សាលាខេត្តបន្ទាយមានជ័យ កន្លងទៅថ្មីៗនេះបានជូនដំណឹងឲ្យក្រុមអាជីវករមួយចំនួនដែលលក់ដូរនៅផ្នែកសងខាងនៃជ្រុងផ្សារក្រុងសិរីសោភ័ណ្ឌ រុះរើអីវ៉ាន់ទៅលក់នៅផ្សាររាត្រី ជាផ្សារទើបបង្កើតថ្មីដើម្បីរៀបចំសោភ័ណភាពនៅក្នុងក្រុង។
ប្រជាពលរដ្ឋជាអ្នកលក់ដូរនៅជុំវិញបរិវេណផ្សារសិរីសោភ័ណ្ឌ ជាច្រើននាក់ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា បានលើកគ្នាទៅតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យមន្ត្រីសាលាខេត្តបញ្ឈប់គម្រោងការបង្ខំពួកគាត់ឲ្យទៅលក់ដូរនៅក្នុងផ្សាររាត្រីមួយរបស់ក្រុមហ៊ុនឯកជនដែលទើបបង្កើតថ្មីក្បែរមាត់ស្ទឹងសិរីសោភ័ណ្ឌ។
ក្រុមអាជីវករទាំងនោះអះអាងថា ពួកគាត់ធ្លាប់លក់ដូរនៅផ្សារសិរីសោភ័ណ្ឌ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មូលហេតុដែលពួកគាត់មិនព្រមនាំគ្នាចេញទៅកន្លែងថ្មីនោះ គឺដោយសារទីតាំងផ្សាររាត្រីថ្មីនោះនៅឆ្ងាយ ហើយលិចទឹកពិបាករាល់ឆ្នាំ៖ «សុំលក់នៅផ្សារសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ម៉េចឲ្យទៅលក់នៅផ្សាររាត្រីទៅវិញ? ខ្ញុំអត់ទៅទេ កន្លែងនោះលក់អត់បាន ផ្សាររាត្រីហ្នឹង នៅចុងកាត់មាត់ញកវាបានរស់សុខស្រួល បានប្រកបមុខរបរដោះស្រាយជីវភាពតាមសម្រួលហើយដូច្នេះរើពេលវេលាត្រូវតែរុះយើងមានប្រាក់ខាតបង់រាល់ឆ្នាំ»។
តំណាងក្រុមអាជីវករឈ្មោះ ខាត់ ខុន បញ្ជាក់ថា ក្រុមអាជីវករជាអ្នកលក់ដូរនៅលើបរិវេណជុំវិញផ្សារសិរីសោភ័ណ្ឌ ប្រកាសជំហរដូចគ្នាថា មិនព្រមទៅលក់ទៅផ្សាររាត្រីនោះទេ ទោះបីម្ចាស់ផ្សារនៅទីនោះ ផ្ដល់តូបទីកន្លែងលក់ដូរដោយមិនគិតថ្លៃក្នុងមួយឆ្នាំក៏ដោយ៖ «ផ្សារនោះមានផ្លូវតែមួយ ទី២ ជាផ្សារនៅក្រៅក្រុង ទី៣ ផ្សារនោះលិចទឹកហើយ ទី៤ អាជីវករដាច់បាយ ផ្សារហ្នឹងគេលក់អត់ដាច់ គេធ្វើហើយលក់មិនដាច់ទេ»។
ទន្ទឹមគ្នានឹងការតវ៉ានេះ ក្រុមអ្នកលក់ដូរនៅលើចិញ្ចើមផ្សារទាំងនោះ គំរាមបិទផ្លូវថែមទៀត ប៉ុន្តែក្រោយពីមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ចេញមកសម្របសម្រួល ក្រុមអាជីវករទាំងនោះបាននាំគ្នាវិលទៅកាន់កន្លែងលក់ដូរវិញ។
ទាក់ទិនបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ចុង ភែត គូសបញ្ជាក់ថា កន្លងទៅនេះ សាលាខេត្តបានបង្កើតគណៈកម្មការមួយដើម្បីរៀបចំអនាម័យសោភ័ណភាពជុំវិញបរិវេណផ្សារ សិរីសោភ័ណ្ឌ ពុំមែនជាការរុះរើផ្សារសិរីសោភ័ណ្ឌ នោះទេ។ ក្រុមអាជីវករទាំងនោះបានទៅលក់ដូរអស់រយៈពេល ១០ឆ្នាំមកហើយនៅលើផ្លូវជុំវិញផ្សារសិរីសោភ័ណ្ឌ។
លោកបញ្ជាក់ថា បញ្ហានេះអាជ្ញាធរខេត្តបានបង្កើតគណៈកម្មការស្រាវជ្រាវ ដោយចែកជាពីរក្រុម៖ «ក្រុមទី១ ស្រាវជ្រាវថា អ្នកនៅក្នុងផ្សារដែលមានសៀវភៅបន្ទុកស្របច្បាប់ប៉ុន្មាន តើអ្នកដែលលក់នៅខាងក្រៅផ្សារ តើប៉ុន្មាននាក់ ដែលអត់សៀវភៅបន្ទុក បានលក់ដោយសារអ្នកណា? កំពុងស្រាវជ្រាវ ១០ឆ្នាំកន្លងមកហើយ ប្រជាពលរដ្ឋច្រើនណាស់ដែលរិះគន់ដល់ថ្នាក់ដឹកនាំខេត្តថា ហេតុអីធ្វើផ្លូវចាក់បេតុងនិងក្រាលកៅស៊ូរួចហើយនៅតែអោយលក់នៅលើតួផ្លូវទៀត»។
លោកបន្តថា នៅផ្សារសិរីសោភ័ណ្ឌនោះ មានការលិចទឹកស្ទើររាល់ឆ្នាំ។ ដោយមើលឃើញបញ្ហានេះ អាជ្ញាធរខេត្តបានរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក ហើយបានរៀបចំអោយក្រុមអាជីវករលក់ដូរនៅជុំវិញផ្សារសិរីសោភ័ណ្ឌនោះ ផ្លាស់ទៅលក់នៅផ្សារ CM (ផ្សាររាត្រី) ដោយពុំបានគិតថ្លៃតូបក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែបញ្ហានេះ លោកចោទថា បែរជាមេបះបោរដឹកនាំក្រុមអាជីវករធ្វើបាតុកម្មប្រឆាំងទៅវិញ។ លោកគូសបញ្ជាក់ថា ទោះយ៉ាងណា អាជ្ញាធរខេត្តនៅតែបន្តការរៀបចំអនាម័យដើម្បីលើកមុខមាត់សោភ័ណភាពក្នុងទីក្រុង។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានគាំទ្រចំពោះផែនការរៀបចំសណ្ដាប់ធ្នាប់ អនាម័យរបស់អាជ្ញាធរខេត្ត។ លោកកត់សម្គាល់ថា ជាក់ស្ដែងនៅជុំវិញផ្សារ និងលើផ្លូវស្ទើរជុំវិញផ្សារសិរីសោភ័ណ្ឌ មានការលក់ដូរពាសពេញ ពុំមានសណ្ដាប់ធ្នាប់ដូច្នេះមែន។ មន្ត្រីសមាគមអាដហុក ដដែលសង្កត់ធ្ងន់ថា ទន្ទឹមគ្នានឹងការរៀបចំសណ្ដាប់ធ្នាប់និងអនាម័យ នេះ អាជ្ញាធរខេត្តគួរគិតគូរឲ្យអោយបានច្បាស់លាស់ជុំវិញការលំបាក និងផលប៉ះពាល់ទៅលើក្រុមអាជីវករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។