ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អតីតឧកញ៉ា ឡេង ចាន់ណា ស្នើរដ្ឋាភិបាលដាក់ឆន្ទៈពិតប្រាកដក្នុងដកហូតទ្រព្យសម្បត្តិថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះមកសងពលរដ្ឋវិញ។ អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាល និងតុលាការមិនគួរទុកឱ្យពលរដ្ឋរងគ្រោះទទឹងរងចាំដំណោះស្រាយពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
ការអំពាវនាវជាថ្មីរបស់ពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាល ពន្លឿនផ្ដល់ដំណោះស្រាយករណីចាញ់បោកលុយអតីតឧកញ៉ា អ្នកស្រី ឡេង ចាន់ណា នេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក គី តិច នៅមិនទាន់អាចស្វែងរកដំណោះស្រាយដល់ពលរដ្ឋបានក្នុងរយៈពេល៦ខែមកហើយ ខណៈជីវភាពរបស់ក្រុមពលរដ្ឋរងគ្រោះកំពុងជាប់បំណុលវ័ណ្ឌក។
ពលរដ្ឋរងគ្រោះនៅខេត្តកំពង់ចាមថ្លែងសុំមិនបញ្ចេញឈ្មោះថា អស់រយៈពេលប្រមាណ២ឆ្នាំមកហើយដែលក្រុមគ្រួសាររបស់លោកបានចាញ់បោក ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលមានទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ។ លោកថា ជីវភាពគ្រួសារលោកកំពុងជួបការលំបាកជាខ្លាំងដែលមិនអាចសងបំណុលធនាគារវិញបាន ហើយគ្រួសាររបស់លោកបានបែកបាក់គ្នាដោយសារតែក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មិនសងប្រាក់មកវិញនោះ។
លោកទទូចដល់រដ្ឋាភិបាលឱ្យមានចំណាត់ការជាក់លាក់ក្នុងការអន្តរាគមន៍ដកហូតទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ព្រោះថា គ្រួសារលោក និងពលរដ្ឋរងគ្រោះផ្សេងទៀតដែលមិនអាចទទួលយកការអូសបន្លាយផ្ដល់ក្នុងការរងចាំដំណោះស្រាយតទៀតទេ។
ពលរដ្ឋលាក់ឈ្មោះ៖ «និយាយទៅខ្ញុំមានការសំណូមពរឱ្យខាងរដ្ឋាភិបាលគាត់ជួយដោះស្រាយឱ្យធ្វើមិចឱ្យលឿនឱ្យប្រជាជនមកពីព្រោះពួកគាត់មានភាពលំបាកច្រើន និយាយទៅបញ្ហាជាមួយធនាគារហ្នឹងធ្ងន់ធ្ងរដោយសារយើងរកអត់បាន ដល់ពេលអ៊ីចឹងបញ្ហាធនាគារគេអត់គិតពីយើងទេគេដឹងថា ដល់ខែត្រូវតែបង់ឱ្យគេ អ៊ីចឹងមានតែយើងសំណូមពរទៅរដ្ឋាភិបាលជួយដោះស្រាយឱ្យលឿនបំផុតសម្រាប់ពួកយើង»។
ដោយឡែកពលរដ្ឋនៅខេត្តព្រៃវែង លោកស្រី យឹម ផល លើកឡើងថាក្រុមមេធាវីរបស់រដ្ឋាភិបាលនៅមិនទាន់ផ្ដល់ព័ត៌មានក្នុងដំណើរការប្ដឹងទៅក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រៅតែហៅពលរដ្ឋឱ្យទៅជួបនោះឡើយ។
លោកស្រី យឹម ផល ដែលមានមុខរបរជាកម្មករសំណងថាលោកស្រីបានខ្ចីប្រាក់ជាង ១ម៉ឺនដុល្លារដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី។ លោកស្រីទទូចដល់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចេញមុខដោះស្រាយជូនលោកស្រី និងពលរដ្ឋរងគ្រោះផ្សេងទៀតឱ្យបាននាពេលឆាប់ៗ។
លោកស្រី យឹម ផល៖ «វាមានអីក្រៅពីស្នើសុំឱ្យខាងតុលាការ ឬមួយក៏ខាងច្បាប់ជួយដោះស្រាយឱ្យផងពីព្រោះអីនៅនេះដឹងហើយ នៅខាងស្រុកស្រែរកអីបាន ដល់ពេលមានបញ្ហាអ៊ីចឹងទៀតបង់ធនាគារលុយផ្គត់ផ្គង់កូនចៅចាយវាយផង អ៊ីចឹងទៅលំបាកច្រើនណាស់»។
អ្នកស្រី ឡេងចាន់ណា គឺជាប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលបោះទុនរកស៊ីលក់បុរីនៅខេត្ត សៀមរាបចាប់តាំងពីឆ្នាំ២០២២មក និងជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អាជ្ញាធរខេត្តសៀមរាប បានចាប់ខ្លួន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួករបស់អ្នកស្រីមួយចំនួន ហើយសាលាដំបូងខេត្តសៀមរាបធ្លាប់ប្រកាសថា បានរឹបអូសទ្រព្យសម្បត្តិរបស់ អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្នក្នុងគោលដៅសងម្ចាស់បំណុល។ ក្រៅពីនេះកាលពីថ្ងៃទី១៨ ខែវិច្ឆិកា សាលាដំបូងខេត្តសៀមរាប បានកោះហៅអនុរដ្ឋលេខាធិការក្រសួងការពារជាតិលោក ស ថាវី និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ស៊ាន បូរ៉ាត ឱ្យចូលបំភ្លឺ ក្នុងនាមជាសាក្សី កាលពីថ្ងៃទី១១ និងថ្ងៃទី១៨ ខែធ្នូ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក និងសម្អាតប្រាក់ក្នុងសំណុំរឿងឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា។ ទោះជាយ៉ាងណា តុលាការមិនបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នេះទេ ទោះជាជនរងគ្រោះ និងមានភស្តុតាងជាច្រើនបង្ហាញថា លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ជាប់ពាក់ព័ន្ធក្នុងអំពើឆបោកជាមួយ អ្នកស្រី ឡេង ចាន់ណាក្តី។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះពីប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច បានទេ នៅថ្ងៃទី៣០ ខែធ្នូ។
ជុំវិញករណីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថាយន្តការដោះស្រាយរបស់រដ្ឋាភិបាលលើសំណុំរឿងបោកប្រាស់ពលរដ្ឋនេះមានលក្ខណៈយឺតយ៉ាវដែលមិនអាចឱ្យពលរដ្ឋទទួលយកបាននោះទេ។ លោកថារដ្ឋាភិបាល និងតុលាការគួរតែប្រើប្រាស់យន្តការផ្សេងទៀតដែលអាចធានាថាពលរដ្ឋអាចទទួលបានយុត្តិធម៌ឱ្យទាន់ពេលវេលា ស្របពេលដែលពួកគាត់កំពុងប្រឈមការលំបាកនេះ។
លោក សេក សុជាតិ៖ «ហើយជាមួយគ្នាហ្នឹងផងដែរ គឺយើងអត់ឃើញមានការបើកការស៊ើបអង្កេតចំពោះមន្ត្រីរដ្ឋាភិបាលដែលមានតួនាទីខ្ពសៗ ហើយជាប់ពាក់ព័ន្ធជាមួយឧកញ៉ា ឡេង ចាន់ណា ដោយសារតែយើងបានឃើញហើយថា មានសារបែកធ្លាយជាច្រើនបង្ហាញថាវាមានការជាប់ពាក់ព័ន្ធបុគ្គលដែលមានឥទ្ធិពល និងអំណាចក្នុងស្ថាប័នធំៗ របស់រដ្ឋដូចជាអង្គភាពប្រឆាំងអំពើពុករលួយអីជាដើម»។
ពលរដ្ឋរងគ្រោះ ចាត់ទុកការកោះហៅ មន្ត្រីជាន់ខ្ពស់ពីររូប ក្នុងជួររដ្ឋាភិបាល គឺលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ឱ្យចូលបំភ្លឺនៅតុលាការខេត្តសៀមរាបថា គ្រាន់តែជាចំណាត់ការដើម្បីបោកបញ្ឆោតចិត្តពលរដ្ឋ តែមិនដោះស្រាយបញ្ហាឱ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។