ពលរដ្ឋ​រងគ្រោះ​ចាញ់បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្តស្វាយរៀង ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍

ពលរដ្ឋ​រងគ្រោះ​ពី​ការ​ចាញ់បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​របស់​លោក សោម សុធា នៅ​ខេត្តស្វាយរៀង ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត អន្តរាគមន៍​ជួយ​ក្នុង​រឿង​នេះ បន្ទាប់ពី​ពួកគាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រមាណ ១០០​នាក់ ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ស្វាយរៀង ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១០ ខែមិថុនា ដោយ​ពួកគាត់​ហាក់​គ្មាន​សង្ឃឹម​ទេ។

ពលរដ្ឋ​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នៅ​ពេល​យក​ញត្តិ​ទៅ​ដាក់​មន្ត្រី​សាលាខេត្ត បាន​ហៅ​តំណាង​ពលរដ្ឋ​ទៅ​ជួប​ពិភាក្សា ដោយ​មន្ត្រី​សាលាខេត្ត​ប្រាប់​ថា នឹង​បង្កើត​គណៈកម្មការ ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​។ លោក​បន្ត​ថា នៅ​ពេល​ដែល​ពលរដ្ឋ​សួរ​នាំទៅ​មន្ត្រី​សាលាខេត្ត អំពី​ការ​តម្កល់​ពាក្យបណ្ដឹង​របស់​ពួកគាត់ មិន​ចាត់ការ កាលពី​ឆ្នាំ​២០២២ ពេលនោះ​មន្ត្រី​សាលាខេត្ត ឆ្លើយ​ថា ដោយសារ​កាលនោះ​ពាក្យបណ្ដឹង​ពលរដ្ឋ​មាន​ចំនួន​តិច​ពេក។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «កាលណា​លូកដៃ​ទៅ​វា​ប៉ះពាល់ ដល់ពេល​អ៊ីចឹង​ទៅ គេ​មិន​ចង់​លូក​ទេ​។ ម្នាក់ៗ​ធម្មតា តាម​ខ្ញុំ​ស្មាន​មើល តាម​ថ្នាក់​ខេត្ត​ដោះស្រាយ​រឿង​ប៉ុណ្ណឹង អាច​មិន​ហ៊ាន​ដោះ​ទេ ព្រោះ​មើល​តាម​ភាព​ជាក់ស្ដែង គឺថា​មាន​ខ្នង​ឬ​ខ្សែរយៈ​ហ្នឹងហើយ​។ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​មិន​សង្ឃឹម​ទេ ត្រឹម​ខេត្ត​ដោះស្រាយ​នោះ បើ​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ខាង​កំពូល​មក នោះ​ខ្ញុំ​នឹង​សង្ឃឹម»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង លោក រស់ សុផារិទ្ធិ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែមិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

យ៉ាងណា​ក៏​ដោយ​ចុះ ពលរដ្ឋ​អះអាង​ថា ពួកគាត់​ហាក់​គ្មាន​ការ​ជឿជាក់​លើ​មន្ត្រី​ថ្នាក់​ខេត្ត​នេះ​នោះ​ទេ ដោយសារ​ស្ថាប័ន​មួយ​នេះ មិន​បង្ហាញ​ពី​គោលជំហរ​ជាក់លាក់ ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ឡើយ​។ ម្យ៉ាងវិញទៀត ពួកគាត់​សង្កេត​ឃើញ​ថា ម្ចាស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប លោក សោម សុធា មាន​ជំនួយការ​លោក ហ៊ុន សែន គឺជា​លោក ដួង តារា ជា​អ្នក​នៅ​ពីក្រោយ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​អភិបាលខេត្ត​ស្វាយរៀង ទាំង​ចាស់​ទាំង​ថ្មី ហើយ​ជា​ញឹកញាប់​ពលរដ្ឋ​ចោទ​ទៀត​ថា លោក សោម សុធា តែង​ផ្ដល់​លុយ​ដល់​រដ្ឋបាល​ខេត្ត ទោះបី​ក្រុមហ៊ុន​របស់​លោក ជួប​វិបត្តិ​សេដ្ឋកិច្ច និង​មិនបាន​សង់ផ្ទះ​ល្វែង ឬ​ផ្ដល់​ភាគលាភ ដល់​អតិថិជន​យ៉ាងណាក្ដី​។​

លោក សោម សុធា បាន​បង្កើត​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប កាលពី​ឆ្នាំ​២០១៦ ដោយ​វិនិយោគ​លើ​វិស័យ​កសិកម្ម ភោជនីយដ្ឋាន គម្រោង​ដីឡូត៍ និង​ផ្ទះល្វែង ដែល​កំពុង​ឈរជើង​នៅ​ខេត្តស្វាយរៀង​។ ក្រុមហ៊ុន​នេះ មាន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត រួមមាន ភូមិ​ពង​ទា​ខ្មែរ ភូមិ​កាហ្វេ និង​ភូមិ​មរតក ដែល ជា​វិស័យ​អចលនទ្រព្យ។

ទោះជា​យ៉ាងណា ក្រោយ​ដំណើរការ បាន​ប្រហែល ៥​ឆ្នាំ ក្រុមហ៊ុន​មួយ​នេះ បាន​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩។ លុះ​ក្រោយមក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប បាន​ពង្រីក​គម្រោង​វិនិយោគ​មួយ​បន្ថែម​ទៀត កាលពី​ឆ្នាំ​២០២១ ដោយ​គឺជា​គម្រោង​វិនិយោគ​ផ្ដល់​ផល​ចំណេញ ឬ​ការប្រាក់ ៤​ភាគរយ​ក្នុង​មួយ​ខែ ពោល​គឺ​អ្នក​ដាក់​លុយ​វិនិយោគ ១​ម៉ឺន​ដុល្លារ នឹង​ទទួល​បាន​ប្រាក់ចំណេញ ៤​រយ​ដុល្លារ​ក្នុង​មួយ​ខែ​។ ក៏ប៉ុន្តែ គម្រោង​ទាំង​ចាស់​ទាំង​ថ្មី​នោះ គឺ​ជា​ការ​បោកប្រាស់ ដោយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប មិនបាន​ផ្ដល់​ការប្រាក់ និង​សាង​សង់ផ្ទះ​ឱ្យ​អតិថិជន តាម​កិច្ចសន្យា​នោះ​ឡើយ។

យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ បាន​ចាញ់បោក​គម្រោង​ដាក់​លុយ​វិនិយោគ ទទួល​បាន​ការប្រាក់ និង​ជាង ៤០០​នាក់​ផ្សេងទៀត រងគ្រោះ​ដោយសារ​ទិញ​ដីឡូត៍ និង​ផ្ទះល្វែង​ខ្យល់ របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។