ក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារចិនមួយនៅលើកោះរ៉ុងសន្លឹម រងការរិះគន់ថា កំពុងបំពុលបរិស្ថានឆ្នេរ
2019.02.23

ឆ្នេរកោះរ៉ុងសន្លឹមដែលល្បីល្បាញថា ជាឆ្នេរមានសម្រស់ស្រស់ត្រកាលដូចឋានសួគ៌ បច្ចុប្បន្នកំពុងប្រឈមនឹងការបំពុលបរិស្ថាន។ ក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារចិនមួយ ដែលទើបចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននៅលើកោះនេះ ត្រូវបានគេប្រទះឃើញ បង្ហូរទឹកកខ្វក់ដោយផ្ទាល់ចូលក្នុងសមុទ្រជាប្រចាំ។ សកម្មជនបរិស្ថាន និងម្ចាស់អាជីវកម្មនៅលើកោះនេះ កំពុងព្រួយបារម្ភថា បរិស្ថាននៅលើកោះរ៉ុងសន្លឹមនឹងត្រូវបានបំផ្លាញ ប្រសិនបើអាជ្ញាធរមិនចាត់វិធានការលើក្រុមហ៊ុននោះឲ្យបានទាន់ពេលវេលាទេ។
ទឹកលូមានក្លិនស្អុយ គួបផ្សំនឹងសំរាម និងកាកសំណល់ខ្លះផង កំពុងត្រូវបានបង្ហូរចេញដោយផ្ទាល់ពីទីតាំងមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង (Jin Ding) ដែលស្ថិតនៅខាងចុងឆ្នេរភាគខាងត្បូងនៃកោះរ៉ុងសន្លឹម ចូលទៅក្នុងទឹកសមុទ្រ ដោយទំនងជាមិនទាន់បានឆ្លងកាត់ប្រព័ន្ធចម្រោះត្រឹមត្រូវនៅឡើយ។
ម្ចាស់អាជីវកម្មបឹងហ្កាឡូមួយ ស្ថិតនៅប្រមាណ៤០០ម៉ែត្រពីកាស៊ីណូ និងសណ្ឋាគារជីន ទីង (Jin Ding) គឺលោក អាដាម ខូវ៉ាក់ (Adam Kovac) ជនជាតិស្លូវ៉ាគី យល់ថា អ្វីដែលក្រុមហ៊ុនកាស៊ីណូចិន កំពុងធ្វើនេះ ជារឿងដ៏គួរព្រួយបារម្ភ៖ «បាទ ខ្ញុំសង្កេតឃើញមានកាស៊ីណូមួយខាងចុងឆ្នេរភាគខាងត្បូងនេះ ដែលនិយាយទៅ រាល់ពេលដែលខ្ញុំដើរក្បែរកាស៊ីណូនោះ ខ្ញុំអាចមើលឃើញថា មានទង្វើខុសឆ្គងកំពុងកើតមាននៅទីនោះ។ អ្វីដែលខ្ញុំបានឃើញគឺ ទឹកនៅក្រោមកាស៊ីណូ មានភាពកខ្វក់ ដូច្នេះខ្ញុំទាយថា ពួកគេទំនងជាកំពុងបង្ហូរអ្វីដែលមិនគួរត្រូវបង្ហូរចូលទៅក្នុងសមុទ្រ»។
លោក ដាម ខូវ៉ាក់ (Adam Kovac) បន្តថា ប្រសិនបើសកម្មភាពបំពុលបរិស្ថានបែបនេះមិនត្រូវបានបញ្ឈប់ទេ សោភណភាពនៃឆ្នេរកោះរ៉ុងសន្លឹម ដែលលោកចាត់ទុកថា ជាឋានសួគ៌ នឹងត្រូវប្រែប្រួល៖ «នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង វាហាក់បីដូចជាឋានសួគ៌សម្រាប់ខ្ញុំអ៊ីចឹង ឥឡូវក៏នៅតែដូចឋានសួគ៌ដែរ។ ទីនេះ មានធម្មជាតិដ៏ស្រស់ត្រកាល។ មនុស្សមកទីនេះ ដើម្បីគយគន់មើលពណ៌ទឹកសមុទ្រដ៏ល្អវិសេសវិសាល បរិស្ថានដ៏ស្ងប់ស្ងាត់។ ទីនេះហាក់ដូចជា គ្មានកន្លែងសម្រាប់ពិធីជប់លៀងធំៗ និងកាស៊ីណូអីទេ ដូច្នេះអ្នកមកទីនេះរីករាយនឹងធម្មជាតិ រីករាយនឹងទឹកដ៏ស្អាត។ ខ្ញុំឃើញមានមនុស្សម្នារើសសំរាមនៅលើឆ្នេរខ្សាច់ដោយខ្លួនឯងជារៀងរាល់ថ្ងៃ មិនចាំបាច់មាននរណាប្រាប់ទេ»។
មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែមេសា ឆ្នាំ២០១៨ ដើម្បីបម្រើសេវាកម្មកាស៊ីណូដំបូងបំផុតនៅលើកោះរ៉ុងសន្លឹម និងទើបបានបើកដំណើរនៅពេលថ្មីៗនេះ។ ប៉ុន្តែមានព័ត៌មានតិចតួចប៉ុណ្ណោះអំពីក្រុមហ៊ុននេះ។
លោក អាដាម ខូវ៉ាក់ (Adam Kovac) ដែលវិនិយោគលើអាជីវកម្មបឹងហ្កាឡូក្បែរកាស៊ីណូចិននោះ ព្រួយបារម្ភថា ប្រសិនបើសកម្មភាពបំពុលបរិស្ថានបែបនេះមិនត្រូវបានបញ្ឈប់ទេ អាជីវកម្មរបស់គាត់ និងអាជីវកម្មដទៃទៀតលើឆ្នេរកោះរ៉ុងសន្លឹម នឹងត្រូវរងផលប៉ះពាល់នៅពេលខាងមុខ៖ «ឥឡូវនេះ វាមិនទាន់ដល់ថ្នាក់ប៉ះពាល់អាជីវកម្មរបស់យើងជារៀងរាល់ថ្ងៃនៅឡើយទេ។ យើងគ្រាន់តែមិនចូលចិត្តសភាពនៅទីនោះ ហើយយើងមិនចង់ទៅទីនោះ ព្រោះវាកខ្វក់។ ខ្ញុំមិនសូវឃើញមានគេចុះទៅលេងទឹកនៅម្ដុំនោះទេ។ ភាគច្រើនគេលេងទឹកនៅកន្លែង ដែលខ្ញុំកំពុងអង្គុយនេះ ដូច្នេះពួកគេនៅឆ្ងាយពីកាកសំណល់ទាំងនោះ ប៉ុន្តែក្នុងពេលខាងមុខ វានឹងប៉ះពាល់អាជីវកម្មជាមិនខាន។ ឥឡូវមានបំពង់តែមួយទេ ដែលបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ដែលជាការពិត គឺវាកខ្វក់បាត់ទៅហើយ ប៉ុន្តែអ្វីដែលនឹងអាចកើតឡើងនៅពេលខាងមុខនោះ គឺអាចនឹងមានបំពង់មួយហើយ មួយទៀតៗ»។
មាត្រា៩នៃអនុក្រឹត្យឆ្នាំ២០០៩ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ចែងថា៖ «ហាមឃាត់ជាដាច់ខាតនូវការបង្ហូរទឹកលូចេញពីលំនៅឋាន ឬពីអាគារសាធារណៈ ចូលទៅក្នុងតំបន់ទឹកសាធារណៈ ដោយពុំឆ្លងកាត់ប្រព័ន្ធលូសាធារណៈ ឬប្រព័ន្ធច្រោះសំអាតនានា»។
ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្របែបនេះក៏បង្កក្ដីបារម្ភដល់ក្រុមយុវជនដែលខ្វាយខ្វល់ពីរឿងបរិស្ថានដែរ។ ក្នុងវីដេអូខ្លីមួយរបស់អង្គការមាតាធម្មជាតិ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម នៅថ្ងៃទី២២ ខែកុម្ភៈ យុវតីពីររូបគឺកញ្ញា ឡុង សុគន្ធា និង កញ្ញា លាង សុភារី ដែលបានទៅឃើញទឹកកខ្វក់ហូរចេញពីកាស៊ីណូនោះផ្ទាល់ បានជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុចេញមកបកស្រាយបញ្ហានេះ៖ «ខ្ញុំចង់សួរទៅអាជ្ញាធរខេត្តព្រះសីហនុ ជាពិសេសឯកឧត្ដម យន្ត មីន ដែលជាថ្នាក់ដឹកនាំខេត្តនេះដោយផ្ទាល់ថា តើក្រុមការងាររបស់ឯកឧត្ដម ធ្លាប់ចុះមកត្រួតពិនិត្យទីតាំងនេះដែរឬទេ? ហើយបើបណ្ដោយកាស៊ីណូចិនមួយនេះ នៅតែបន្តទឹកលូចូលក្នុងសមុទ្រដោយផ្ទាល់បែបនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព អនាម័យ ដែលជាហេតុនាំឲ្យចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះដូចក្រុងព្រះសីហនុដែរឬទេ? សង្ឃឹមថា ឯកឧត្ដមនឹងមិនបណ្ដោយឲ្យកោះដ៏ស្រស់ស្អាតមួយនេះ ក្លាយទៅជាកំពង់សោមទី២ទៅចុះ»។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ មិនផ្ដល់ការបកស្រាយចំពោះបញ្ហានេះ នៅថ្ងៃទី២២ មេសា ដោយលោកថា កំពុងប្រជុំ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា ប្រាប់អាស៊ីសេរីថា មន្ត្រីជំនាញនឹងចុះទៅពិនិត្យមើលទីតាំងកាស៊ីណូ និងសណ្ឋាគារជីង ទីង ផ្ទាល់ និងចាត់ការតាមស្ថានភាពជាក់ស្ដែង៖ «បន្ទាប់ពីទទួលបានព័ត៌មាននេះគឺ យើងខ្ញុំបានទាក់ទងទៅ ដើម្បីឲ្យពួកគាត់ចុះទៅពិនិត្យផ្ទាល់នៅទីតាំងដែលបានលើកឡើងនេះ ដើម្បីពិនិត្យថាតើ ការបំពុលហ្នឹង យ៉ាងដូចម្ដេចដើម្បីផ្ដល់ជា ទីមួយគឺបច្ចេកទេស ហើយទី២ បើសិនជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់បរិស្ថាននៅតំបន់នោះ គឺយើងនឹងធ្វើការផាកពិន័យ ឬក៏ធ្វើការអប់រំណែនាំទៅតាមកម្រិតនៃបទល្មើសទាំងអស់ហ្នឹង»។
លោកពន្យល់ថា ជាវិធានការក្នុងការគ្រប់គ្រងបរិស្ថាននៅលើកោះ មន្ទីរបរិស្ថានកំពុងរៀបចំឲ្យម្ចាស់អាជីវកម្មនានា ដូចជា ផ្ទះសំណាក់ សណ្ឋាគារជាដើម ធ្វើអាងចម្រោះទឹក ដើម្បីច្រោះទឹកដែលប្រើប្រាស់រួចឲ្យបានស្អាតសិន មុននឹងបង្ហូរចូលក្នុងសមុទ្រ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកគ្រប់គ្រងកាស៊ីណូ លោក ជៀនហ័រ (Zhou JIANHUA) ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២២ ខែកុម្ភៈនេះ។
កោះរ៉ុងសន្លឹមមិនមែនជាទីតាំងតែមួយគត់នៅខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននោះទេ។ កាលពីពេលថ្មីៗនេះ អង្គការមាតាធម្មជាតិ ដែលសកម្មលើការងារបរិស្ថាន និង អំពើពុករលួយនៅកម្ពុជា បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការបង្ហូរទឹកស្អុយតាមបំពង់ធំៗ ជិត ៣០កន្លែងនៅលើឆ្នេរអូរឈើទាលផងដែរ។ ក្នុងវីដេអូនោះ សកម្មជននៃអង្គការមាតាធម្មជាតិ លោក ធន់ រដ្ឋា បានឲ្យដឹងថា ក្រោយយកសំណាកទឹកកខ្វក់ដែលត្រូវបានគេបង្ហូរដោយផ្ទាល់ចូលទៅក្នុងសមុទ្រនោះទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងក្រុងភ្នំពេញ លទ្ធផលបានបង្ហាញថា ទឹកនោះពោរពេញដោយប៉ារ៉ាស៊ីត និង ប៉ាក់តេរី ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន៕