ប្រជាសហគមន៍ជាច្រើននៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ សម្ដែងការសោកស្ដាយដោយសារតែពួកគាត់មិនបានទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ពីភ្នំពេញទៅស្រុកកំណើតនៅឯខេត្តតាកែវ។ មូលហេតុពួកគាត់មិនបានចូលរួម ដោយសារបញ្ហាជីវភាពក្នុងគ្រួសារ និងបញ្ហាខ្វះថវិកា ជាដើម ប៉ុន្តែពួកគេបានគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ពីចម្ងាយទៅវិញ។ សង្គមស៊ីវិលមើលឃើញថា រូបភាពសោកស្ដាយ និងការចូលរួមរបស់ពលរដ្ឋដោយប្រយោលនេះ គឺមិនមែនជាការសម្ដែងឡើយ ប៉ុន្តែជាការគោរពចំពោះមនុស្សល្អប៉ុណ្ណោះ។
ប្រជាសហគមន៍ជាច្រើនលើកឡើងថា ដ្បិតតែពួកគាត់មិនអាចចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើតដោយផ្ទាល់នាឱកាសចុងក្រោយក៏ដោយ ប៉ុន្តែពួកគាត់នៅតែក្តុកក្តួលក្នុងចិត្ត និងសោកស្ដាយចំពោះវីរភាពរបស់បណ្ឌិត កែម ឡី កាលនៅរស់ ដែលបានរួមចំណែកជាច្រើនដើម្បីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងកែលំអចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋលើកឡើងថា មូលហេតុពួកគាត់មិនបានចូលរួម គឺដោយសារកត្តាជីវភាពខ្វះខាត ពិសេសខ្វះថវិកាសម្រាប់ធ្វើដំណើរឡើងមកភ្នំពេញ ហើយមានពលរដ្ឋខ្លះភ័យខ្លាចអាជ្ញាធរតាមដានជាដើម។
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ លោក ឈិន យ៉ុង មានប្រសាសន៍ទាំងអួលដើមកថា លោកសោកស្ដាយជាពន់ពេកដែលមិនបានទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ទៅតម្កល់ទុកនៅឯស្រុកកំណើត។ លោកបញ្ជាក់ថា មូលហេតុមិនបានចូលរួម ដោយសារក្រុមគ្រួសារមានទុក្ខធ្ងន់ ព្រោះប្រពន្ធ និងកូននៅផ្ទះមានជំងឺ ម្យ៉ាងមិនមានថវិកាដើម្បីធ្វើដំណើរទៅភ្នំពេញផង។ ប្រជាសហគមន៍រូបនេះ នៅតែសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ពីព្រោះជាការបាត់បង់កុលបុត្រជាតិ និងធនធានមនុស្សដ៏កម្រមួយរូប៖ « ការបាត់បង់លោកបណ្ឌិត កែម ឡី ជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់នៅក្នុងប្រទេសខ្មែរទូទៅ។ មិនថាអ្នកក្រអ្នកមានទេ គេស្រឡាញ់គាត់ណាស់ ដោយគាត់ហ៊ាននិយាយ »។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត លោក យ៉េត វ៉ន បានបង្ហាញពីការសោកស្ដាយ ខណៈលោកមិនបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ឬឃើញមុខលោកបណ្ឌិត កែម ឡី ជាលើកចុងក្រោយ ដោយសារតែកត្តាជីវភាពក្រីក្រ ខ្វះខាតថវិកាធ្វើដំណើរ។ លោកបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅកាន់សុគតិភព និងឆាប់បានចាប់កំណើតជាថ្មី ដើម្បីជួយសង្គមខ្មែរបន្តទៀត៖ « ចង់ឲ្យអន្តរជាតិ និងអង្គការសហប្រជាជាតិ ធ្វើម៉េចរកឃាតកឲ្យឃើញ រកយុត្តិធម៌ឲ្យបានជាក់លាក់ »។
ក្រៅពីពលរដ្ឋនៅស្រុកតំបែរ គឺមានពលរដ្ឋជាច្រើនសហគមន៍ផ្សេងទៀតនៅស្រុកក្រូចឆ្មារ ស្រុកមេមត់ ជាដើម សុទ្ធតែបង្ហាញពីការសោកស្ដាយ ព្រោះមិនបានទៅចូលរួមការដង្ហែសពលោកបណ្ឌិត កែម ឡី ជាលើកចុងក្រោយ។
ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ លោក សា សុខ ឲ្យដឹងថា ព្រោះតែមិនបានទៅចូលរួមដង្ហែសពដោយផ្ទាល់ ប៉ុន្តែលោកបានបួងសួងនៅគេហដ្ឋានសុំឲ្យលោកបណ្ឌិត បានទៅកាន់ទីឋានបរមសុខកុំបីអាក់ខានឡើយ៖ « សោកស្ដាយ ! ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកដែលបានបូជាអាយុជីវិត ប្រជាធិបតេយ្យដើម្បីការសម្ដែងមតិឲ្យប្រជាជនបានដឹង »។
ទោះបីជាយ៉ាងនេះក្តី មានតំណាងប្រជាពលរដ្ឋជាច្រើនសហគមន៍នៅខេត្តត្បូងឃ្មុំ នាំគ្នារៃអង្គាសប្រាក់ចូលបុណ្យសព ហើយមានមួយចំនួនរៃប្រាក់គ្នាសម្រាប់ជួលរថយន្តឈ្នួល ឬជិះឡានឈ្នួលដោយខ្លួនឯងទៅរាជធានីភ្នំពេញ ដើម្បីចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី។
ប្រជាសហគមន៍នៅឃុំទន្លូង ស្រុកមេមត់ លោក ប៊ុន សៅ និយាយថា ពួកគាត់នាំគ្នាជិះឡានឈ្នួលទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដោយស្ម័គ្រចិត្តព្រោះចង់បង្ហាញពីការគោរពស្រឡាញ់ចំពោះអ្នកចេះដឹង និងអ្នកដែលហ៊ាននិយាយការពិត។
ប្រជាសហគមន៍ទាំងនោះ ចង់ឲ្យមានការកសាងរូបសំណាកលោកបណ្ឌិត កែម ឡី ដ៏ធំមួយសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីវីរភាពរបស់លោក។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ការចូលរួមរបស់ពលរដ្ឋពេលនេះ ពុំមែនជាសកម្មភាពធ្វើតាមគ្នា ឬជាការសម្ដែងនោះទេ ប៉ុន្តែវាបង្ហាញពីការឲ្យតម្លៃដល់អ្នកចេះដឹង និងជនដែលហ៊ាននិយាយការពិត ព្រមទាំងគោរពចំពោះបុគ្គលដែលបានធ្វើល្អនៅក្នុងសង្គម៖ « ចង់លើកទឹកចិត្តដល់អ្នកក្រោយដែលធ្វើហ្នឹងឲ្យមានសេចក្តីក្លាហានទៅ ព្រោះអីសេចក្តីល្អវាមិនសាបសូន្យទេ វាមិនមែនដូចអំពើអាក្រក់ទេ »។
មន្ត្រីសិទ្ធិមនុស្សដដែលយល់ថា ការស្នើសុំរបស់ប្រជាសហគមន៍ចង់ឲ្យកសាងរូបសំណាកលោកបណ្ឌិត កែម ឡី គឺជារឿងល្អមួយ ពីព្រោះការកសាងរូបសំណាកវីរជននៅក្នុងសង្គមខ្មែរ គឺជាវប្បធម៌ពីបុរាណមក និងសម្រាប់ទុកឲ្យខ្មែរជំនាន់ក្រោយបានស្គាល់ពីវីរភាព និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។