ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គា ខប (Naga Corp) នៅជិតតំបន់អង្គរខេត្តសៀមរាប។ ពួកគេព្រួយបារម្ភថា គម្រោងនេះជាអាវុធមុខពីរដែលអាចផ្ដល់ប្រយោជន៍ផង និងអាចប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថានក្នុងខេត្តសៀមរាប។
ពលរដ្ឋមិនទាន់មានជំនឿថា ការវិនិយោគរបស់ក្រុមហ៊ុនណាហ្គាខប នៅជិតតំបន់អង្គរខេត្តសៀមរាបនឹងមិនប៉ះពាល់ពលរដ្ឋ គ្រឹះប្រាសាទ និងសោភណភាពតំបន់អង្គរ ដូចមន្ត្រីរដ្ឋាភិបាលអះអាងនោះទេ។ ពួកគេចង់ឃើញរដ្ឋាភិបាលផ្ដល់ព័ត៌មានពិស្ដារពីទីតាំង និងផែនការវិនិយោគនៅតំបន់នេះឱ្យបានទូលំទូលាយ។
មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប លោក ពុយ ឡេង យល់ថា បើការវិនយោគអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើននឹងអាចធ្វើឱ្យពលរដ្ឋនៅខេត្តសៀមរាប បានការងារធ្វើថែមទៀត៖ «គម្រោងហ្នឹងបើសិនដំណើរអីល្អភ្ញៀវចាប់អារម្មណ៍អី គាត់បាននៅតំបន់អង្គរបានច្រើន»។
ពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ទី ឡេង យល់ថា បើការអភិវឌ្ឍនេះមិនធ្វើឱ្យពលរដ្ឋប៉ះពាល់ដល់ពលរដ្ឋគឺជារឿងល្អ៖ «បើអភិវឌ្ឍល្អផ្នែកទេសចរណ៍ផងព្រោះឃើញដាក់ថា អត់មានកាស៊ីណូអីទេ មានតែសណ្ឋាគារ សួនកម្សាន្តអ៊ីចឹងអាចទាញភ្ញៀវទេសចរណ៍ទៅច្រើនទៅប្រជាជនក្នុងខេត្តសៀមរាបក៏បានទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍហ្នឹងដែរ»។
រីឯពលករធ្វើការនៅប្រទេសថៃ លោក ស៊ុន សីហា ស្នើឱ្យការអភិវឌ្ឍនេះធ្វើឱ្យពលរដ្ឋសប្បាយចិត្ត កុំឱ្យពលរដ្ឋទឹកភ្នែកបាត់បង់ដីធ្លី៖ «យើងគាំទ្រក្នុងការអភិវឌ្ឍ ប៉ុន្តែធ្វើម៉េចឱ្យមានតម្លាភាព ឱ្យបានដល់ប្រជាជនយើង ដល់ប្រទេសជាតិយើងពិតប្រាកដកុំការអភិវឌ្ឍហ្នឹងធ្វើឱ្យពលរដ្ឋទឹកភ្នែក»។
ចំណែកពលរដ្ឋរស់នៅរាជធានីភ្នំពេញ កញ្ញា ឡេង ចិន្តា យល់ថា បើការបោះទុនវិនិយោគនេះផ្ដល់ការងារ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្តសៀមរាបកញ្ញាគាំទ្រ ប៉ុន្តែបើការវិនិយោគនេះធ្វើឱ្យប៉ះពាល់សោភ័ណភាពទីក្រុងបុរាណ ឬដណ្ដើមការងារពលរដ្ឋនៅខេត្តនេះ កញ្ញាមិនគាំទ្រទេ៖ «បើអភិវឌ្ឍយូរៗទៅបាត់អត្តសញ្ញាណនៅក្នុងតំបន់អង្គរអស់ គ្រាន់តែអភិវឌ្ឍឱ្យពេញដីហើយគ្មានមនុស្សទៅខ្ញុំអត់គាំទ្រទេ»។
រីឯពលរដ្ឋខ្មែរធ្វើការនៅប្រទេសជប៉ុនវិញលោក ហៃ វណ្ណា សង្កេតឃើញថា រាល់ពេលមានការអភិវឌ្ឍរដ្ឋាភិបាលតែងអួតសរសើរពីគម្រោងនោះ ប៉ុន្តែពេលអភិវឌ្ឍជាក់ស្ដែងតែងខុសពីការពិត។ លោកស្នើឱ្យមានការពន្យល់និងផ្ដល់ព័ត៌មានឱ្យពលរដ្ឋបានដឹងទូលំទូលាយ៖ «មានការបកស្រាយត្រឹមត្រូវហើយអ្វីដែលគេធ្វើឱ្យដូចការបកស្រាយ ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភនោះអ្វីដែលគេបានបកស្រាយហើយលទ្ធផលនោះគឺផ្ទុយ»។
ពលរដ្ឋខ្មែរម្នាក់ទៀតកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងលោក ឈុន ប៊ុនហ៊ី យល់ថា គម្រោងវិនិយោគដែលមានចម្ងាយ ៥០០ម៉ែត្រ ពីឧទ្យានជាតិអង្គរ ជិតតំបន់មិនល្អ ចំពោះតំបន់អង្គរទេលោកស្នើឱ្យគម្រោងវិនិយោគក្រោមផ្លាកអភិវឌ្ឍនេះធ្វើឱ្យឆ្ងាយជាងនេះ៖ «បើចង់ធ្វើលើទឹកដីសៀមរាបធ្វើនៅឯណាធ្វើទៅ ប៉ុន្តែកុំឱ្យធ្វើនៅជិតតំបន់អ៊ីចឹងពេក អត់ត្រឹមត្រូវ ឆ្ងាយពីតំបន់អង្គរពី ១០ទៅ ១៥គីឡូម៉ែត្រពីតំបន់អង្គរ»។
ការលើកឡើងរបស់ពលរដ្ឋបែបនេះ ក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនណាហ្គា ខប ដែលជាក្រុមហ៊ុនធំនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល៍ (Nagaworld) ជួលដីរយៈពេល ៥០ឆ្នាំ ទំហំ ៧៥ហិកតារ ដែលមានចម្ងាយ ៥រយ ម៉ែត្រ ពីឧទ្យានជាតិអង្គរ។ គម្រោងដែលមានទឹកប្រាក់ជំហានដំបូងក្នុងតម្លៃ ៣៥០ លានដុល្លារ ធ្វើការវិនិយោគ សណ្ឋាគារផ្កាយប្រាំ កន្លែងកម្សាន្ត ឧទ្យានវប្បធម៌បែបប្រវត្តិសាស្ត្រ និងទីក្រុងសៀមរាប ឆៃណាថោន (Siem Reap China Town ) ដែលក្រុមហ៊ុនដាក់ឈ្មោះជារួមថា «Angkor Lake of Wonder» ។
មន្ត្រីរដ្ឋាភិបាលនិងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអះអាងថា គម្រោងអភិវឌ្ឍនេះគ្មានកាស៊ីណូទេហើយកន្លែងនោះជាតំបន់ទេសចរណ៍ គឺស្ថិតនៅខាងក្រៅតំបន់ឧទ្យានជាតិអង្គរ។
ទោះយ៉ាងណា ពលរដ្ឋម្នាក់លោកស្រី បូ សូនី និយាយថា លោកស្រីមិនគាំទ្រការអភិវឌ្ឍនេះទេ ដោយលោកស្រីយល់ថា គម្រោងសៀមរាប ឆៃណាថោន នឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ៖ «បងអត់គាំទ្រ អត់សប្បាយចិត្តបើរដ្ឋាភិបាលសម្រេចឱ្យគម្រោងចេញមែនយូរៗទៅបំបាត់វប្បធម៌យើង យើងមើលប្រជាជនយើងឆាបចាប់វប្បធម៌គេលឿនណាស់»។
អង្គការយូណេស្កូ (UNESCO) បានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូលព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរដែលមានទំហំប្រមាណជាង ៤០០គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅខែធ្នូ ឆ្នាំ១៩៩២។ ប្រាសាទបុរាណនេះរកចំណូលឲ្យកម្ពុជាបានរាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនា។ ពលរដ្ឋ និងអ្នកសង្កេតការណ៍ស្នើទៅរដ្ឋាភិបាលមុនសម្រេចឱ្យក្រុមហ៊ុនឯកជនវិនិយោគក្នុងខេត្តវប្បធម៌នេះ ត្រូវគិតគូរឱ្យបានជាក់លាក់ពីផលប៉ះពាល់ដល់ពលរដ្ឋ សោភ័ណភាព គ្រឹះប្រាសាទ និងភ្ញៀវបរទេសផ្សេងទៀតដែលមិនមែនជាជនជាតិចិនក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។