ពលរដ្ឋ​នៅ​បឹង​ទន្លេ​សាប​ខេត្ត​បាត់ដំបង ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​ស្បៀង​ជា​បន្ទាន់​ដោះ​ស្រាយ​ជីវភាព

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​រាប់​រយ​គ្រួសារ​ ចាប់​ផ្ដើម​ដាច់​ស្បៀង​បណ្ដើរៗ និង​ទទូច​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​​​ស្បៀង​អាហារ​បន្ទាន់​ជួយ​ដល់​ពួក​គាត់។ អ្នក​ភូមិ​អះអាង​ថា​ ថ្វី​ដ្បិត​ពួក​គាត់​រស់​នៅ​ក្បែរ​បឹង​ទន្លេ​សាប តែ​តំបន់​ពួក​គាត់​រស់នៅ​រីង​ស្ងួត​ហួត​ហែង គ្មាន​ទឹក​​​នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ជា​ច្រើន​ខែ​មក​ហើយ។

ប្រជាពលរដ្ឋ​ម្នាក់មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​រស់​នៅ​ភូមិ​ក្បាល​តោល​ឃុំ​កោះ​ជីវាំង​ ស្រុក​ឯកភ្នំ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៧ ​កក្កដា​ថា ​​ពួកគាត់​នេសាទ​ត្រី​មិន​បាន​ជាង​ខែ​ហើយ​ ដោយសារ​នៅ​បឹង​ទន្លេ​សាប​ឆ្នាំនេះ​ទឹក​រីង​អស់​តាម​មាត់​បឹង​ធ្វើ​ឱ្យ​មិន​មាន​កន្លែង​នេសាទ។ គាត់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ដោយ​អះអាង​ថា អាជ្ញាធរ​ធ្លាប់​គំរាម​មិន​ឱ្យ​បញ្ចេញ​ព័ត៌មាន​ដល់​អាស៊ីសេរី។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ប្រជា​នេសាទ​ខ្លះ​រក​ប្រាក់​ចំណូល​មិន​បាន ៥ពាន់​រៀល ក្នុង​មួយ​ថ្ងៃ មិន​គ្រប់​សម្រាប់​​ចំណាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ ជា​ពិសេស គ្រួសារ​ណា​ដែល​មាន​កុមារ​និង​ជន ចាស់ជរា​​​រស់​នៅ​ច្រើន​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ៖ « អ៊ីចឹង​បាន​ខ្ញុំ​ចង់​និយាយ​ថា​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​គាត់​មាន​សិទ្ធិ​សេរី​ភាព​បាន​នេសាទ​ត្រី​ផង​ ស្រណោះ​ពួកគាត់​ខ្វះខាត។ ថ្ងៃ​មុន​ខ្ញុំ​បាន​យក​សារុង២ ជូន​ចាស់ៗ ថ្វី​បើ​ខ្ញុំ​ក៏​ដាច់​បាយ​ដែរ​ កូន​ផ្ញើ​អង្ករ​មក​ ខ្ញុំ​សុខ​ចិត្ត​ចែក​អង្ករ​ពលរដ្ឋ​ម្នាក់ ១០កំប៉ុង​ នឹក​ឃើញ​ថា​ក្រីក្រ​ដូច​គ្នា ហើយ​ខ្ញុំ​មាន​បាន​រក​អី​អត់​ទេ បាន​កូន​ទៅ​ធ្វើ​ការ​នៅ​ប៉ោយប៉ែត​ បើក​ប្រាក់​ខែ​ឱ្យ​ទិញ​អង្ករ​ផ្ញើ​មក​ឱ្យ​ខ្ញុំ »

អ្នក​ស្រី​បន្ត​ថា ជំនួយ​ដែល​ត្រូវ​ការ​ចាំ​បាច់​នៅ​ពេល​នេះ​ គឺ​អង្ករ​ច្រក​ឆ្នាំ​ និង​សំលៀកបំពាក់ សម្រាប់​មនុស្ស​ចាស់​និង​កុមារ ព្រោះ​ពលរដ្ឋ​ខ្លះ​ស្លៀកពាក់​ខោអាវ​ដាច់​រហែក​សម្រាប់​បិទបាំង​រាងកាយ និង​ដាច់​ស្បៀងអាហារ​បាន​ព្រឹក​ខ្វះ​ល្ងាច។

អនុប្រធាន​ភូមិ​ក្បាល​តោល​ លោក ឡេង ខេង ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​ដែល​ខ្វះ​ខាត​ខ្លាំង​ មាន​ប្រមាណ​ ៧០​គ្រួសារ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៨០០​គ្រួសារ​ ដោយសារ​​ឆ្នាំ​នេះ​រាំងស្ងួត​​គ្មាន​កន្លែង​នេសាទ​ ព្រោះ​ពួកគាត់​គ្មាន​របរ​ផ្សេង​ក្រៅ​អំពី​របរ​នេសាទ​ត្រី​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​​ថា ប្រហែល ២ថ្ងៃ​កន្លង​ទៅ​ លោក​មេឃុំ​កោះ​ជីវាំង បាន​ឱ្យ​មេ​ភូមិ​ក្បាល​តោល​ស្រង់​ឈ្មោះ​ពលរដ្ឋ​បាន​ចំនួន​ ២០​គ្រួសារ ​រួច​ហើយ​ផ្ញើ​ឈ្មោះ​ទៅ​ឱ្យ​ថ្នាក់​លើ​ស្នើ​សុំ​ស្បៀង​ជួយ​​ដល់​ពួក​គាត់​ ប៉ុន្តែ​ស្បៀង​មិន​ទាន់​បញ្ជូន​ទៅ​ដល់​មូលដ្ឋាន​នៅ​ឡើយ​ទេ៖ « បាទ​ !​ ខ្លះ​កាប់​ស្មៅ​យក​ទៅ​ដាក់​បឹង​ទន្លេសាប​ ដើម្បី​ដង​យក​កំពឹស​តូចៗ យក​ទៅ​លក់​ទៅ​ បាន​ប្រាក់​មួយ​ថ្ងៃ​មួយ​ម៉ឺន​រៀល និង​ជាង​មួយ​ម៉ឺន​អ៊ីចឹង​ ហើយ​អ្នក​ខ្លះ​មាន​កាណូត​ហើយ​មិន​ហ៊ាន​បើក​ទៀត​ អត់​លុយ​ទិញ​សាំង សន្សំ​សំចៃ​សាំង​សុខ​ចិត្ត​ដោល​ទូក​ទៅ​ដង​កំពឹស​នៅ​ទន្លេសាប បាន​លុយ​មក​សន្សំ​ទិញ​អង្ករ​ទិញ​អី​ហូប​ទៅ។ ដូច​ខ្ញុំ​ថា​អ៊ីចឹង បើ​ឱ្យ​ដាច់​បាយ​តែ​ម្ដង​វា​គ្មាន​ទេ វា​គ្រាន់​តែ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក​អ៊ីចឹង​ទេ »

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ខេត្ត​បាត់ដំបង​លោក​ ងួន រតនៈ​ ប្រាប់​អាស៊ី​សេរី​ថា ​អាជ្ញាធរ​​ថ្នាក់​ជាតិ​បាន​​ត្រៀម​ស្បៀង​អាហារ​ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​ ១០០​គ្រួសារ​នៅ​ឃុំ​កោះ​ជីវាំង​ទាំង​នោះ​ហើយ។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា ស្បៀង​អាហារ​ទាំង​នេះ​ជួយ​រយៈ​ពេល​ខ្លី​ អំឡុង​ពេល​ពលរដ្ឋ​បាត់បង់​ប្រាក់​ចំណូល​ពី​របរ​នេសាទ​តែ​ប៉ុណ្ណោះ៖ « ជួយ​សម្រាល​បន្ទុក​គាត់​ក្នុង​រដូវ​នេះ​ដែល​គាត់​នេសាទ​មិន​សូវ​បាន រឿង​នេះ​វិធីសាស្ត្រ​មាន​តែ​ផ្ដល់​ស្បៀង​នឹង​ឯង​ ក្នុង​វិធីសាស្ត្រ​វា​ទាល់​តែ​រៀបចំ​ឱ្យ​គាត់​រក​លំនៅឋាន​អី​ឱ្យ​សមរម្យ បើ​គាត់​នៅ​អីចឹង​ធ្វើ​ម៉េច​បាន។ ជូន​កាល​អ្នក​ខ្លះ​គាត់​មាន​ដី​នៅ​ខាង​លើ​ណេះ​ដល់​រដូវ​នេសាទ​គាត់​ទៅ​វិញ ដល់​ពេល​ទឹក​លិច​គាត់​ទៅ​លើ ជូន​កាល​ក៏​មាន​បែប​នេះ​ខ្លះ​ដែរ មិន​មែន​ខាំ​ស្មៅ​នៅ​ទី​នោះ​ទាំង​អស់​ទេ បើ​តាម​យើង​ក្ដាប់​បាន »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើក​ឡើង​ថា ​ជំនួយ​ស្បៀង​អាហារ​នេះ​​គ្រាន់​តែ​ជា​ការ​ដោះ​ស្រាយ​​រយៈ​ពេល​ខ្លី​​​ប៉ុណ្ណោះ​ ដោយ​មិន​អាច​​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​ទាំង​នោះ​ប្រសើរ​ឡើង​នោះ​ទេ។លោក​បន្ថែម​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​យូរ​អង្វែង​ អាជ្ញាធរ​ត្រូវ​រក​ដី​​ចែក​ពួក​គាត់​ដាំដុះ​​ ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម​នៅ​ពេល​ពួក​គាត់​បាត់បង់​របរ​នេសាទ។ បន្ថែម​ពី​នេះ​លោក​សង្កាត់​ធ្ងន់​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែរ​ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ទៅ​មុន​ទៀត​នោះ​ទេ ព្រោះ​ការ​ដាច់​ស្បៀង​​ជា​រឿង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ៖ « ខ្ញុំ​គិត​ថា​បញ្ហា​អ្វី​ក៏​ដោយ​មាន​មធ្យោបាយ​ដោះ​ស្រាយ​ សំខាន់​បញ្ហា​ទាំង​អស់​នោះ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ទេ​ ឬ​បញ្ហា​ទាំង​អស់​នោះ​អាជ្ញាធរ​បាន​រាយការណ៍​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​បាន​ដឹង​ទេ​ ឬ​ក៏​បញ្ហា​ទាំង​អស់​នោះ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បិត​បាំង​មិន​ឱ្យ​ថ្នាក់​លើ​ដឹង ដើម្បី​កុំ​ឱ្យ​មាន​ការ​ស្ដី​បន្ទោស​ឬ​ប្រឈម​បញ្ហា​ផ្សេងៗ។ អ៊ីចឹង​ខ្ញុំ​គិត​បញ្ហា​នេះ​ត្រូវ​តែ​រាយការណ៍​ជា​បន្ទាន់​តាម​ឋានានុក្រម​ពី​ក្រោម​ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ពលរដ្ឋ »

​តំបន់​បឹង​ទន្លេសាប​នៅ​ស្រុក​ឯកភ្នំ ​មាន​ប្រជាពលរដ្ឋ​ពីរ​ឃុំ​រស់​នៅ គឺ​ឃុំ​ព្រៃ​ចាស់​ និង​ឃុំ​កោះជីវាំង​ ​ដែល​មាន​ចំនួន​រាប់​ពាន់​គ្រួសារ។ ​ពលរដ្ឋ​រស់​នៅ​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​លើ​របរ​​នេសាទ​ ដោយ​មិន​មាន​ដី​ស្រែ​សម្រាប់​ដាំដុះ​ និង​ប្រកប​​មុខ​របរ​ផ្សេង ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ដទៃ​នោះ​ទេ។​អនុប្រធាន​ភូមិ​ក្បាល​តោល​ លោក ឡេង ខេង​ ឱ្យ​ដឹង​ថា ក្នុង​ចំណោះ​នោះ​មាន​ពលរដ្ឋ​នៅ​ឃុំ​កោះ​ជីវាំង ប្រមាណ ៧០០​គ្រួសារ​ហើយ ដែល​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ខ្វះខាត​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ។ លោក យិន ម៉េង​លី កត់​សម្គាល់​ថា ពលរដ្ឋ​រក​ប្រាក់​ចំណូល​មិន​បាន បណ្ដាល​មក​ពី​​អាជ្ញាធរ​ពាក់ព័ន្ធ​​ចេះ​តែ​បណ្ដោយ​ជនល្មើស​លួច​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ជា​រៀងរាល់​ឆ្នាំ និង​បញ្ហា​ភ្លើង​ឆេះ​ព្រៃលិចទឹក​ ដែល​បណ្ដាល​ឱ្យ​បាត់បង់​ដល់​ជម្រក​ត្រី​ពង​នៅ​តំបន់​បឹងទន្លេសាប។ លោក​បន្ថែម​ថា​ បញ្ហា​នេះ​អាច​នឹង​​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​ពលរដ្ឋ​កាន់​តែ​ខ្លាំង​​ ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ឆាប់​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។