អនុប្រធានមន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ បញ្ជាក់ថា ព្រះសង្ឃព្រះនាម ប៊ុត ប៊ុនតិញ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ៣នាក់នោះ ត្រូវបានចាប់ខ្លួននៅខេត្តព្រះហារ កាលពីថ្ងៃទី២ មករា ដោយមិនដឹងពីមូលហេតុ។ ព្រះសង្ឃព្រះនាម ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញសង្គមព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ ធ្លាប់ចូលរួមដង្ហែក្បួនមហាបាតុកម្ម ដើម្បីសន្តិភាព និងយុត្តិធម៌សង្គម កន្លងមកតែងចុះជួយតវ៉ាប្រជាពលរដ្ឋនានា ដែលរងគ្រោះដោយសារការរំលោភដីធ្លី និងការបណ្ដេញចេញពីលំនៅឋាន។
ចំណែកមន្ត្រីសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារ កញ្ញា ម៉ា មុន្នី អះអាងនៅរសៀលថ្ងៃទី២ មករា ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវប៉ូលិស និងប៉េអិម មានគ្នាបីឡាន បានស្ទាក់ចាប់ខ្លួនតាមផ្លូវ នៅពេលព្រះអង្គនិមន្តត្រឡប់មកពីមើលដីសហគមន៍មួយកន្លែងដែលក្រុមហ៊ុនមួយឈូសឆាយរំលោភយក ក្នុងខេត្តព្រះវិហារ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ស្នងការប៉ូលិសខេត្តព្រះវិហារ បានទេនៅថ្ងៃទី២ ខែមករា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហង្ស សាវយុត ដូចតទៅ៖
ប៉ុន្តែសមត្ថកិច្ចខេត្តព្រះវិហារបានដោះលែងព្រះសង្ឃចំនួន២អង្គ បន្ទាប់ពីនាំព្រះកាយទៅសាកសួរជាច្រើនម៉ោងមក។ រីឯក្រុមបុគ្គលិក របស់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ចំនួន៣នាក់ទៀត នៅមិនទាន់ដោះលែងនៅឡើយទេ។
ព្រះតេជគុណ ប៊ុត ប៊ុន តិញ ជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ ព្រះអង្គបានមានព្រះថេរដីកា កាលពីម៉ោងជិត១០យប់ ថ្ងៃទី២ ខែមករា ថា៖ ព្រះអង្គ និងព្រះសង្ឃ១អង្គទៀត ព្រះនាម ណាំ ចាន់ថេន ត្រូវសមត្ថកិច្ច ដោះលែង ដោយមានមន្ត្រីសង្ឃនាំយកទៅគង់នៅក្នុងវត្តមួយ។ ក៏ប៉ុន្តែក្រុមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ចំនួន ៣នាក់ទៀតសមត្ថកិច្ចមិនទាន់ដោះលែងទេ ហើយនាំយកទៅស្នងការដ្នាននគរបាលខេត្តព្រះវិហារ។
ព្រះតេជគុណ ប៊ុន តិញ បានទាមទារឱ្យសមត្ថកិច្ចដោះលែងសកម្មជនសិទ្ធិមនុស្សទាំង៣នាក់នោះ បើមិនដោះលែងទេ គឺព្រះអង្គព្រមាននឹងដឹកនាំធ្វើបាតុកម្មបិទផ្លូវជាតិ ពីខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារ៖ «គេដោះលែងអាត្មា តែសហការី របស់អាត្មាជាប់នៅស្នងការ ។ ធំដុំណាស់ គេឃាត់ដឹកទ័ពទៅ៣ឡាន លើកកាំភ្លើងភ្ជង់អាត្មា ភ្ជង់ឡានអាត្មា ហើយដល់ពេលយើងធ្វើឥរិយាបថធម្មតាអង្គុយក្នុងឡាន គេដាក់កាំភ្លើងចុះវិញ ហើយអាត្មាចុះពីលើឡាន សុំគេទៅបត់ជើងតូច ខាងប៉ូលិស គេអត់ឱ្យអាត្មាបត់ជើងទេ។ គេឱ្យអាត្មាលាត់ស្បង់ បត់ជើងនៅមុខប៉ូលិសហ្នឹង អាត្មា ថាមិនអាចធ្វើកើតទេ។ នេះជាករណី រំលោភបំពានធ្ងន់ធ្ងរណាស់ ! ការចាប់ដោយមានប្រើប្រដាប់អាវុធ ហើយមានទ័ពជាលក្ខណៈគំរាមកំហែងគេ ហើយអាត្មា អាចចោទប្រកាន់ថា ជាការគំរាមសម្លាប់»។
ក្រុមបុគ្គលិកមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ចំនួន៣រូប និងព្រះសង្ឃចំនួន២អង្គនោះ ត្រូវប៉ូលិសនៃអធិការដ្នាននគរបាល ស្រុកត្បែងមានជ័យនាំខ្លួន ទៅសាកសួរតាំងតែពីម៉ោងជាង៤រសៀល ថ្ងៃទី២ ខែមករា នៅពេលទៅចូលរួមជាមួយជនជាតិភាគតិចកួយនៅឃុំប្រមេរ ដែលលើកគ្នា តវ៉ា ប្រឆាំងនឹងក្រុមហ៊ុនឈូសឆាយដី ដើម្បីដាំអំពៅ។
អ្នកថតរូប របស់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍១រូប ក្នុងចំណោម២នាក់ផ្សេងទៀត គឺលោក អែម សារ៉ុម បានប្រាប់វិទ្យុអាស៊ីសេរី កាលពីម៉ោង១០យប់ថ្ងៃទី២ ខែមករាថា៖ រូបលោក និងសហការី២នាក់ទៀត ត្រូវគេដាក់នៅស្នងការនគរបាលខេត្តព្រះវិហារ។ នៅស្របពេលដែលរូបលោកកំពុងជាប់ នៅក្នុងស្នងការប៉ូលិសនោះ គឺគេហាមឃាត់យ៉ាងតឹងរឹង មិនឱ្យទូរស័ព្ទទាក់ទងគ្នាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។