សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ជន​មិន​ស្គាល់​មុខ​កាប់​ជើង​ស្ត្រី​ការពារ​ព្រៃ​ឡង់​ម្នាក់

ដោយ ម៉ែន សុធីរ
2016.03.30
កញ្ញា ផន សុភ័ក្រ្ភ ២០១៦ ៨៥៥ សកម្មជន​ការពារ​ព្រៃ​ឡង់ កញ្ញា ផន សុភ័ក្រ្ភ រង​របួស​ជើង​ខាង​ឆ្វេង ដោយសារ​ជន​មិន​ស្គាល់​មុខ​លប​កាប់​នឹង​ពូថៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ត្រង់​ប្រអប់​ជើង​ខាង​ឆ្វេង និង​ក្រោម​ជង្គង់ ពេល​នាង​កំពុង​សម្រាក​ក្នុង​ព្រៃ​ដើម្បី​ល្បាត​ព្រៃ​ឡង់ កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ រូបភាព​ដោយ​យុវជន​ការពារ​ព្រៃ​ឡង់
រូបភាព​ដោយ​យុវជន​ការពារ​ព្រៃ​ឡង់

អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ ស៊ើប​អង្កេត​បន្ទាន់​ករណី​ជន​មិន​ស្គាល់​មុខ​លួច​កាប់​យុវជន​ការពារ​ព្រៃ​ឡង់​ម្នាក់​រង​របួស​ធ្ងន់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​ក្នុង​ចំណោម ៦១​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ឡង់ និង​បាន​បោះ​តង់​សម្រាក​ក្នុង​ព្រៃ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លប​កាប់​នឹង​ពូថៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ត្រង់​ប្រអប់​ជើង​ខាង​ឆ្វេង និង​ក្រោម​ជង្គង់។

យុវជន​ការពារ​ព្រៃ​ឡង់ ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​ស្ត្រី​ម្នាក់​ជា​យុវជន​ការពារ​ព្រៃ​ឡង់ មិន​ទាន់​ធូរ​ស្រាល​ទេ បន្ទាប់​ពី​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ក្រុង​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៧ មីនា។

ទន្ទឹម​នឹង​នេះ ពួក​គេ​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើប​អង្កេត​បន្ទាន់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដែល​នៅ​សេសសល់​ចុង​ក្រោយ កំពុង​រង​ការ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ។

តំណាង​យុវជន​ការពារ​ព្រៃ​ឡង់ លោក ឯក វណ្ណា រៀបរាប់​ថា យុវជន​ការពារ​ព្រៃ​ឡង់​ជា​ជនជាតិ​ខ្មែរ គឺ​កញ្ញា ផន សុភ័ក្ភ្រ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​នឹង​ពូថៅ​ត្រង់​ជើង​ខាង​ឆ្វេង នៅ​ពាក់​កណ្ដាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៦ ឈាន​ចូល​ថ្ងៃ​ទី​២៧ មីនា ខណៈ​ពួក​គេ​កំពុង​សម្រាក​ក្នុង​អង្រឹង​ត្រង់​ចំណុច​អូរ​តា​ជើល នៃ​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ។

លោក​ចាត់​ទុក​ថា ករណី​នេះ​ជា​ចេតនា​គំរាម​កំហែង​បំបាក់​ស្មារតី​យុវជន​ការពារ​ព្រៃ​ឈើ​ពី​ក្រុម​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ បន្ទាប់​ពី​ពួក​គាត់​បាន​ចាប់​ម៉ាស៊ីន​អារ​ឈើ ១៤​គ្រឿង និង​សម្ភារៈ​កាប់​ឈើ​មួយ​ចំនួន​ទៀត ព្រម​ទាំង​ឃាត់​ខ្លួន​ជន​សង្ស័យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ។ ពួក​គេ​ប្ដេជ្ញា​ថា នឹង​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​គោលដៅ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​ជា​សរសៃ​ឈាម​សត្វ​កម្រ​មួយ​ចំនួន​រស់នៅ​ទីនោះ និង​ជា​ប្រភព​ចំណូល​ជនជាតិ​ដើម​ភាគ​តិច បើ​ទោះ​បី​ជា​សមាជិក​ពួក​គេ​រង​របួស​ក្តី៖ «ពិភាក្សា​គ្នា​ថា​ត្រូវ​យក​គាត់​មក​ពេទ្យ​ដោយសារ​ខ្លាច​ជន​ល្មើស​គាត់​ស្ទាក់ មាន​ស្ថានភាព​ងងឹត ហើយ​យប់​ជ្រៅ យើង​រង់ចាំ​រហូត​ដល់​ម៉ោង ៥​ភ្លឺ បាន​នាំ​គាត់​ចេញ​មក​មន្ទីរពេទ្យ។ មុខ​របួស​វា​ធំ​ពេក​កាប់​ដល់​ឆ្អឹង​តែ​ម្តង»

លោក វណ្ណា បារម្ភ​ថា បច្ចុប្បន្ន ស្ថានភាព​ព្រៃ​ឡង់​កំពុង​រង​ការ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ ហាក់​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ពី​អាជ្ញាធរ​ជំនាញ និង​សមត្ថកិច្ច​រដ្ឋាភិបាល​ទេ។ លោក​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​មិន​អភិរក្ស​ព្រៃ​ឡង់​ឲ្យ​ទាន់​ពេល​ទេ វាសនា​ព្រៃ​ឈើ​ដ៏​ធំ​របស់​កម្ពុជា សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​នឹង​វិនាស​នៅ​ពេល​ខ្លី​ខាង​មុខ៖ «ខ្ញុំ​អង្កេត​មើល​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឡង់ វា​ទ្វេ​ដង​តែ​ម្តង បទល្មើស​ទើប​តែ​ចូល​ទៅ​តែ​ម្តង។ ខ្ញុំ​ស្ដាយ​មែន​ទែន​ដើម​ឈើ​ធំៗ ពិសេស​តែ​ម្តង»

យុវជន​ការពារ​ព្រៃ​ឡង់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​ក្រចេះ កញ្ញា ផន សុភ័ក្ភ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ជន​មិន​ស្គាល់​មុខ​បាន​លប​កាប់​នាង​នឹង​ពូថៅ ខណៈ​នាង​កំពុង​គេង​លើ​អង្រឹង​ក្បែរ​ម៉ូតូ ហើយ​ម៉ូតូ​បាន​ដួល​លើ​នាង។ កញ្ញា​បន្ត​ថា ជន​មិន​ស្គាល់​មុខ​ទំនង​កាប់​នាង​តម្រង់​រក​ក្បាល ប៉ុនប៉ង​ធ្វើ​ឃាត​នាង តែ​សំណាង​យប់​ងងឹត ដែល​គេ​មើល​មិន​ឃើញ ក៏​កាប់​ត្រូវ​ចំ​ជើង​ឆ្វេង​វិញ៖ «ខ្ញុំ​អត់​ចាប់​អារម្មណ៍​ថា​គេ​កាប់​ទេ។ ខ្ញុំ​ដឹង​ថា​ដួល​ម៉ូតូ ខ្ញុំ​លើក​ជើង​មក​មើល​មុត​ជ្រៅ ព្រោះ​វា​ងងឹត។ អ្នក​នៅ​ជិត​ហ្នឹង​ផ្អើល​គាត់​យក​ភ្លើង​មក​បញ្ចាំង​ទៅ ខ្ញុំ​ក្រឡេក​មួយ​ភ្លែត​មុត​ជ្រៅ​ម៉ង»

ឆ្លើយ​តប​រឿង​នេះ អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក ប៊ុន ឈៀន បញ្ជាក់​ថា សមត្ថកិច្ច​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ទេ តែ​លោក​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត។ លោក​ថា លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​តំបន់​នោះ កាល​ពី​ថ្ងៃ​ទី​២៧ មីនា តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​ឡើយ។

ដោយឡែក​អភិបាល​ស្រុក​សំបូរ លោក សូម សារិត ឲ្យ​ដឹង​ថា លោក​ក៏​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ដែរ តែ​លោក​នឹង​អន្តរាគមន៍​នៅ​ពេល​ទទួល​ព័ត៌មាន​នេះ៖ «ត្រូវ​តែ​ស្រាវជ្រាវ​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​ហើយ»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា សកម្មជន​ការពារ​ព្រៃ​ឈើ​ពុំ​ទាន់​ត្រូវ​បាន​ការពារ​សុវត្ថិភាព​ពេញលេញ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​រង​ការ​គំរាម​កំហែង ប្រើ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​ទៅ​វិញ។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រឹងប្រែង​វែក​មុខ​ជន​ល្មើស​ជា​បន្ទាន់ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ចាត់​ទុក​ករណី​នេះ ជា​បំណង​ធ្វើ​ឃាត​ដោយ​ចេតនា និង​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «លោក​គួរ​តែ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ស៊ើប​អង្កេត​ជា​បន្ទាន់ រហូត​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​វិធានការ​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ គាត់​ចាត់​ទុក​ថា អ្នក​ណា​ងាប់​ក៏​ងាប់​ទៅ ធ្វើ​ម៉េច​គាត់​យក​ចិត្ត​ទុក​ដាក់​ការពារ​ក្រុម​ឈ្មួញ​ឧកញ៉ា​ទាំង​នោះ»

បន្ថែម​លើ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​មិន​ចង់​ឲ្យ​វាសនា​អ្នក​ការពារ​ព្រៃ​ឡង់ ដូច​អតីត​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដូច លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ឡើយ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មិន​សង្ឃឹម​សោះ​ឡើយ​នូវ​ពន្លឺ​យុត្តិធម៌​សម្រាប់​យុវជន​ការពារ​ព្រៃ​ឡង់ ដោយសារ​លោក​មិន​ទុក​ចិត្ត​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ តែ​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​សុវត្ថិភាព​ដល់​សកម្មជន​ការពារ​ព្រៃ​ឈើ និង​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​យុវជន​ការពារ​ព្រៃ​ឡង់ ដែល​កំពុង​មាន​របួស៖ «អាជ្ញាធរ​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​កំណត់​ជន​សង្ស័យ​ទេ។ យើង​ឃើញ​ថា សង្គម​យើង​ពោរពេញ​ដោយ​អសុវត្ថិភាព ដោយសារ​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​ប្រតិបត្តិ​ច្បាប់​ឲ្យ​តឹងរ៉ឹង»

យុវជន​ការពារ​ព្រៃ​ឡង់ ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ​ពង្រឹង​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ដោយ​ដក​ហូត​សម្ភារៈ​អារ​ឈើ​ខុស​ច្បាប់ និង​ទីតាំង​ធ្វើ​អាជីវកម្ម​នៅ​ជុំវិញ​ព្រៃ​ឡង់ ព្រម​ទាំង​កាត់​ទោស​តាម​ច្បាប់​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី និង​ឈ្មួញ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​រក​ស៊ី​ឈើ​ខុស​ច្បាប់។ ពួក​គេ​ចាត់​ទុក​ព្រៃ​ឡង់​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​រាប់​សែន​នាក់ ដែល​កំពុង​ទទួល​ផល​នៅ​តំបន់​នោះ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​ជីវភាព​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ ដូចជា ដង​ជ័រ​ទឹក បោច​វល្លិ រក​ឃ្មុំ និង​បេះ​បន្លែ​ផ្លែ​ឈើ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។