ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ត្អូញ​រឿង​មិន​អាច​ដឹក​អុស​ទៅ​លក់​នៅ​វៀតណាម

ដោយ​ សូត សុខប្រាថ្នា
2016-02-27
Share
ដើម​កៅស៊ូ ត្បូងឃ្មុំ ៨៥៥ ២០១៦ គំនរ​ដើម​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មិន​អាច​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន។ រូបថត​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦
Photo provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​អាច​រក​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​បាន តាម​រយៈ​ការ​នាំ​អុស​ប្រភេទ​ដើម​កៅស៊ូ ឬ​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ បញ្ហា​នេះ កើត​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​បិទ​ច្រក​ព្រំដែន​មិន​ឱ្យ​មាន​សកម្មភាព​ដឹក​ឈើ​គ្រប់​ប្រភេទ​ចេញ​ទៅ​ប្រទេស​វៀតណាម។ បើ​ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថា​នឹង​ពិនិត្យ​មើល​ចំពោះ​បញ្ហា​នេះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ មួយ​ចំនួន សម្រេច​នាំ​គ្នា​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ស្រុក​ឱ្យ​ជួយ​អន្តរាគមន៍​ដើម្បី​ពួក​គាត់​អាច​ដឹក​ជញ្ជូន​អុស​កៅស៊ូ ឬ​ដើម​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ដូច​ពេល​មុន។ សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា សម្រេច​ទប់ស្កាត់​មិន​ឱ្យ​មាន​សកម្មភាព​ដឹក​ឈើ​គ្រប់​ប្រភេទ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​ចេញ​ទៅ​ប្រទេស​វៀតណាម។ ពលរដ្ឋ​លើក​ឡើង​ថា មិន​ត្រឹមតែ​ឈើ​ប្រណិត​ទេ សូម្បីតែ​អុស​របស់​អ្នក​ស្រុក​ធ្លាប់​ដឹក​ទៅ​លក់​តាម​ព្រំដែន ក៏​មិន​អាច​ដឹក​ចេញ​បាន​ដូច​គ្នា។

ពលរដ្ឋ​នៅ​ឃុំ​មេមត់ លោក អ៊ាប ឆាយ ឱ្យ​ដឹង​ថា អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដែល​ពួកគាត់​មិន​អាច​ដឹក​អុស​ប្រភេទ​កៅស៊ូ និង​ស្វាយចន្ទី ទៅ​លក់​ឱ្យ​វៀតណាម។ បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្លះ​សម្រេច​ចិត្ត​កាប់​ដើម​កៅស៊ូ​របស់​ខ្លួន​ចោល ដោយ​សង្ឃឹម​ថា នឹង​យក​ដើម​កៅស៊ូ​ទាំង​នោះ​ទៅ​លក់​ឱ្យ​វៀតណាម គ្រាន់​បាន​កម្រៃ​ខ្លះ ព្រម​ទាំង​ឆាប់​បាន​យក​ដី​ដាំ​ដំណាំ​ផ្សេងៗ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរ​មិន​ឱ្យ​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពួកគាត់​ត្រូវ​រាំងស្ទះ៖ «ព្រោះ​យើង​មិន​មែន​បទល្មើស​អី​ណា យើង​កាប់​កៅស៊ូ​របស់​យើង​ដំណាំ​របស់​យើង​ហ្នឹង ហើយ​នៅ​ពេល​ទីផ្សារ​អី​ណោះ​បិទ​កៅស៊ូ និង​ស្វាយ​ទៅ យើង​អត់​មាន​អី​ធ្វើ»

​ពលរដ្ឋ​មួយ​រូប​ទៀត នៅ​ឃុំ​ជាំតាម៉ៅ លោក ផួង ស៊ីនិត បញ្ជាក់​ថា លោក​សម្រេច​កាប់​ដើម​កៅស៊ូ​របស់​ខ្លួន​ប្រមាណ ២​ហិកតារ ដើម្បី​យក​ដី​ដាំ​ម្រេច និង​ត្រូវការ​ដឹក​ជញ្ជូន​ដើម​កៅស៊ូ​ទាំង​នោះ​ទៅ​លក់​ឱ្យ​វៀតណាម។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មិន​អាច​ដឹក​ជញ្ជូន​អុស​ទាំង​នោះ ទៅ​លក់​នៅ​តំបន់​ឆ្ងាយៗ ដូចជា​នៅ​សិប្បកម្ម​ឡឥដ្ឋ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ជាដើម​ឡើយ៖ «ប៉ះពាល់​យ៉ាង​ម៉េច​ឥឡូវ​យើង​មិន​ដឹង​យក​ទៅ​ណា អី​ទៅ​ណា»

​ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មិន​មាន​ប្រសាសន៍​យ៉ាង​ណា​ទេ​ដោយ​លោក​ថា ជាប់​ប្រជុំ។

ដោយ​ឡែក អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា ជា​ជំហាន​ដំបូង​នេះ ទាមទារ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​ទាំង​ស្រុង​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​រង់ចាំ​ការ​ត្រួត​ពិនិត្យ​ជា​មុន​សិន។ ទោះជា​បែប​នេះ​ក្តី លោក​បញ្ជាក់​ថា នឹង​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មការ​បន្ថែម​ទៀត៖ «យើង​ត្រួត​ពិនិត្យ​ទាំង​ឈើ​ខុស​ច្បាប់ និង​ឈើ​ស្របច្បាប់ ចំពោះ​ការ​នាំ​ឈើ​កៅស៊ូ ឬ​អុស​កៅស៊ូ​ហ្នឹង ចាំ​ខ្ញុំ​រាយការណ៍​ទៅ​គណៈកម្មាធិការ»

​ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា មុខ​របរ​ដឹក​អុស​ប្រភេទ​កៅស៊ូ និង​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ជា​មុខ​របរ​ស្របច្បាប់​របស់​ពលរដ្ឋ ហើយ​ការ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ដឹក​អុស​ទាំង​នោះ​ចេញ​ទៅ​លក់​បាន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ឈើ​ទាំង​នេះ មិន​មែន​ជា​ប្រភេទ​ឈើ​ដែល​ត្រូវ​ហាមឃាត់​ឡើយ៖ «ហើយ​អា​ហ្នឹង​ប៉ះពាល់​ធំ​ណាស់ តើ​នរណា​ចេញ​សង​គាត់។ ឡាន​ហ្នឹង​គេ​ទិញ​មក គាត់​ចង់​ការ​គេ ហើយ​អុស​ហ្នឹង​គាត់​ទិញ​គេ»

លោក​បន្ថែម​ថា អាជ្ញាធរ​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ ដឹក​ជញ្ជូន​កំណាត់​អុស កៅស៊ូ ឬ​ស្វាយចន្ទី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដូច​ដើម​វិញ ពីព្រោះ​ជា​មុខ​របរ​ស្រប​ច្បាប់ ជៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល