តំណាងយុវជនខ្មែរកម្ពុជាក្រោមនៃសមាគមកូនខ្មែរដើម្បីអភិវឌ្ឍន៍ថ្កោលទោសអាជ្ញាធរ វៀតណាមខេត្តព្រះត្រពាំងដែលបានដាក់កងកម្លាំងជាច្រើននាក់ហាមឃាត់ មិនឲ្យយុវជន និងពលរដ្ឋខ្មែរក្រោមប្រមាណ ១០០នាក់ អាចធ្វើពិធីអបអរសាទរ រំលឹកខួប ១៥ឆ្នាំនៃថ្ងៃ ដែលអង្គការសហប្រជាជាតិដាក់ចេញនូវសេចក្តី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
យុវជនខ្មែរកម្ពុជាក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៣ កញ្ញាថា ការប្រារព្ធទិវានេះ ដើម្បីជាប្រយោជន៍ខ្មែរក្រោមជាជនជាតិដើម។ ក្នុងទិវានេះ យុវជនខ្មែរក្រោម បានចែកអំណោយដល់ ពលរដ្ឋខ្មែរក្រោមដែលមានវ័យចំណាស់ និងអានខ្លឹមសារនៃសេចក្តី ប្រកាសស្ដីពីសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ។ ក្នុងពេលនៃពិធីនោះ ក៏មានប៉ូលិស វៀតណាម ជាច្រើននាក់ បានដាក់កម្លាំងមកហាមឃាត់មិនឲ្យខ្មែរក្រោមជួបជុំគ្នា ប៉ុន្តែពលរដ្ឋខ្មែរក្រោម មិនធ្វើតាមហើយនាំគ្នាបន្តធ្វើពិធីនោះទាល់តែចប់។ លោក យឿង ខាយចាត់ទុកទង្វើរបស់វៀតណាម ជាការរំលោភសិទ្ធិប្រមូលផ្តុំ ជាពិសេសសិទ្ធិជនជាតិដើម៖ «ប្អូនយល់ថាវៀតណាមធ្វើនេះ វាខុសច្បាប់ ហើយសេចក្តី ប្រកាសស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិវៀតណាមមិនដែលបានអនុវត្តទេ។ ពេលពួកប្អូនអនុវត្តគាត់រារាំងគាត់ថា ខុសច្បាប់គាត់មិនចង់ឲ្យជនជាតិប្រារព្ធពិធីជនជាតិដើមទេ»។
អង្គការសហប្រជាជាតិបានអនុម័តសេចក្តី ប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ ២០០៧។ សេចក្តីប្រកាសនេះ ជាឧបករណ៍ដ៏សំខាន់មួយដើម្បីការពារសិទ្ធិជនជាតិដើម។ សេចក្តីប្រកាសនេះ បានដាក់ចេញនូវលក្ខខណ្ឌស្តង់ដារអប្បបរមាធានាការរស់រានមានជីវិត កិត្តិយស សុខុមាលភាពនៃជនជាតិដើមជុំវិញពិភពលោក និងការបញ្ជាក់ឡើងវិញនូវសិទ្ធិជាមូលដ្ឋាន និងសិទ្ធិមនុស្ស ដែលមានស្រាប់ឲ្យស្របទៅតាមស្ថានភាពនៃជនជាតិ។ ទោះបីវៀតណាមបានព្រមទទួលយក អនុវត្ត នូវ សេចក្តី ប្រកាសស្ដីពីសិទ្ធិជនជាតិដើមក៏ដោយ ក៏វៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម និងជនជាតិដើមផ្សេងទៀតដែរ។ បច្ចុប្បន្នខ្មែរក្រោមនៅជុំវិញពិភពលោកកំពុងធ្វើយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេច ដោយខ្លួនឯងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។