អ្នកឃ្លាំមើល​ថា ការ​តាមដាន​ការដ្ឋាន​សំណង់​មាន​ប្រសិទ្ធភាព ទើប​បញ្ចៀស​គ្រោះថ្នាក់​បាន

ដោយ ទីន ហ្សាការីយ៉ា
2020.01.05
​ស្នាម​ប្រេះ អគារ​ ៩​ជាន់ សីហនុ រុះរើ ៦២២ ​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។
រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ក្រុម​អ្នកឃ្លាំមើល​វិស័យ​សំណង់ និង​កម្មករ​សំណង់ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ចុះ​ធ្វើ​អធិការកិច្ច​តាម​ការដ្ឋាន​សំណង់ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ពី​ការ​បាក់​រលំ​អគារ​បន្ត​ទៀត​។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី សង្ឃឹមថា នឹង​អាច​កាត់បន្ថយ ឬ​លែង​មាន​ករណី​បាក់​រលំ​អគារ​បន្ត​ទៀត ក្រោយ​ច្បាប់​សំណង់​ចេញ​ជា​ធរមាន។

អ្នក​ជំនាញ​វិស័យ​សំណង់ សង្កេត​ឃើញ​ថា ការ​ដ្ឋាន និង​សំណង់​អគារ​ច្រើន​ទៀត សុទ្ធតែ​សាងសង់​មិន​ស្របតាម​បច្ចេកទេស ដែល​អាច​នឹង​បង្ក​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។ ការដ្ឋាន​មិន​ស្របតាម​បច្ចេកទេស​សំណង់​ទាំងនោះ មាន​ពាសពេញ​ប្រទេស​កម្ពុជា។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន សង្កេត​ឃើញ​ថា មូលហេតុ​បណ្ដាល​ឱ្យ​អគារ​ការដ្ឋាន​សំណង់ និង​អគារ​សាងសង់​ខុស​បច្ចេកទេស​កន្លងមក ដួល​បាក់​រលំ​សង្កត់​លើ​កម្មករ ដោយសារតែ​បញ្ហា​បច្ចេកទេស​។ លោក​ក៏​សង្កេតឃើញ​ថា មាន​ក្រុមការងារ​អធិការកិច្ច​ផ្នែក​សំណង់​របស់​ក្រសួង​ការងារ ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ខ្លះ នា​ពេល​កន្លងមក​ដែរ តែ​បញ្ហា​បាក់​រលំ​អគារ​នៅ​បន្ត​កើតមាន ដោយសារ​ការ​ចុះ​ត្រួតពិនិត្យ​នោះ ធ្វើឡើង​មិនបាន​ជាប្រចាំ និង​គ្មាន​ប្រសិទ្ធភាព៖ «ទាក់ទង​នឹង​ការពិនិត្យ​ពី​អាជ្ញាធរ​រដ្ឋ​ហ្នឹង​ណា ទី​១​ពាក់ព័ន្ធ​នឹង​អធិការកិច្ច​ការងារ​។ ទី​២ ពាក់ព័ន្ធ​នឹង​អធិការកិច្ច​ដែរ តែ​គុណភាព​សំណង់​។ ក្រសួង ដែល​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង គួរតែ​រក​យន្តការ​ណា ដើម្បី​អធិការកិច្ច​ទាំង​លក្ខខណ្ឌ​ការងារ ទាំង​ត្រួតពិនិត្យ​គុណភាព​សំណង់ ឱ្យ​វា​មាន​ស្តង់ដារ​ទាំងអស់​គ្នា​។ ខ្ញុំ​គិត​ថា ទៅ​មុខ​ទៀត គឺ​ជៀស​ផុត​ពី​គ្រោះថ្នាក់​ការងារ​នៅ​ក្នុង​វិស័យ​ហ្នឹង​ហើយ»

ហេតុការណ៍​បាក់​រលំ​អគារ កំពុង​សាងសង់ បាន​កើត​ឡើង ៣​ដង រយៈពេល ៧​ខែ​ចុង​ក្រោយនេះ​។ ក្រោយ​មាន​ព្រឹត្តិការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ កោសល្យវិច័យ សំណង់​អគារ​ជាថ្មី​ម្ដងទៀត ខណៈ​លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា មាន​ការដ្ឋាន​សំណង់​ខុសច្បាប់​ច្រើន។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ថ្លែង​ថា នេះ​ជា​ភាព​ខ្សោយ ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​អធិការកិច្ច គឺជា​បញ្ហា​សំខាន់ និង​ជា​គន្លឹះ​សម្រាប់​ការ​អនុវត្ត​ច្បាប់។ លោក ឃុន ថារ៉ូ ថា វិធានការ​នេះ ត្រូវ​ធ្វើ​ជាប្រចាំ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​។​

លោក ឃុន ថារ៉ូ ថា ការ​អនុវត្ត​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​ធានា​ដល់​អាយុជីវិត​មនុស្ស នៅ​តាម​ការដ្ឋាន​សំណង់ ត្រូវតែ​ធានា​ប្រសិទ្ធភាព ទើប​អាច​ទប់ស្កាត់​ហានិភ័យ​បាន​។ លោក​បន្ត​ថា ការ​យក​ទីតាំង​ការដ្ឋាន​សំណង់ ដែល​កំពុង​សាងសង់​ធ្វើជា​កន្លែង​ស្នាក់នៅ​ផង និង​សាងសង់​ផង គឺជា​ហានិភ័យ​ខ្ពស់​បំផុត​ដល់​អាយុជីវិត​មនុស្ស​។ អ្នកទទួលខុសត្រូវ​សាងសង់ និង​ម្ចាស់​សំណង​មិន​ត្រូវ​ឱ្យ​រួចផុត​ពី​បទ​ព្រហ្មទណ្ឌ ដោយ​គ្រាន់តែ​ចេញ​សំណង​ដល់​ជនរងគ្រោះ​ទេ។ សង្គម​ស៊ីវិល​ផ្ដល់​យោបល់​ថា ការអនុវត្ត​ច្បាប់ គឺជា​កត្តា​ចម្បង ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង និង​ប្រសិទ្ធភាព។ហេតុការណ៍​បាក់​រលំ អគារ កើតមាន​ហូរហែ​មក​ច្រើន​លើក​ច្រើនសា​ហើយ មិនមែន​ទើបតែ​ពីរ បី ករណី​នេះ​ទេ។ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ មាន​ករណី​បាក់​ពិតាន នៅ​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes ខេត្ត​កំពង់ស្ពឺ សម្លាប់​កម្មការិនី អាយុ ១៥​ឆ្នាំ​ម្នាក់ និង​កម្មករ​អាយុ ២៤​ឆ្នាំ ម្នាក់​។ ក្នុង​ខែ​មេសា ឆ្នាំ​២០១៦ មាន​ករណី​បាក់​រលំ​ស្ពាន នៅ​ក្នុង​រោងចក្រ ឈ្មោះ Top World Garment បណ្ដាល​ឱ្យ​កម្មករ​រង​របួស​ច្រើន​នាក់។ នៅ​ពាក់កណ្ដាល ឆ្នាំ ២០១៨ ករណី​បាក់​ប្លង់​សេ (​ធ្នឹម​) ជាន់​ទី ២៣ នៃ​ខុន​ដូ មេគង្គ វ្យូ ស៊ី​ក (Mekong View) នៅ​សង្កាត់​ជ្រោយចង្វា បណ្ដាល​ឱ្យ​មនុស្ស ហោច​ណាស់ ៥​នាក់​រង​របួស និង​ស្លាប់ ២​នាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​តាម​សន្និសីទកាសែត ក្រោយ​បញ្ចប់​ការ​ជួយ​សង្គ្រោះ​កម្មករ​បាក់​អគារ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី​៥ មករា ដោយ​សង្ឃឹមថា គ្រោះថ្នាក់​បាក់​អគារ នឹង​ត្រូវ​កាត់បន្ថយ ឬ លុបបំបាត់ ក្រោយពេល​ច្បាប់​សំណង់​ត្រូវ​បាន​អនុវត្ត​។ លោក ហ៊ុន សែន ពន្យល់​ថា ច្បាប់​សំណង់ តម្រូវ​ឱ្យ​ក្រុមហ៊ុន​សំណង់​ផ្សេងទៀត ជា​អ្នកធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​លើ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​។ ដូច្នេះ ក្រុមហ៊ុន​ដែល​ធ្វើ​អធិការកិច្ច នឹង​អាច​បញ្ចៀស​ហានិភ័យ នៃ​សំណង់ ឬ​ជួយ​ម្ចាស់​គម្រោង​កុំ​ឱ្យ​ចាញ់បោក​ក្រុមហ៊ុន​ម៉ៅការ៖ «សង្ឃឹម​នៅ​ពេល​ខាងមុខ បន្ទាប់ពី​ច្បាប់​សំណង់ ត្រូវ​បាន​អនុវត្ត​ពេញលេញ ខ្ញុំ​គិត​ថា ឧបទ្ទវហេតុ​បែបនេះ​នឹង​ត្រូវ​បាន​កាត់បន្ថយ ឬ​ឈាន​ទៅ​លុបបំបាត់ ដោយសារតែ មុន​នេះ យើង​មិនទាន់​មាន​ច្បាប់​សំណង់​ទេ។ ច្បាប់​សំណង់​ទើប​ត្រូវ​បាន​អនុម័ត​ប្រមាណ​ជា ១​ខែ ឬ​២​ខែ​។ អ៊ីចឹង ទើបតែ​ត្រូវ​បាន​អនុវត្ត​បាន​២​ខែ ច្បាប់​សំណង​របស់​យើង​មិនទាន់​បាន​អនុវត្ត​ពេញលេញ​ទេ ដែល​តម្រូវ​ឧទាហរណ៍​សំណង់​មួយ​អ៊ីចឹង តម្រូវ​ឱ្យ​ជួល​ក្រុមហ៊ុន​មួយ​ផ្សេងទៀត មក​ត្រួតពិនិត្យ​គុណភាព​សំណង់»

ពលករ​ខ្មែរ​ផ្នែក​សំណង់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់ លោក ឆៃ វុទ្ធី និយាយ​ថា លោក​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ ជាង ៧​ឆ្នាំ​ហើយ មិនដែល​ឮ​ព័ត៌មាន​បាក់​អគារ​សង្កត់​ស្លាប់​កម្មករ​ច្រើន ដូច​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​ទេ​។ លោក​ថា ក្រុមអធិការកិច្ច​ជំនាញ​របស់​រដ្ឋ នៃ​ប្រទេស​ថៃ ចុះ​មើល​ការដ្ឋាន​សំណង់​មិនដែល​ខកខាន​ទេ គឺ​មុន​ពេល​ចាក់​បេតុង ឬ​ចាក់​ស៊ីម៉ងត៍ ក្រុម​អ្នក​ជំនាញ​បាន​ត្រួត​ពិនិត្យ​មើល​ដែក បច្ចេកទេស ត្រឹមត្រូវ​តាម​ដំណាក់កាល​ប្លង់ ទើប​អនុញ្ញាត​ឱ្យ​ចាក់។ លោក​ថា បន្ទាប់មក នៅ​ពេល​ការដ្ឋាន​សំណង់​សាងសង់​បាន​កម្ពស់​៣ ឬ​៥​ជាន់​ម្ដង មន្ត្រី​ជំនាញ តែងតែ​យក​ឧបករណ៍​មក​វាស់​កម្រិត​ស្រុត ឬ​កម្រិត​ហានិភ័យ​នៃ​អគារ មុននឹង​អនុញ្ញាត​ឱ្យ​ម្ចាស់​គម្រោង​សង់​ឡើង​បន្ត៖ «ឧទាហរណ៍ ថា គេ​ធ្វើ​២០​ជាន់​អ៊ីចឹង វា​ឡើង​បាន​ពាក់កណ្ដាល ១០​ជាន់ ឬក៏​១០​ជាន់​ជាង​អ៊ីចឹង វា​មាន​ប្រដាប់​មក​ត្រួត មាន​កុំព្យូទ័រ​អ៊ីចឹង​។ ខ្ញុំ​សួរ​គេ​ថា អាហ្នឹង​ដាក់​ធ្វើ​អ្វី​បង​? គេ​ថា ដាក់​ត្រួត​សំឡេង​វា​ស្រុត​។ បើ​និយាយ​ទៅ អត់​ត្រូវ​មាត្រដ្ឋាន​របស់​វា គេ​អត់​យក​ទេ​បង ធ្វើ​អ្វី​ក៏ដោយ​។ ថៃ គេ​ហៅ បែប ​ខ្មែរគេ​ហៅ​ ប្លង់​។ អ៊ីចឹង យើង​ធ្វើ​អ្វី ធ្វើតាម​ប្លង់​វា​ហ្នឹង​។ ប្លង់​វា​ឱ្យ​កាច់​ប៉ុន្មាន ដាក់​ដែក​ប៉ុន្មាន ដាក់​ស៊ីម៉ងត៍​ប៉ុន្មានៗ យើង​ដាក់​តាម​ហ្នឹង​ទៅ​។ មុននឹង​យើង​ចាក់​ស៊ីម៉ងត៍ គេ​មក​ត្រួត​យើង​សិន ថា ដាក់​ដែក​ត្រឹមត្រូវ​តាម​គេ ឬ​នៅ ដាក់​បង្គំ ពុម្ព ត្រឹមត្រូវ​តាម​គេ​នៅ ទើប​គេ​ឱ្យ​ចាក់​ស៊ីម៉ងត៍»

ពលករ​សំណង់​នៅ​ស្រុក​ថៃ​រូប​នេះ បន្ត​ទៀត​ថា ក្រុម​អធិការកិច្ច មន្ត្រី​ជំនាញ​របស់​ថៃ និង​ម្ចាស់​គម្រោង គិតគូរ​ច្បាប់ គុណភាព និង​សុវត្ថិភាព​កម្មករ ដោយ​តម្រូវ​ជា​ចាំបាច់ ឱ្យ​ពាក់​ស្រោមដៃ ស្បែកជើង និង​ឯកសណ្ឋាន​សំណង់​រាល់ពេល​ធ្វើការ បើ​ពុំ​ដូច្នេះ​ទេ នឹង​រង​ពិន័យ​។ នៅ​ពេល​យប់ គេ​បាន​រក​កន្លែង​ឱ្យ​កម្មករ​សម្រាក​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាត​ឱ្យ​ដេក​នៅ​ក្នុង​ការដ្ឋាន​សំណង់​ឡើយ ព្រោះ​បង្ការ​ហានិភ័យ​ទាំងឡាយ ដែល​អាច​កើតមាន​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។