មតិពលរដ្ឋខេត្តស្ទឹងត្រែងជុំវិញពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ទៅខេត្តតាកែវ
2016.07.24
ប្រជាពលរដ្ឋ ក្រុមគ្រូបង្រៀន និងមន្ត្រីរាជការមួយចំនួននៅខេត្តស្ទឹងត្រែង បង្ហើបថា ពួកគេចង់ទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីដង្ហែសពលោកបណ្ឌិត កែម ឡី តែពួកគេខ្លះខ្លាចប៉ះពាល់ការងាររបស់ពួកគេ និងបារម្ភខ្លាចថ្នាក់លើស្ដីបន្ទោស។ មន្ត្រីសង្គមស៊ីវិលរកឃើញថា ពលរដ្ឋភាគច្រើនភ័យខ្លាចការបញ្ចេញមតិទាក់ទិនឃាតកម្មលោកបណ្ឌិត កែម ឡី និងស្ថានការណ៍នយោបាយបច្ចុប្បន្ន។
អាជីវករ កសិករ និងអ្នករត់ម៉ូតូឌុបនៅខេត្តស្ទឹងត្រែង យល់ឃើញផ្សេងៗគ្នាជុំវិញឃាតកម្មលោកបណ្ឌិត កែម ឡី និងពិធីដង្ហែសពលោក នៅថ្ងៃទី២៤ កក្កដា។
ពលរដ្ឋខេត្តស្ទឹងត្រែង មួយចំនួន បានធ្វើដំណើរទៅភ្នំពេញដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមដង្ហែសពលោក កែម ឡី ហើយពលរដ្ឋមួយចំនួនទៀត បានត្រៀមធ្វើដំណើរទៅទីតាំងគេតម្កល់សពនៅខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅពេលក្រោយ។
អាជីវករលក់ភេសជ្ជៈនៅមាត់ទន្លេខេត្តស្ទឹងត្រែង គឺលោកស្រី ជា ថាវី។ លោកស្រីកត់សម្គាល់ថា លោកបណ្ឌិត កែម ឡី ធ្លាប់ពិសាទឹកដូងនៅកន្លែងលោកស្រី នៅគ្រាដែលលោកបានដឹកនាំក្រុមយុវជនចុះស្រាវជ្រាវទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) កាលពីឆ្នាំ២០១៥។ លោកស្រីមើលឃើញថា លោកបណ្ឌិត កែម ឡី ជាមនុស្សសាមញ្ញ និងមានឥរិយាបថស្លូតបូត។ លោកស្រីមានអារម្មណ៍រន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ពេលទទួលដំណឹងថា លោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ ហើយលោកស្រីមានសង្ឃឹមតិចតួចណាស់ថា អាជ្ញាធររកយុត្តិធម៌ក្នុងរឿងនេះបាន៖ «ខ្ញុំឆ្ងល់ដែររឿងពន្លឺយុត្តិធម៌ហ្នឹង តែការបាញ់សម្លាប់ រកអ្នកបាញ់បានហើយតែនៅរក កាមេរ៉ាសុវត្ថិភាពមិនទាន់មានការបង្ហាញរកមុខឃើញ ហើយមិនដឹងជាយ៉ាងម៉េចទេ?»។
អ្នករត់ម៉ូតឌុបនៅក្រុងស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពួកគេក៏ចង់ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោកបណ្ឌិត កែម ឡី ដែរ តែដោយសារជីវភាពខ្វះខាត បានជាពួកគេខកខាន។ លោកបន្តថា លោកស្គាល់លោកបណ្ឌិត កែម ឡី តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម និងធ្លាប់ស្តាប់លោកនិយាយពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។ លើសពីនេះ ពេលលោកស្តាប់ប្រសាសន៍លោកបណ្ឌិត កែម ឡី ម្តងៗហាក់ជាប្រទីបបំភ្លឺមួយ ធ្វើឲ្យលោកជ្រាបពីស្ថានការណ៍នយោបាយពិតក្នុងសង្គម ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកពុំហ៊ានផ្សាយ៖ «ខ្ញុំសូមផ្ដាំទៅពលរដ្ឋខ្មែរនឹកឃើញថា ជាតិយើងបាត់បង់អ្នកចេះដឹង យើងជួយទាំងអស់គ្នា យើងប្រឹងទាំងអស់គ្នា ដើម្បីថ្កោលទោសពួកជនដៃដល់ដែលបានសម្លាប់លោក កែម ឡី។ យើងខ្ញុំក៏មានការសោកស្ដាយដែលមនុស្សដែលមានវិជ្ជាជីវៈល្អហ្នឹង»។
មិនខុសគ្នាដែរ គ្រូបង្រៀនម្នាក់នៅខេត្តស្ទឹងត្រែង ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងមិនឲ្យថតសំឡេង ឲ្យដឹងនៅថ្ងៃទី២៤ កក្កដា ថា ក្រុមគ្រូបង្រៀនមួយចំនួនមានបំណងចង់ទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី និងដង្ហែសពលោកដែរ តែពួកគេខ្លាចប៉ះពាល់ការងារជាគ្រូបង្រៀន និងបារម្ភខ្លាចថ្នាក់លើស្ដីបន្ទោស។ លោកថា ក្រុមគ្រូបង្រៀនភាគច្រើន ប្រសិនបើមើលពីខាងក្រៅហាក់ធម្មតា តែធាតុពិតក្នុងអារម្មណ៍ពួកគេ គឺឈឺចាប់ និងលួចយំតែឯង នៅគ្រាដែលពួកគេទទួលដំណឹងថា អ្នកស្នេហាជាតិដ៏ល្បីមួយរូបត្រូវគេបាញ់សម្លាប់នៅកណ្ដាលទីក្រុង។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ពលរដ្ឋ អាជ្ញាធរ និងគ្រូបង្រៀនមួយចំនួន សម្ដែងអារម្មណ៍ក្តុកក្តួល និងរន្ធត់ទាក់ទិនការស្លាប់របស់លោក កែម ឡី តែពួកគេពុំហ៊ានបញ្ចេញកាយវិការឲ្យគេដឹង ព្រោះបារម្ភខ្លាចប៉ះពាល់មុខរបរ និងការងាររបស់ពួកគេ។ លោកមើលឃើញថា សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋឋិតនៅភាពផុយស្រួយ និងទន់ជ្រាយនៅឡើយ ខណៈពលរដ្ឋភាគច្រើននៅតែខ្លាចរអាពីការបញ្ចេញមតិទាក់ទិនស្ថានភាពនយោបាយ៖ «ទង្វើរបស់គាត់មិនហ៊ានបញ្ចេញនូវការសោកស្ដាយ ដូចថាគាត់មានចិត្តអាណិតអាសូរ ប៉ុន្តែដោយសារកាយវិការគាត់មិនហ៊ានបញ្ចេញ។ ខ្លាចប៉ះពាល់អាជីពរបស់គាត់ដូចជាគ្រូបង្រៀន មន្ត្រីរាជការមួយចំនួនធំ ឬមួយប្រជាពលរដ្ឋចឹងទៅ។ វាមកពីសង្គមយើង គឺចេញទៅ គឺគេចាប់អារម្មណ៍»។
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា មន្ត្រីរាជការស៊ីវិល យោធា សមត្ថកិច្ច និងក្រុមគ្រូបង្រៀនដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ពុំសូវចេញមុខជាសាធារណៈនៃការស្ដាយស្រណោះអាឡោះអាល័យលោកបណ្ឌិត កែម ឡី នោះទេ ព្រោះពួកគេបារម្ភខ្លាចប៉ះពាល់ការងារ និងខ្លាចរងសម្ពាធពីថ្នាក់លើ៕