ពលរដ្ឋរិះគន់អាជ្ញាធរខេត្តសៀមរាបថាខ្វះជំនាញជួយសង្គ្រោះយុវជនឡើងបង្គោលអង់តែន
2016.12.26
ប្រជាពលរដ្ឋខ្លះបានបង្ហាញទឹកមុខក្រៀមក្រំ ព្រមទាំងរិះគន់អាជ្ញាធរខេត្តសៀមរាប និងសមត្ថកិច្ច ថាពុំមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះយុវជនម្នាក់ដែលឡើងទៅនៅលើបង្គោលអង់តែនកម្ពស់ប្រហែល ៦០ម៉ែត្រ ឲ្យមានសុវត្ថិភាពដែលអាចឲ្យជឿទុកចិត្តបានទេ។
ការរិះគន់នេះ បានកើតឡើងនៅក្រោយពេលដែលយុវជនម្នាក់ មិនដឹងជាមានបញ្ហាអ្វី បានជាឡើងទៅនៅលើបង្គោលអង់តែនទូរស័ព្ទរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រហូតដល់ទៅ ៤យប់ ៥ថ្ងៃ មិនព្រមចុះមកវិញទាល់តែសោះ ហើយសមត្ថកិច្ចមិនមានមធ្យោបាយសង្គ្រោះបាន។
ក្រុមគ្រួសារ និងប៉ូលិស បានរួមគ្នាឡើងទៅលើបង្គោលអង់តែនទូរស័ព្ទកម្ពស់ប្រហែល ៦០ម៉ែត្រ ដើម្បីជួយសង្គ្រោះជីវិតយុវជនម្នាក់យ៉ាងប្រផិតប្រផើយ បន្ទាប់ពីយុវជនរូបនោះបានឡើងទៅស្នាក់នៅលើនោះរយៈពេល ៤យប់ ៥ថ្ងៃ មិនហូបបាយ ទឹក ហើយទីបំផុតសម្រេចចិត្តចងកដើម្បីធ្វើអត្តឃាតមិនបានសម្រេចមក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១១ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ នៅក្នុងបរិវេណមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍របស់ខេត្តសៀមរាប។
ពលរដ្ឋរាប់រយនាក់ដែលឈរសម្លឹងមើលយុវជនម្នាក់នៅលើបង្គោលអង់តែនយ៉ាងខ្ពស់ ដែលសុខចិត្តទ្រាំក្រោមកម្ដៅថ្ងៃ ព្រមទាំងអត់អាហារ និងទឹកផង គឺពួកគេក៏ព្រួយបារម្ភពីអាយុជីវិតរបស់យុវជននោះយ៉ាងខ្លាំង។ ពួកគេរិះគន់អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប ថាពុំមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើមធ្យោបាយជួយសង្គ្រោះពលរដ្ឋម្នាក់នោះឲ្យមានសុវត្ថិភាព ដែលអាចធ្វើឲ្យមានភាពកក់ក្តៅបានទេ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមជាច្រើនរយនាក់ទៀតដែលឈរមើលហេតុការណ៍ គឺលោក សិលា។ លោកមានប្រសាសន៍ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខេត្ត និងសមត្ថកិច្ចខេត្តសៀមរាប ដែលមិនមានចំណាត់ការអ្វីធំដុំដើម្បីជួយសង្គ្រោះយុវជនម្នាក់ ដែលឡើងទៅនៅលើអង់តែនរយៈពេលរហូតដល់ទៅ ៤យប់ ៥ថ្ងៃនោះបាន។ លោក សិលា រិះគន់ថា អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប មិនមានជំនាញគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជីវិតយុវជនម្នាក់នោះឲ្យមានសុវត្ថិភាពត្រឹមត្រូវទេ៖ «ខ្ញុំសំណូមពរទៅក្រសួងមហាផ្ទៃ និងក្រសួងដែលពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបង្ហាត់បង្រៀនប៉ូលិស ប៉េអិម ឲ្យគាត់មានជំនាញ និងវិធីសាស្ត្រជួយអ្នករងគ្រោះ ទោះនៅកម្ពស់ណាក៏ដោយ»។
ចាប់តាំងតែពីថ្ងៃទី២០ ខែធ្នូ យុវជនឈ្មោះ ញ៉ិក វន អាយុ ២៧ឆ្នាំ មុខរបរជាជាងសំណង់ បានឡើងទៅនៅលើបង្គោលអង់តែនទូរស័ព្ទរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ដោយមិនដឹងពីមូលហេតុអ្វី បើទោះបីជាប៉ូលិស ប៉េអិម ព្រមទាំងក្រុមគ្រួសារទៅចរចាឲ្យចុះមកក្រោមវិញ ក៏គាត់មិនព្រម ហើយចេះតែឡើងខ្ពស់ទៅៗដោយមិនហូបបាយ និងទឹកទេ។
អធិការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង មានប្រសាសន៍កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ថា ចាប់តាំងតែពីថ្ងៃទី២០ ខែធ្នូ កម្លាំងប៉ូលិសរបស់លោក បានប្រឹងប្រែងជួយយុវជននោះឲ្យចុះមកដីវិញ ដោយមានទាំងហៅគ្រួសារមកជួបជុំនិយាយចរចាគ្នា មានទាំងដាក់ជណ្ដើរឡើងទៅលើឲ្យក្រុមគ្រួសារ និងសមត្ថកិច្ចឈរចរចាគ្នាជាច្រើនលើក ក៏ប៉ុន្តែយុវជននោះមិនព្រមចុះ ចេះតែឡើងខ្ពស់ទៅៗ។ លោកអធិការបញ្ជាក់ថា ប៉ូលិសបានប្រើវិធីជាច្រើនដើម្បីព្យាយាមជួយសង្គ្រោះយុវជនម្នាក់នោះ ក៏ប៉ុន្តែមិនមានលទ្ធផលទេ៖ «យើងអត់មានមធ្យោបាយសង្គ្រោះយ៉ាងម៉េចបានទេ ពីព្រោះកាលពីនៅទាប អាចនិយាយឆ្លងឆ្លើយគ្នា ឪពុកម្ដាយ បងប្អូន សមត្ថកិច្ចអី ជួយនិយាយអស់ហើយ ឲ្យគាត់ចុះមកក្រោម ប៉ុន្តែគាត់អត់ចុះ»។
បន្ទាប់ពីចរចាឲ្យយុវជនម្នាក់នោះចុះមកក្រោមមិនបានសម្រេច ប៉ូលិសគ្មានមធ្យោបាយអ្វីក្រៅតែពីដាក់កម្លាំងនៅរង់ចាំមើលក្រោមបង្គោលអង់តែន និងបានយកសំណាញ់មួយផ្ទាំងជារង្វង់មូលទៅដាក់នៅចំហៀង ដើម្បីរង់ចាំទ្រ ខ្លាចក្រែងយុវជនម្នាក់នោះលោតចុះមកដោយខ្លួនឯងប៉ុណ្ណោះ។
ចំណែកនៅក្រៅរង្វង់អង់តែនមិនឆ្ងាយប៉ុន្មាន មានតាយាយមួយក្រុមបាននាំគ្នាធ្វើស្លាធម៌ បាយសីពីដើមចេក ដោយមានអុជធូប ទៀន ដើម្បីបន់ស្រន់ ពីព្រោះគេជឿថា យុវជនម្នាក់នោះត្រូវខ្មោចកំបុតកចូល ទើបបណ្ដាលឲ្យឡើងលើអង់តែនខ្ពស់ មិនខ្លាចធ្លាក់ស្លាប់ដូច្នេះ។
មហាជនដែលចោមរោមឈរមើលព្រឹត្តិការណ៍គួរឲ្យរន្ធត់នោះ មានចម្ងល់ជាច្រើនថា តើមូលហេតុអ្វីបានជាយុវជនម្នាក់នោះឡើងទៅនៅលើបង្គោលអង់តែនដ៏ខ្ពស់ ឬមួយក៏មកពីយុវជនម្នាក់នោះវិកលចរិត និងញៀនថ្នាំ? ក៏ប៉ុន្តែមិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់យុវជននោះ បានបដិសេធថា គាត់មានសតិធម្មតា ហើយក៏មិនមែនជាអ្នកញៀនគ្រឿងញៀនទេ។
ជាងសំណង់ម្នាក់ លោក ផាត តឿង មានប្រសាសន៍ថា ឈ្មោះ ញ៉ិក វន ដែលឡើងទៅលើបង្គោលអង់តែននោះ គឺជាមិត្តរួមការងារជាមួយនឹងគាត់ជិត ២ខែមកហើយ។ ញ៉ិក វន មិនដែលប្រើគ្រឿងញៀនទេ ហើយក៏ជាមនុស្សស្លូតបូត និងធ្វើការងារល្អណាស់៖ «ធ្វើការលេងសើចជាមួយគ្នាធម្មតាទេ អត់មានបញ្ហាអ្វីទាំងអស់ ធ្វើការសំណង់នៅម្ដុំវត្តស្វាយដង្គំ»។
ទោះជាយ៉ាងណា បើតាមម្ដាយរបស់យុវជននោះរ៉ាយរ៉ាប់ប្រាប់អាស៊ីសេរី អាចឲ្យមានការសង្ស័យថា គាត់ប្រហែលជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរជុំវិញរឿងស្នេហា ដែលមិនសម្រេចដូចបំណង។
ម្ដាយរបស់យុវជន ញ៉ិក វន គឺអ្នកស្រី ហៃ ណេង ឲ្យដឹងថា កូនប្រុសរបស់គាត់ធ្លាប់ទៅធ្វើការជាមួយគាត់នៅឯប្រទេសថៃ ក៏ប៉ុន្តែមិនដែលប៉ះពាល់គ្រឿងញៀនទេ។ គាត់រំឭកថា ប្រហែលជា ១ឆ្នាំមុន កូនប្រុសរបស់គាត់ធ្លាប់រៃលុយពីគាត់ និងប្អូនៗ ដើម្បីដណ្ដឹងប្រពន្ធនៅឆ្នាំនេះ ក៏ប៉ុន្តែអ្នកស្រីមិនដឹងថា តើកូនរបស់គាត់ស្រឡាញ់ស្រីនៅឯណាទេ៖ «ឆ្នាំទៅពេលចូលឆ្នាំ វានិយាយប្រាប់ប្អូនស្រីៗថា សុំម្នាក់ ១.០០០ដុល្លារមក ដើម្បីបង្គ្រប់យកទៅដណ្ដឹងប្រពន្ធ ហើយប្អូនៗក៏យល់ព្រម ប៉ុន្តែមិនដឹងរឿងនោះខាងស្រីថាយ៉ាងម៉េច?»។
ពិនិត្យលើស្ថានភាពយុវជនដែលឡើងទៅនៅលើអង់តែនខ្ពស់នោះ គឺមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយមិនចង់និយាយស្ដី និងស្ដាប់អ្នកណាទាំងអស់ ហើយនៅថ្ងៃទី៥ នៃការស្នាក់នៅលើអង់តែនរបស់គាត់ គឺគាត់សម្រេចចិត្តហែកអាវធ្វើជាខ្សែចងក ប៉ុនប៉ងអត្តឃាត ក៏ប៉ុន្តែត្រូវមិត្តភ័ក្ដិ និងកម្លាំងប៉ូលិសឡើងទៅជួយសង្គ្រោះបានទាំងរាងកាយសន្លប់ស្ដូកស្ដឹងទៅហើយ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ប៉ែន ផល្គុន មានប្រសាសន៍ថា រហូតដល់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ យុវជនម្នាក់នោះនៅតែស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ ដោយសារតែសុខភាពទន់ខ្សោយខ្លាំង ពីព្រោះអត់ផឹកទឹក អត់អាហារ ព្រមទាំងនៅក្រោមកម្ដៅថ្ងៃខ្លាំងពេក។
គ្រូពេទ្យនិយាយថា រហូតមកដល់រសៀលថ្ងៃអាទិត្យ គឺស្ថានភាពរបស់យុវជននោះអាចបើកភ្នែកបានខ្លះៗ ក៏ប៉ុន្តែមិនទាន់មានការចងចាំអ្វីទេ ប្រហែលមកពីប៉ះពាល់ដល់សរសៃប្រសាទខ្លះ នៅពេលដែលគាត់ចងកប៉ុនប៉ងធ្វើអត្តឃាតនោះ៕