ប្រជាពលរដ្ឋរស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប នៅតែព្រួយបារម្ភពីការចុះរុះរើសំណង់តូចតាចរបស់ពួកគេ ទោះបីជាមានការប្រកាសពីរដ្ឋបាលខេត្តសៀមរាបស្នើសុំផ្អាកកុំឱ្យអាជ្ញាធរអប្សរាចុះរុះរើក្ដី។ សង្គមស៊ីវិល ស្នើសុំឱ្យអាជ្ញាធរអប្សរាត្រូវយកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានសំណង់រឹងរបស់អ្នកមានអំណាចដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រាសាទជាជាង ចុះរុះរើតែសំណង់តូចតាចរបស់ប្រជាជនក្រីក្រ។
ប្រជាពលរដ្ឋភូមិអញ្ចាញ លោកស្រី ឡុង ពៅ ប្រាប់អាស៊ីសេរីឱ្យដឹងថា លោកស្រីនៅតែមានការព្រួយបារម្ភពីអាជ្ញាធរអប្សរាចុះរុះរើសំណង់កូនខ្ទមរបស់លោកស្រី ។ លោកស្រីថា ពេលអាជ្ញាធរអប្សរាចុះរុះរើខ្ទមរបស់លោកស្រីកន្លងមក អាជ្ញាធរបានប្រាប់លោកស្រីថា ត្រូវតែរើសំណង់របស់លោកស្រីចេញឱ្យខាងតែបាន ព្រោះសំណង់កូនខ្ទមនេះជាសំណង់ខុសច្បាប់ដែលអាចប៉ះពាល់ដល់ប្រាសាទអង្គរ៖ «ជាយូរមកហើយ មកដល់អាឡូវវាពិបាកណាស់ ពីព្រោះអីសូម្បីតែអ្នកស្រុក អ្នកភូមិដែលគាត់នៅផ្ទះតូច តូចដូចខ្ញុំសូម្បីតាគាត់ចង់ដាំដើមចេក ឬក៏គាត់ចង់ដាំដើមស្វាយ ឬក៏គាត់ចង់ដាំបន្លែដំណាំទ្រើងននោង ក៏គាត់អត់ឱ្យធ្វើដែរ ព្រោះអាជ្ញាធរអប្សរាដាច់ខាតអត់ឱ្យមាន»។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា អាជ្ញាធរអប្សរានឹងបន្តចុះរុះរើសំណង់ខុសច្បាប់ទាំងអស់ដោយមិនមានការយោគយល់នោះឡើយ។ ទាក់ទងនឹងការស្នើសុំឱ្យផ្អាកបណ្ដោះអាសន្នកុំឱ្យមានការរុះរើសំណង់ពីរដ្ឋបាលខេត្តសៀមរាប លោកបានប្រាប់អាស៊ីសេរីឱ្យដឹងថា ខាងអាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាម មិនទាន់មានកិច្ចប្រជុំណាមួយឡើយ ដោយភាគីទាំងពីររវល់ការងាររៀងខ្លួន។ ជាមួយគ្នានេះ លោកចាត់ទុកសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋកន្លងមកជាអំពើខុសច្បាប់៖ «អ៊ីចឹងអ្វីដែលគាត់ធ្វើនេះ គឺជាសកម្មភាពខុសច្បាប់ ហើយយើងមានតែអំពាវនាវពួកគាត់ងាកមកប្រើប្រាស់យន្តការច្បាប់ អនុវត្តតាមគោលការណ៍ច្បាប់ ហើយចូលរួមចំណែកក្នុងកិច្ចការងារហ្នឹង ជាជាងប្រឈមសកម្មភាពបែបហ្នឹង ពីព្រោះអានេះជាសកម្មភាពផ្ទុយខុសពីច្បាប់ ខុសពីគោលការណ៍នៃការអភិរក្ស ថែរក្សា និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងនាមអង្គរជាបេតិកភណ្ឌពិភពលោក»។
អ្នកភូមិបានលើកគ្នាតវ៉ាជាបន្តបន្ទាប់ប្រឆាំងមិនឱ្យអាជ្ញាធរអប្សរារុះរើសំណង់អ្នកភូមិ២ដងមកហើយ ដោយលើកទីមួយនៅថ្ងៃទី២៧ មិថុនា ដែលកាលនោះពលរដ្ឋជាង៤០០នាក់ បានតវ៉ាផ្អាកមិនឱ្យអាជ្ញាធរអប្សរារុះរើសំណង់២៧កន្លែង។ ក្រោយមករដ្ឋបាលខេត្តសៀមរាប បានធ្វើសំណើសុំផ្អាកជាបណ្ដោះអាសន្ននូវរាល់សកម្មភាពរុះរើសំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់អប្សរា ទៅដល់អាជ្ញាធរអប្សរា។ អ្នកភូមិជាង៣០០នាក់ បានតវ៉ាម្ដងទៀតនៅថ្ងៃទី១៣ កក្កដា ដោយមិនឱ្យអាជ្ញាធរអប្សរារុះរើកូនខ្ទមរបស់លោកស្រី ឡុង ពៅ ដែលជាស្ត្រីមេម៉ាយ មានកូន៤នាក់ក្នុងបន្ទុក។ អ្នកភូមិអញ្ចាញប្រាប់អាស៊ីសេរីឱ្យដឹងថា ពួកគាត់នឹងនៅតែតវ៉ាជាមួយអាជ្ញាធរអប្សរាបើសិនជាពួកគេចុះទៅរុះរើសំណង់របស់អ្នកភូមិទៀត ពួកគាត់អះអាងថា សំណង់ដែលពួកគាត់បានធ្វើ ជាសំណង់តូចតាចប៉ុណ្ណោះ ហើយវាមិនមានផលប៉ះពាល់ដល់ប្រាសាទនោះទេ។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្ស ADHOC ខេត្តសៀមរាប លោក សួស ណារិន លើកឡើងថា អាជ្ញាធរគួរមានការយោគយល់ដល់ការសាងសង់សំណង់តូចតាចរបស់ប្រជាជនក្រីក្រ។ លោកសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគួរយកចិត្តទុកដាក់កុំឱ្យមានការសាងសង់សំណង់រឹង ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរវត្ត ជាជាងចុះរុះរើសំណង់តូចតាច ដែលប្រជាពលរដ្ឋក្រីក្រសាងសង់គ្រាន់ដើម្បីស្នាក់នៅ៖ «ខ្ញុំគិតថាអាហ្នឹង ( ការរុះរើកូនខ្ទមរបស់ពលរដ្ឋ ) វាខុសនឹងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់រដ្ឋធម្មនុញ្ញដែលមានចែងអំពីការរស់រានមានជីវិត ការរស់នៅដែលត្រូវមានជម្រកសមរម្យក្នុងលក្ខណៈជាមនុស្ស»។
ទាក់ទងនឹងបញ្ហានេះ សង្គមស៊ីវិលតែងតែលើកឡើងថា ការចុះរុះរើសំណង់ក្នុងតំបន់អប្សរាធ្វើឡើងដោយមិនស្មើភាពនោះទេ ដោយអ្នកមានលុយ មានអំណាច អាចសាងសង់សំណង់រឹងមាំបាន តែចំពោះប្រជាពលរដ្ឋក្រីក្រតែងតែត្រូវបានអាជ្ញាធរអប្សរាចុះរុះរើយកសំណង់តូចតាចរបស់ពួកគាត់ទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។