ប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ស្រដៀងគ្នាថា វង់ល្បែងអាប៉ោង និងបៀ ចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិឡពាង មានមនុស្សរាប់សិបនាក់ចូលទៅលេងជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋម្នាក់ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅក្នុងភូមិរបស់លោកកើតមានអំពើហិង្សាក្នុងគ្រួសារ បណ្ដាលមកពីការលេងល្បែងស៊ីសងនេះ។ លោកបញ្ជាក់ថា ក្រុមអ្នកលេងភាគច្រើន គឺនៅក្នុងភូមិ និងមួយចំនួនទៀតមកពីភូមិថ្នល់កែង ភូមិស្នាយ ភូមិព្រៃពារ និងភូមិបឹងកក់ ជាដើម បានមកជួបជុំគ្នាលេងអាប៉ោង និងបៀចល័តស្ទើរគ្រប់ផ្ទះ៖ «ជួលកាលផ្លាស់ច្រើនកន្លែងដែរ ប៉ុន្តែគ្រាន់ថាកន្លែងហ្នឹង គឺកន្លែងធំហ្មង ខាងលោកប្រធានអន្តរាគមន៍អត់កើត ដោយសារប៉ូលិសគាត់ស៊ីលុយណា៎»។
លោកបញ្ជាក់ថា ម្ចាស់ផ្ទះដែលបង្កើតឲ្យមានវង់ល្បែងនោះ គឺពុំមានបុណ្យសក្តិធំ ឬខ្នងបង្អែកក្រាស់អ្វីនោះទេ ក៏ប៉ុន្តែមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំតាជេស ដោយបានចុះទៅយកលុយពីអ្នកលេងល្បែងជាប្រចាំ។
ស្រដៀងគ្នានឹងការលើកឡើងខាងលើ ប្រជាពលរដ្ឋម្នាក់ទៀតបញ្ជាក់ថា ការលេងល្បែងស៊ីសងនៅក្នុងឃុំ គឺកើតមានពីរបីឆ្នាំមកហើយ ក៏ប៉ុន្តែ ទើបតែចាប់ផ្ដើមលេងច្រើននៅក្រោយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៣ ហើយវង់ល្បែងកើតមានច្រើន គឺនៅភូមិមួយចំនួននៃឃុំតាជេស៖ «ល្បែងនេះវានឹងក្លាយទៅជាចោរនៅក្នុងភូមិ ហើយពួកខ្ញុំរស់នៅក៏មិនសូវជាមានសុវត្ថិភាពដែរ កាលដែលចាញ់យូរៗវានឹងអាចក្លាយទៅជាចោរលួច ឥឡូវនេះវាមានហើយមានត្រឹមលួចមាន់លួចទា»។
ឆ្លើយតបនឹងបញ្ហានេះ មេភូមិឡពាង លោក ផេង សុខឿន មានប្រសាសន៍ថា លោកបានរាយការណ៍ព័ត៌មាននេះទៅមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំ និងស្រុកដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានការបង្ក្រាបអ្វីនៅឡើយ៖ «បញ្ហាលេងបៀ អាប៉ោង នេះ និយាយរួមទៅក្នុងនាមខ្ញុំមេភូមិនេះ ខ្ញុំមិនអាចទៅបង្ក្រាបគេបានទេ ព្រោះថានៅក្នុងភូមិនេះស្រាប់ ហើយប៉ូលិសក៏ដឹងឮដែរ ដែលលាក់មុខលាក់មាត់មកស៊ីសំណូកយកលុយពីវង់ល្បែង តើអ្នកណាដែលទៅបង្ក្រាបបានទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាជេស លោក ជួប ចាន់ធឿន ដើម្បីសុំការបកស្រាយជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី១ សីហា។
ទោះជាយ៉ាងណា មេឃុំតាជេស លោក សួស ស៊ីផៃ មានប្រសាសន៍ទទួលស្គាល់ថា វង់ល្បែងដែលប្រជាពលរដ្ឋបានរាយការណ៍នោះ គឺពិតជាមានមែន ក៏ប៉ុន្តែការចោទប្រកាន់ថាមានមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំតាជេស ទៅយកលុយពីអ្នកលេងល្បែង និងសម្រួលឲ្យមានការបើកវង់ល្បែងជាបន្តបន្ទាប់នោះ គឺលោកមិនអាចធ្វើអត្ថាធិប្បាយបានទេ៖ «ឥឡូវយើងបានប្រជុំក្រុមប្រឹក្សាឃុំមិញរួចហើយ ខ្ញុំបានដាក់វិធានការហើយ ដោយសារទើបនឹងបោះឆ្នោតរួច មន្ត្រីរបស់យើងទាំងអស់កំពុងតែនាំគ្នាចេញទៅធ្វើនយោបាយ ឃើញយើងរវល់ក៏នាំគ្នាលេងល្បែង»។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក អាត់ ខែម មានប្រសាសន៍យ៉ាងខ្លីថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយស្ដីអំពីបញ្ហានេះនៅឡើយទេ ក៏ប៉ុន្តែលោកនឹងចុះស្រាវជ្រាវ និងចាត់វិធានការក្នុងពេលឆាប់ៗ៖ «ចាំមើលខ្ញុំចាត់ចែងទៅខាងក្រោម អត់ទាន់បានទទួលដំណឹង អាហ្នឹងវាខុសនឹងច្បាប់ តែមានបទល្មើសអីចឹងគេបង្ក្រាប ប៉ុន្តែមិនទាន់បានទទួលដំណឹងពីមូលដ្ឋាន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ការបណ្ដែតបណ្ដោយឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន គឺប្រឆាំងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីអំពីភូមិឃុំមានសុវត្ថិភាព៖ «គាត់មានសិទ្ធិក្នុងការប្ដឹងទាំងអ្នកបើកល្បែង ទាំងមន្ត្រីនគរបាលដែលផ្សំគំនិតហ្នឹង មកលោកអធិការក៏បាន បើសិនជាសង្ស័យថាលោកអធិការពាក់ព័ន្ធ គាត់មានសិទ្ធិមកលោកស្នងការ និងលោកព្រះរាជអាជ្ញាបាន»។
លោកបញ្ជាក់ថា ក្នុងករណីដែលសមត្ថកិច្ចបានទទួលព័ត៌មាន ហើយមិនព្រមចាត់វិធានការឲ្យមានប្រសិទ្ធភាពជាបន្ទាន់ទេនោះ វាអាចបង្កឲ្យមានភាពវឹកវរក្នុងសង្គម ដូចជា ចោរកម្មប្លន់ប្រដាប់អាវុធ អំពើហិង្សាក្នុងគ្រួសារ កើតមានភាពក្រីក្រ និងចំណាកស្រុកជាដើម។
គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបង្ការទប់ស្កាត់បទល្មើសក្នុងសង្គម គឺទី១ ចោរកម្ម ទី២ គ្រឿងញៀន ទី៣ ក្មេងទំនើង ទី៤ ការជួញដូរមនុស្ស និងផ្លូវភេទ និងទី៥ ល្បែងស៊ីសងគ្រប់ប្រភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។