មន្ត្រីនាំពាក្យនៃក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ក្នុងជំនួបនោះ លោក ហោ ណាំហុង បានអរគុណប្រទេសចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា កន្លងមក ដែលមានប្រមាណជាង ៦៤លានដុល្លារអាមេរិក ដោយផ្ដោតទៅលើវិស័យចំនួន៣ ដែលទាក់ទងនឹងកម្មវិធីកាត់បន្ថយនូវភាពក្រីក្រ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ និងពង្រឹងលើវិស័យសុខាភិបាល។ លោកបន្តថា លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣ ចក្រភពអង់គ្លេស បានផ្តល់ជំនួយជាទឹកប្រាក់ដល់សាលាក្តីខ្មែរក្រហមប្រមាណ ១០លាន ៥សែនដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានោះដែរ លោក ហោ ណាំហុង បានសុំឲ្យប្រទេសអង់គ្លេស បន្តជួយឧបត្ថម្ភដល់សាលាក្តីខ្មែរក្រហមនោះបន្ថែមទៀត ហើយជាការឆ្លើយតប លោក ហ៊ូហ្គូ ស្វៃវអ៍ សម្ដែងក្តីរីករាយចំពោះការស្នើសុំនេះ ដើម្បីឲ្យសាលាក្តីនេះបានដំណើរការដោយជោគជ័យ។
នៅថ្ងៃសុក្រ ទី៣១ មករា នេះ គឺជាថ្ងៃចុងក្រោយហើយក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា រយៈពេល ២ថ្ងៃ។ ដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ នៅពេលនេះ គឺស្របពេលដែលកម្ពុជា កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។