វៀតណាម​​បន្ត​រារាំង​​បែ​ត្រី និង​​ផ្ទះ​បណ្ដែត​ទឹក ​មិន​ឲ្យ​​​ឆ្លង​ដែន​​ចូល​ប្រទេស​​​ ខណៈ​​អ្នក​​ឡើង​គោក​​បន្តជួល​​ដី​និង​​ផ្ទះស្នាក់នៅ​

ដោយ ខែ សុណង
2021-07-13
Share
វៀតណាម​​បន្ត​រារាំង​​បែ​ត្រី និង​​ផ្ទះ​បណ្ដែត​ទឹក ​មិន​ឲ្យ​​​ឆ្លង​ដែន​​ចូល​ប្រទេស​​​ ខណៈ​​អ្នក​​ឡើង​គោក​​បន្តជួល​​ដី​និង​​ផ្ទះស្នាក់នៅ​ ទិដ្ឋភាពអាជ្ញាធរ​វៀតណាមយក​ទូក​កាត់​ទន្លេ រារាំង​ផ្ទះបណ្ដែត​ទឹក​របស់​ពលរដ្ឋ​វៀតណាម វិលទៅស្រុកខ្លួន កាលពីដើម​ខែ​មិថុនា ២០២១។
Photo Provided

អ្នករស់នៅតាមបែ និងផ្ទះបណ្ដែតទឹកជាច្រើនដែលបានឡើងគោក បន្តជួលដី និងផ្ទះស្នាក់នៅ ខណៈអ្នកចិញ្ចឹមត្រីខ្នាតធំមួយចំនួនពុំទាន់អាចឡើងគោកបាននៅឡើយ។

ជនជាតិ​ចាម​ ដែល​ធ្លាប់​រស់​នៅ​លើ​បែ​ត្រី​ នៅ​​ខណ្ឌ​ឫស្សីកែវ​​លោកស្រី ស្មាន ម៉ៃសំ ឲ្យ​ដឹង​​នៅ​ថ្ងៃ​ទី១៣ ខែកក្កដាថា ​​ពួកគាត់​បាន​ឡើង​គោក​អស់​ហើយ ក្រោយ​អាជ្ញាធរ​ដើរ​ដេញ​​ម្ដង​ទៀត ដោយ​បង្ខំពួកគាត់ឲ្យ​​ឡើង​ផុត​ពី​ច្រាំង​ទន្លេ។ ឯ​បែ​នៅ​ក្នុង​ទន្លេ​ក៏​រុះរើ​ចេញ​ទាំង​ស្រុង​ដែរ។ លោក​ស្រីបន្តថា បច្ចុប្បន្ន​នៅ​ម្ដុំ​ច្រាំងចំរេះ​​មិន​មាន​​បែ​ត្រី ឬ​ផ្ទះ​បណ្ដែត​ទឹក​ឡើយ៖ «គេ​ឡើង​មក​លើ​គោក​អស់​ហើយ។ អ្នក​ខ្លះ​​ជួល​ផ្ទះ​នៅ។ អ្នក​ខ្លះ​អត់​ដី​នៅ​ទៅ​ជួល​ផ្ទះ​គេ​នៅ។ អ្នក​ខ្លះ​មាន​ដី​នៅ​​សាងសង់​នៅ​លើ​គោក​ហ្នឹង​ធ្វើ​ផ្ទះ​ឈើ​តូចៗ​ល្មមៗ​តែ​ធ្វើ​ផ្ទះ​ថ្ម​គេ​អត់​ឲ្យ​ធ្វើ​អ៊ីចឹង​ណា​​។​ គេ​ថា​គេ​ដេញ​មួយ​សារ​ទៀត​​ណា។ តែ​មីង​អ្វី​ហ្នឹង​មក​ធ្វើ​ផ្ទះ​ឈើ​នៅ​លើ​ហ្នឹង ហើយ​បើ​គេ​ដេញ​ក៏​គិត​គូរ​ត​ទៅ​ទៀត​ទៅ​មិន​ដឹង​ធ្វើ​ម្ដេច!»។​​

​តែ​យ៉ាង​ណា​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​​អ្នក​ដែល​មាន​បែ​ត្រី​ធំ​​អាច​ចល័ត​ចេញ និង​ទៅ​ស្នាក់នៅ​បណ្ដោះ​អាសន្ន​មួយ​រយៈ​នៅ​ម្ដុំ​ភូមិ​គ្រួស ខណ្ឌ​ព្រែកព្នៅ។​

ជនជាតិ​វៀតណាម​ម្នាក់លោក ផុន អា ដែល​បាន​ចល័ត​បែ​ទៅ​​ភូមិ​​គ្រួស​​ឲ្យ​ដឹង​ថា​ លោក​មិន​ទាន់​មាន​លទ្ធភាព​អាច​ឡើង​គោក​បាន​ទេ ដោយសារ​ត្រី​មិន​ទាន់​ធំ​​អាច​ចាប់​លក់​បាន​ ហើយ​​លោក​ក៏​​មិន​ទាន់​​អាច​សន្មត់​ពេល​ណា​​​បាន​ដែរ​​។ លោក​​បន្ត​ថា​​ បច្ចុប្បន្ន​មាន​បែ​ត្រី​​ធំៗ​របស់​ជនជាតិ​​វៀតណាម និង​ចាម ​ប្រហែល​ពីរ​រយ (២០០) ​បែរ​​​។

ការ​​ស្នាក់​​នៅ​ទីតាំង​ថ្មី​​​មាន​ការ​ពិបាក​ជាង​មុន ដោយសារ​គ្មាន​អគ្គិសនី​​ប្រើ​ប្រាស់ និង​​​គ្មាន​ទីផ្សារ​សម្រាប់​លក់​ត្រី​​ចេញ​។ លោក ផុន អា​ និយាយ​ថា ​ពួកគាត់​​​បាន​ចល័ត​បែ​ត្រី​ឲ្យ​នៅ​កៀក​​​គ្នា ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​​ ដើម្បី​​បំភ្លឺ​នៅ​ពេល​ក្បាល​ព្រលប់​។ ជាង​នេះ​ទៅ​ទៀត ​ត្រី​នៅ​ក្នុង​បែ​ក៏​ងាប់​ច្រើន​ជាង​មុន​ដែរ ​ព្រោះ​​​ទឹក​ទន្លេ​មាន​សារ​​ជាតិ​ពុល​។

ទោះ​យ៉ាង​​នេះ​ក្ដី​ ជនជាតិ​វៀតណាម​រួប​នេះ​​គ្មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​​​ប្រទេស​វៀតណាម​វិញទេ។ លោក​អះអាង​ថា​ លោក​​​ធំ​នៅ​កម្ពុជា ដូច្នេះ​មិន​ដឹង​ថា ​​ត្រូវ​ទៅ​រស់នៅ​ ឬ​រក​ស៊ី​អ្វី​នៅ​ប្រទេស​វៀតណាម​វិញ​​នោះទេ។ បន្ថែមពី​នេះ លោក​​ចង់​ឡើង​គោក ហើយ​ប្រកប​របរ​ចិញ្ចឹម​ត្រី​​នៅ​ក្នុង​ស្រះ​វិញ​​៖ «បែ​គេ​អត់​ចិញ្ចឹម​ត្រី​គេ​អត់​ខ្វល់​ទេ​គេ​ទៅ​ធ្វើ​កម្មករ​។ ដូច​ថា​បែ​គេ​អត់​មាន​ក្ដិត​ចិញ្ចឹម​ត្រី​។ គេ​រុះ​ចោល​ទៅ​គេ​ទៅ​ជួល​ផ្ទះ​ទៅ ព្រឹក​ឡើង​គេ​ទៅ​ធ្វើ​កម្មករ​ទៅ​ គេ​បាន​លុយ​ហើយ។ យើង​នៅ​ចិញ្ចឹម​ត្រី​​​យើង​នៅ​ខ្វល់​រឿង​ត្រី។ និយាយ​ទៅ​បង​អើយ​តាំង​ពី​ឥឡូវ​នេះ​ឲ្យ​ចិញ្ចឹម​នៅ​ទន្លេ​ចិត្ត​ក៏​អត់​ចង់​ចិញ្ចឹម​ដែរ​។ ចង់​តែ​ឡើង​លើ​គោក​យើង​រក​មុខ​របរ​ផ្សេង​។ យើង​រុះ​ល្អ​ជាង បើ​ទឹក​ឥឡូវ​ពុល​ងាក​ទៅ​ពុលៗ ចិញ្ចឹម​ត្រី​ក៏​អត់​បាន​ចំណេញ ច្រើន​តែ​ខាត​ទៅ​វិញ»។​​​

លោក ផុន អា ​ឲ្យ​ដឹង​​ទៀតថា ​​អ្នក​ដែល​មាន​លទ្ធភាព​ភាគច្រើន​​​ បាន​ឡើង​គោក​ទៅ​រក​​ជួល​ដី ឬ​ផ្ទះ​អ្នកភូមិស្នាក់នៅ​អស់​ហើយ និង​បាន​ប្ដូរ​មុខ​របរ​ធ្វើ​ជា​កម្មករ​​​​តាម​វិស័យ​នានា​​។​ ឯ​អ្នក​គ្មាន​លទ្ធភាព​មួយ​ចំនួន​ កំពុង​បណ្ដែត​បែ​ត្រី​ចុះ​ឡើង​​ក្នុង​ទន្លេ​ដោយ​គ្មាន​គោល​ដៅ ខណៈ​អ្នក​ខ្លះ​ទៀត កំពុង​សំចត​នៅក្អមសំណរ ​ក្បែរ​ព្រំដែន​វៀតណាម​។

នៅ​ទី​នោះ អាជ្ញាធរ​វៀតណាម​​​​មិន​អនុញ្ញាត​ឲ្យ​​មាន​ការ​បណ្ដែត​ផ្ទះ​​ឬ​បែ ចូល​ទៅ​ខាង​វៀតណាម​ឡើយ។ លោក ផុន អា ប្រាប់​ថា​​ ជនជាតិ​វៀតណាម​ជា​ច្រើន​បាន​​សំចត​នៅ​ទី​នោះ​ដោយសារ​មិន​ដឹង​ត្រូវ​ទៅ​ណា​បន្ត​ទៀត។

ជុំវិញ​ករណី​នេះ​​ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​សមាគម​វៀតណាម​នៅ​កម្ពុជាលោក ស៊ឹម ជឺ និង​អភិបាល​ស្រុក​លើក​ដែកលោក ចាប ច័ន្ទ​វិទ្យា​ នៅ​ថ្ងៃ​ទី​១២​ខែកក្កដា។ ​​​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទ​ថារិទ្ធិ ប្រាប់​ថា​​ លោក​​រវល់​ប្រជុំ ចំណែក​​អ្នក​នាំ​ពាក្យអគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍លោក កែវ វណ្ណថន​ មិន​ទទួល​ទូរស័ព្ទ។

តំណាង​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​សាខា​ខេត្ត​កំពង់ឆ្នាំងលោក ទត គឹម​ស្រួយ មាន​ប្រសាសន៍​ថា លោក​​ទទួល​​ដំណឹង​មក​ថា ​អាជ្ញាធរ​វៀតណាម​ពិត​​ជា​​បន្ត​រារាំង​ជនជាតិ​វៀតណាម​មិន​ឲ្យ​បណ្ដែត​​បែ​ត្រី និង​ផ្ទះ​​ចូល​ទៅ​ប្រទេស​វៀតណាម​មែន។ លោក​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​​ក្នុង​ការ​ទុក​​ឲ្យ​ពលរដ្ឋ​ខ្លួន​ឯង​​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ។ លោក​ស្នើសុំ​​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​វៀតណាម​ទទួល​យក​ពលរដ្ឋ​ខ្លួន​ត្រឡប់​ទៅប្រទេស​វិញ៖ «ពួកគាត់​ហ្នឹង​ដោយសារ​ពាក់ព័ន្ធ​ទៅ​នឹង​ទ្រព្យ​សម្បត្តិ។ បើ​តាម​ខ្ញុំ​ដឹង​ផ្ទះ​មួយៗ​វ៉ៃ​អស់​សុទ្ធ​តែ​មួយៗ​២ម៉ឺន​ដុល្លារ ៣​ម៉ឺន​ ផ្ទះ​បណ្ដែត​ទឹក​ហ្នឹង ដែល​មាន​បែ​ត្រី​មាន​អ្វី​អ៊ីចឹង។ ត្រង់​ដែល​គាត់​ស្ដាយ​របស់​របរ​គាត់​ហ្នឹង​ហើយ បាន​គាត់​ខំ​បណ្ដែត​ខ្លួន​ អូស​ផ្ទះ​អូស​សម្បែង​ដើម្បី​ចូល​ទៅ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ប្រទេស​របស់​ខ្លួន គាត់​មិន​ទទួល​អ៊ីចឹង​ រដ្ឋាភិបាល​កម្ពុជា​យើង​ហ្នឹង​គួរ​ធ្វើ​អន្តរាគមន៍​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួកគាត់​ហ្នឹង​កុំ​រស់​នៅ​តែលតោល បាន​ចូល​ទៅ​រស់​នៅ​ប្រទេស​កំណើត​របស់​គេ​វិញ​ផង»។​​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​រុះរើ​បែ​ត្រី ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ទន្លេ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ មួយ​ខែ​​មក​ហើយ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​របាយ​ការណ៍​នៃ​ការ​រុះរើ​នេះ​​ទេ។ អ្នក​ស្នាក់​នៅ​តាម​បែ​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​នោះទៀត​សោត ក៏​មិន​បាន​រុះរើ​ឡើង​គោក​ទាំង​ស្រុង​ដែរ ដោយ​អ្នក​ខ្លះ​សុខ​ចិត្ត​បណ្ដែត​ទៅ​ទីតាំង​ផ្សេង​ ហើយ​ភាគច្រើន​បណ្ដែត​ចុះ​តាម​ទន្លេ​មេគង្គ​ក្រោម​​ ទៅ​ចត​ក្បែរ​ព្រំដែន​វៀតណាម​។

អាជ្ញាធរមូលដ្ឋាន​​​​ស្រុក​លើក​ដែក​​ធ្លាប់​​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ​មាន​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ត្រី​ជាង​មួយ​រយ ​(១១៩)​ និង​មាន​មនុស្ស​ជាង​បួន​​រយ​​​(៤៣៦)​ នាក់​ បាន​បណ្ដែត​​​មក​​ចត​នៅ​កោះ​មួយ​​ក្នុង​ស្រុក​លើក​ដែក​​។ ឯ​នៅ​ខាង​ច្រាំង​ទន្លេ​​​​​​ខេត្ត​ព្រៃវែង​វិញ​ មាន​ផ្ទះ​បណ្ដែត​ទឹក និង​បែ​​ត្រី​​ប្រមាណ​ពីរ​រយ​(ផ្ទះ​​ជាប់​​​បែ​១៧០ និង​បែ​ត្រី​​៣២​) បាន​ចុះចត​នៅ​ទន្លេ​មេគង្គ​ក្រោម ក្នុង​​ស្រុក​ពាមជរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល