វិទ្យាស្ថានស្រាវជ្រាវគាំទ្រដោយរដ្ឋអំណាចវៀតណាមព្រមានថា ព្រែកជីកហ្វូណនតេជោអាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។
អត្ថបទស្រាវជ្រាវមួយសរសេរដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ ក្រុមអ្នកស្រាវជ្រាវវៀតណាម សន្និដ្ឋានថា គម្រោងនេះនឹងបង្កផលប៉ះពាល់ខ្លាំងក្លាដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិនកំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាមនៅកម្ពុជាស្រាប់។ នេះបើយោងតាម សេចក្តីដកស្រង់របស់សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃប្រទេសសិង្ហបុរី ផ្សាយកាលពីថ្ងៃទី៦ ខែមេសា។
ក្រុមអ្នកស្រាវជ្រាវវៀតណាមព្រមានថា គម្រោងសាងសង់ព្រែកជីកហ្វូណន គឺជាគម្រោងបម្រើឱ្យផលប្រយោជន៍ «ពីរយ៉ាង»។ ពោលគឺ ម្ខាងជួយលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងម្ខាងទៀតជួយសម្រួលដល់វត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ក្បែរផ្នែកខាងក្រោមនៃប្រទេសវៀតណាម។
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានជម្លោះដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។
ក្រុមអ្នកស្រាវជ្រាវវៀតណាមកត់សម្គាល់ថា សន្ទះផ្លូវនាវាចរណ៍នៅលើព្រែកជីកហ្វូណនតេជោ អាចបង្កើតបាននូវជម្រៅទឹកសមស្របសម្រាប់ឱ្យនាវាចម្បាំងចូលពីឈូងសមុទ្រថៃ ឬតាមកំពង់ផែរាម រួចធ្វើដំណើរចូលជ្រៅមកក្នុងទឹកដីកម្ពុជា កៀកនឹងព្រំប្រទល់វៀតណាម។
ក្តីព្រួយបារម្ភរបស់ក្រុមអ្នកស្រាវជ្រាវវៀតណាមនេះ កើតមានឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា នាវាចម្បាំងចិនត្រូវបានគេប្រទះឃើញបន្តចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម ក្នុងក្រុងព្រះសីហនុ ជាលើកទីពីរក្នុងរយៈពេល ៣ខែ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបន្តលើកឡើងពីកង្វល់របស់ខ្លួន ជុំវិញការណ៍ដែលកម្ពុជាអនុញ្ញាតឱ្យចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម និងតួនាទីរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងគម្រោងនេះ។ អាមេរិកដាក់ការសង្ស័យថាចិនអាចលួចប្រើមួយផ្នែកនៃកំពង់ផែនេះធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួន «ផ្ដាច់មុខ» ក៏ប៉ុន្តែ កម្ពុជាតែងច្រានចោលការសង្ស័យនេះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ជុំវិញកង្វល់របស់វៀតណាមពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះបាននៅឡើយទេ គិតត្រឹមយប់ថ្ងៃទី៧ ខែមេសា។
កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណននេះ ក្រោមកិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែលមានរយៈពេល ៥០ឆ្នាំ។ រដ្ឋមន្ត្រីសាធារណការកម្ពុជា លោក ប៉េង ពោធិ៍នា ធ្លាប់ប្រកាសថា គម្រោងដែលមានតម្លៃ ១ពាន់ ៧រយលានដុល្លារនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ត្រឹមឆ្នាំ២០២៨។
ព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីដៃទន្លេមេគង្គខាងត្បូងរាជធានីភ្នំពេញ កាត់តាមខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្ត កែប។ ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។