្រើន​តែ​កើត​មាន​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ភូមិ ដែល​ពួក​គាត់​ច្រើន​តែ​ចិញ្ចឹម​លែង​គោ​ក្របី​ឲ្យ​ដើរ​ពាសវាលពាសកាល ធ្វើ​ឲ្យ​គោ​ក្របី​វង្វេង​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ។ លោក នៅ ហាច បញ្ជាក់​បន្ថែម​ថា បើ​ទោះ​ជា​មាន​ចោរ​លួច​គោ​ក្របី​ឆ្នាំ​នេះ​ខ្លះ​មែន​ក៏ដោយ ប៉ុន្តែ​ចោរ​លួច​គោ​ក្របី​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ច្រើន។ លោក​ថា អាជ្ញាធរ​បាន​ចាត់​វិធាន​ការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​មក​ដែរ ហើយ​ក៏​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នោះ​ឡើយ។

លោក នៅ ហាច៖ «អ្នក​រាយ​ចេះ​តែ​រាយ ប៉ុន​មិន​មែន​ទេ ឆ្នាំ​២០១៣ កន្លង​មក​វា​មាន​មែន​ម្ដង​ម្កាល​មែន ប៉ុន្តែ​សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ការ​បំបាត់ ហើយ​ដល់​ឆ្លង​ឆ្នាំ​២០១៤ ហ្នឹង វា​អត់​មាន​ទេ។ វា​មិន​មែន​ចោរ​ទៅ​ទាំងអស់​ណា អា​នេះ​ជា​ការ​ធ្វេស​ប្រហែស ជួន​ក្របី​គោ​ដូច​ខ្ញុំ​និយាយ​មិញ​វា​ដោយ​ញី​ឈ្មោល វា​វង្វេង​អី​អ៊ីចឹង​ទៅ ព្រោះ​ត្រង់​ហ្នឹង​វា​តំបន់​ព្រៃ​ដែរ ស្មាច់​នោះ​ណាស់។ ហើយ​គាត់​ប្រុង​ប្រយ័ត្ន​ខ្លួន​គាត់​ខ្លះ អា​ការ​មើល​ហ្នឹង​មិន​មែន​ថា​ខែ​ប្រាំង​អាង​ថា​វាល ហើយ​លែង​ទៅ​ហ្នឹង មិន​មើល​អ៊ីចឹង វា​ដោយ​ញី​ឈ្មោល ជួន​វា​ចេះ​តែ​រក​ស៊ី​តាម​ជើង​កញ្ជ្រាំង​ខៀវៗ ចេះ​តែ​ទៅ​វា​វង្វេង​អ៊ីចឹង​ណាស់»

តែ​យ៉ាង​ណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា គោ​ក្របី​ដែល​បាត់​នៅ​ពេល​ថ្ងៃ ភាគ​ច្រើន​តាម​រក​ឃើញ​មក​វិញ ចំណែក​ឯ​គោ​ក្របី​ដែល​បាត់​នៅ​ពេល​យប់​មិន​អាច​រក​ឃើញ​វិញ​ឡើយ។ ម្យ៉ាង ថ្ងៃ​ដែល​បាត់​គោ​ក្របី​នោះ ច្រើន​តែ​សង្កេត​ឃើញ​កើត​មាន​ករណី​ការ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​របស់​អ្នក​ភូមិ ហើយ​ករណី​ដែល​អ្នក​ភូមិ​បាត់​គោ​ក្របី​ច្រើន​នៅ​ខែ​មីនា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។