តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង រិះគន់​​ការ​​តែងតាំង​​​​ទីប្រឹក្សា និង​​សាច់​ញាតិ​របស់​​​​អនុ​ប្រធាន​​រដ្ឋសភា​​​ក្នុង​ពេល​​​រដ្ឋាភិបាល​ណែនាំ​​មន្ត្រី​​ឲ្យ​​សន្សំ​សំចៃ​ថវិកា​ជាតិ

0:00 / 0:00

អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រិះគន់​ការ​តែងតាំង​​ទីប្រឹក្សា​​​ និង​សាច់​ញាតិ​របស់​អនុ​ប្រធាន​ទី​១​​រដ្ឋសភា​ឯក​បក្សលោក ជាម យៀប​ ថា​ជា​រឿង​ឥត​បាន​ការ ​ក្នុង​ពេល​​ដែល​​រដ្ឋាភិបាល​​​​ណែនាំ​មន្ត្រី​​ឲ្យ​​សន្សំ​សំចៃ​ថវិកា​ជាតិ​។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋសភា​​ និង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​ កាត់​បន្ថយ​​ការ​​តែង​តាំង​ទីប្រឹក្សា​ ​ជំនួយ​ការ និង​ការ​ចំណាយ​ឥត​ប្រយោជន៍​ជា​ច្រើន​ទៀត​​ ដើម្បី​ទុក​​ថវិកា​ឲ្យ​រដ្ឋាភិបាល​​ជួយ​សម្រួល​​​ដល់​ការ​​បញ្ចុះ​​​ពន្ធ​នាំ​ចូល​តម្លៃ​ប្រេងសាំងជា​ដើម​។

ការ​​​​តែងតាំង​​​​​ទី​ប្រឹក្សា​ ​​និង​​​ជំនួយ​ការ​​របស់​អនុ​ប្រធាន​ទី​១​រដ្ឋសភា​​លោក ជាម យៀប ជា​បន្ត​បន្ទាប់​នេះ រង​ការ​រិះគន់​ជា​ខ្លាំង​ ថាជា​ការ​​ខ្ជះខ្ជាយ​ថវិកា​ជាតិ និង​​បង្កើត​បក្ខ​ពួក​ក្នុង​ស្ថាប័ន​​រដ្ឋ ​ពិសេស​ គឺ​ការ​លើក​​បន្ដុប​កូន​ស្រី និង​ចៅ​ស្រី ឲ្យ​​មាន​តំណែង​​​ខ្ពស់ ហើយ​ទទួល​បាន​​ប្រាក់​បំណាច់​​​​​ពី​​រដ្ឋ​​​។​

អតីត​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​លោក ងឹម ញេង​ ហៅ​ការ​តែង​​តាំង​ទីប្រឹក្សា និង​ជំនួយ​ការ​ថ្មី​​ សរុប​​ជិត​២០​នាក់​របស់​លោក ជាម យៀប ថា​​ជា​​ការ​​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ ​និង​ជា​ការ​បង្កើន​បន្ទុក​បង់​ពន្ធ​របស់​ពលរដ្ឋ។ លោកសង្កេត​ឃើញ​ថា ចាប់​តាំង​ពី​​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​គម្រោង​​តែង​តាំង​​​កូន​ប្រុស​ច្បង​​​ឲ្យ​ស្នង​តំណែង​ជា​ផ្លូវ​ការ​​មក ​មន្ត្រី​​បក្ស​កាន់​អំណាច​នៅ​តាម​ក្រសួង​ផ្សេង​ៗ រួម​ទាំង​​​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ផង បាន​ប្រជែង​​គ្នា​លើក​បន្តុប​សាច់​ញាតិ ទាំង​កូន​​បង្កើន កូន​ប្រសារ និង​ចៅៗ​របស់​ពួកគេ​​ ឲ្យ​ឡើង​តំណែង​កៀក​ខ្លួន ​និង​ត្រៀម​លើក​បន្តុប​តាម​។

លោក ងឹម ញេង​ បន្ត​​ថា ការ​តែងតាំង​តែ​សាច់​ញាតិ​ និង​បក្ខ​ពួក​ខ្លួន គឺ​​ជា​​ទម្លាប់​មិន​ល្អ​ ដែល​​បិទ​ឱកាស​​​​របស់​អ្នក​មាន​សមត្ថភាព​ផ្សេង​ទៀត ក្នុង​ការ​ចូលរួម​ដឹក​នាំ​ និង​ផ្ដល់​យោបល់​សម្រាប់​ប្រទេស​ជាតិ។ ជាង​នេះ​ទៅ​ទៀត ទម្លាប់​​​នេះ នឹង​​ក្លាយ​ជា​​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ​​ធ្វើ​តាម​៖ «ដូច​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​ជូន​ពី​មុន​មក​អ៊ីចឹង ! ថា​គាត់​ ( ជាម យៀប ) អត់​មាន​សមត្ថភាព ហើយ​ក៏​គាត់​អត់​មាន​ឆន្ទៈ​​ ទៅ​ចូល​កាន់​តំណែង​ជា​អនុ​ប្រធាន​សភា​ហ្នឹង​ដើម្បី​ជួយ​ដោះស្រាយ​​បញ្ហា​របស់​ជាតិ ជួយ​ដោះស្រាយ​បញ្ហា​របស់​សភា​ ជំរុញ​ឲ្យ​ដំណើរ​ការ​របស់​រដ្ឋសភា​វា​មាន​ប្រសិទ្ធិ​អ្វី គឺ​អត់​ទេ»។

បន្ថែម​ពី​នេះ មន្ត្រី​បក្ស​ប្រឆាំង​​ដដែល​មិន​​​ជឿ​ថា ​រដ្ឋាភិបាល​​​មាន​ឆន្ទៈ​ចង់​កាត់​បន្ថយ​​ការ​ចំណាយ​​ខ្ជះខ្ជាយ​​របស់​រដ្ឋ​ទេ។ ផ្ទុយ​ទៅ​វិញ​ លោក ងឹម ញេង​ យល់​ថា​ ភាសា​​​​លើក​​ឡើង​ពី​ការ​​​​​​​​សន្សំ​សំចៃ​ថវិកា​ជាតិ​របស់​លោក ហ៊ុន សែន គ្រាន់​តែ​​ជា​សារ​ប្រជាភិថុតិ​ឲ្យ​​​ល្អ​ស្ដាប់​ និង​ជា​ការ​រើស​អើង​​​មួយ​ដើម្បី​​បិទ​ឱកាស​ពលរដ្ឋ​មិន​ឲ្យ​ទទួល​បាន​ការងារ​​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ប៉ុណ្ណោះ ខណៈ​កូន​ចៅ​របស់​មន្ត្រី​ធំៗ​នៃ​​​បក្ស​កាន់​អំណាច សុទ្ធ​តែ​មាន​​តួនាទី និង​តំណែង​​ក្នុង​ជួរ​រាជការ​អស់​ទៅ​ហើយ​។​​​

ការ​លើក​ឡើង​នេះ ​ក្រោយ​ពេល​​ព្រះ​មហាក្សត្រ​​​យល់​ព្រម​តាម​សំណើរ​របស់​អនុ​ប្រធាន​ទី​១​រដ្ឋសភា លោក ជាម យៀប ​ក្នុង​ការ​សុំ​​តែងតាំង​​ទីប្រឹក្សា និង​ជំនួយ​ការ​សរុប​​​​ជិត​ម្ភៃ (១៨)​ នាក់​បន្ថែម​ទៀត។ ក្នុង​ចំណោម​ទីប្រឹក្សា​​​ថ្មី​ទាំង​នោះ​ មាន​​ទីប្រឹក្សា​ម្នាក់​​ គឺជា​កូន​ស្រី​បង្កើត​​របស់​លោក ជាម យៀប​ គឺ​អ្នកស្រី ជាប ច័ន្ទ​សុជាតា​។ ឯ​ជំនួយ​ការ​​​ដែល​ទើប​តែង​តាំង​វិញ គឺ​ជា​ចៅស្រី​បង្កើត​របស់​លោក​ ឈ្មោះ​ យៀប ច័ន្ទ​សុចិណា​ទេវី។

ការ​តែងតាំង​មន្ត្រី​ទីប្រឹក្សា​បន្ថែម​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​ ក្រោយ​ពេល​លោក​​​ហ៊ុន​ សែន អំពាវនាវ​​គ្រប់​ស្ថាប័ន​រដ្ឋ​​​បង្កើន​ការ​សន្សំ​សំចៃ​ថវិកា​ជាតិ តាម​រយៈ​​​កាត់​ផ្អាក​គម្រោង​​ទិញ​រថយន្ត​សេរ៊ី​ទំនើប ​ដើម្បី​ជិះ​ចុះ​មូលដ្ឋាន​​ពង្រឹង​បក្ស​ជាដើម​​​៖ «បើ​សូម្បី​តែ​ប្រាក់​បេសកកម្ម​មូលដ្ឋាន​​ក៏​យើង​កាត់​បន្ថយ​ដែរ។ កាត់​បន្ថយ​​ដែរ។ សូម​អរគុណ​ ដែល​២​ឆ្នាំ​កន្លង​ទៅ​នេះ កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​របស់​ក្រសួង។ កាត់​​តាំង​ពី​ខ្មៅ​ដៃ​ តាំង​ពី​ក្រដាស​ តាំង​ពី​អា​សម្ភារៈ​ប្រើប្រាស់​​ កាត់​ដើម្បី​យក​មក​បំពេញ​ឲ្យ​ការ​ចំណាយ​ ដែល​វា​មាន​ការ​ចាំ​បាច់​ជាង»។​​

ពាក់ព័ន្ធ​ការ​តែងតាំង​ទីប្រឹក្សា​ជំនួយ​ការ​​បន្ថែម​របស់​អនុ​ប្រធាន​​ទី​១​រដ្ឋសភា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ការ​ងារ​នេះ គឺ​ជា​សំណើរ​​ផ្ទាល់​ខ្លួន​របស់​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ ដែល​​លោក​​​​​​​មិន​មាន​​តួនាទី​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​​​ទេ​។ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ផ្ទាល់​ពី​លោក ជាម យៀប បាន​ទេ នៅ​ថ្ងៃ​​ទី​២៦ ខែកុម្ភៈ។​​​​​

ប៉ុន្តែ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​ ជាម យៀប ធ្លាប់​ស្នើ​ថ្វាយ​ព្រះ​មហា​ក្សត្រ​​សុំ​តែងតាំង​មន្ត្រី​​ខុទ្ទកាល័យ ​ទីប្រឹក្សា​បច្ចេកទេស មន្ត្រី​​​ផ្នែក​ទំនាក់​ទំនង​​សាធារណៈ​ ជំនួយ​​​ការ និង​លេខាធិការ​ សរុប​​ជាង​ដប់ (១២)​ នាក់ ម្ដង​​រួច​មក​ហើយ​។ ក្នុង​នោះ​​កូន​ប្រសារ​ម្នាក់ ​គឺ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព​ ​​កាន់​​​តួនាទី​ជា​នាយក​ខុទ្ទកាល័យ​របស់​​អនុ​ប្រធាន​ទី​​១​រដ្ឋសភា​​។ សរុប​មក ក្រោយ​​ពី​​ក្លាយ​​ជា​​អនុ​ប្រធាន​​ទី​១​នៃ​​​រដ្ឋសភា​ឯក​បក្ស​ លោក ជាម យៀប មាន​មន្ត្រី​អម​ជា​ខុទ្ទកាល័យ ជំនួយ​ការ​ ទីប្រឹក្សា សរុប​សាម​សិប ​(៣០)​ នាក់​។

សង្គម​ស៊ីវិល មិន​សាទរ​​នឹង​ការ​​​តែងតាំង​សាច់​ញាតិ និង​​​ទីប្រឹក្សា​ ​ដើម្បី​ប្រមូល​ផ្ដុំ​អំណាច​នោះ​ទេ។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា គ្រប់​ស្ថាប័ន​របស់​រដ្ឋាភិបាល និង​សភា មាន​ទីប្រឹក្សា​ច្រើន ដែល​​លើស​ពី​តម្រូវការ​ការ​ងារ​ជាក់​ស្ដែង​។ លោក យល់​ថា ដើម្បី​បញ្ចៀស​ការ​រិះគន់​​ទាំង​ឡាយ​​​នេះ​​ រដ្ឋាភិបាល និង​រដ្ឋ​សភា គួរ​ធ្វើ​ច្បាប់​កំណត់​ចំនួន និង​​ការ​វាស់វែង​​​សមត្ថ​ភាព​​ទីប្រឹក្សា ជំនួយ​ការ​ លេខាធិការ​ ឲ្យ​បាន​ច្បាស់៖ «ជៀសវាង​ការ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ ហើយ​ចេះ​តែតែងតាំង។ អា​ការ​ដែល​តែងតាំង​ហ្នឹង គ្រាន់​តែ​ជា​ការ​ពង្រឹង​នូវ​ឥទ្ធិពល​​ នូវ​អំណាច​របស់​ខ្លួន។ មិនមែន​តែងតាំង​ទីប្រឹក្សា​ ជំនួយ​ការ​ ឲ្យ​អា​ការ​ងារ​ហ្នឹង​រីក​ចម្រើន​នោះ​ទេ»។

​ចាប់​តាំង​ពី​ការ​បោះឆ្នោត​​ដ៏​ចម្រូង​ចម្រាស់​​​​ឆ្នាំ​២០១៨​មក រដ្ឋាភិបាល​​​បាន​បង្កើន​ចំនួន​មន្ត្រី​​ខុទ្ទកាល័យ​ ទីប្រឹក្សា​ ជំនួយ​ការ​​ យ៉ាង​ច្រើន​សន្ធឹង​សន្ធាប់​។ ក្នុង​នោះ​លោក​ ហ៊ុន សែន មាន​ទីប្រឹក្សា​ លេខាធិការ​ ច្រើន​ជាង​គេ គឺ​ជាង​ប្រាំរយ ​(៥០០)​ នាក់​។ ប្រធាន​ព្រឹទ្ធ​សភា​លោក សាយ ឈុំ មាន​ទីប្រឹក្សា​​ជាង​ពីរ​រយ (២០៧​) ​នាក់។ ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន មាន​ទី​ប្រឹក្សា​ ជិត​ហាសិប (៤៦)​នាក់ ខណៈ​អនុ​ប្រធាន​ព្រឹទ្ធ​សភា អនុ​ប្រធាន​រដ្ឋសភា ​រដ្ឋ​មន្ត្រី​ ​ព្រះ​សង្ឃ​រាជ​​ និង​មន្ត្រី​នយោបាយ​​ផ្សេង​ទៀត ម្នាក់ៗ​សុទ្ធ​តែ​មាន​​ទីប្រឹក្សា​ និង​​ជំនួយ​ការ​យ៉ាង​ច្រើន​។​​​​

ជា​ទូទៅ ​​​​​ប្រាក់​​បៀវត្សរ៍​​ និង​​ប្រាក់​អត្ថប្រយោជន៍​របស់​ទីប្រឹក្សា ​នឹង​​ទទួល​បាន​ទៅ​តាម​​ឋានៈ​ដែល​បាន​​តែង​តាំង​​ដោយ​ព្រះ​រាជក្រឹត្យ។ លើក​លែង​តែ​ករណី​ព្រះ​រាជ​ក្រឹត្យ​ចែង​​បញ្ជាក់​ថា ពុំ​ទទួល​បាន​ប្រាក់​បំណាច់​។ចំណែក​តួនាទី​ និង​កាតព្វកិច្ច​របស់​ទីប្រឹក្សា ឬ​ជំនួយ​ការ​វិញ​ ​​មិន​​ត្រូវ​បាន​​កំណត់​ជាក់​លាក់​ទេ ​គឺ​អាស្រ័យ​ដោយ​​​​ប្រធាន​​ស្ថាប័ន​​​ គឺ​ជា​​អ្នក​ចាត់​ចែង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។