អង្គការស្បៀងអាហារពិភពលោក (World Food Program) ចែកស្បៀង ជាលើកទីបួន ដល់គ្រួសារដែលងាយរងប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលមានចំនួនជិត ៤ ម៉ឺន (៣៩,៦៥០) គ្រួសារស្មើនឹងជិត ២ សែននាក់។
ពលរដ្ឋទាំងនេះ រស់នៅខេត្តចំនួន ៥ រួមមាន ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ កំពង់ធំ និង កំពង់ឆ្នាំង។ កញ្ចប់ស្បៀងដែលចែកនោះ មានអង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង និងប្រេងឆាជាដើម។ ប៉ុន្តែ អ្នកដែលមានសិទ្ធិទទួលបានស្បៀងអាហារទាំងនេះគឺទាល់តែជាគ្រួសារដែលមានបណ្ណក្រីក្រ និងបានចុះឈ្មោះកូន ឲ្យទទួលបានអាហារប្រចាំថ្ងៃនៅតាមសាលារៀនរដ្ឋដែលជាកម្មវិធីគាំទ្រដោយអង្គការស្បៀងអាហារពិភពលោក។
ពលរដ្ឋខ្មែរជាច្រើនគ្រួសារជាពិសេសគ្រួសារក្រីក្រ និងអ្នកដែលជាប់គាំងក្នុងតំបន់បិទខ្ទប់ តែងរអ៊ូរទាំថាពួកគេខ្វះខាតស្បៀងអាហារហូបចុកប្រចាំថ្ងៃ ស្របពេលដែលអាជ្ញាធររដ្ឋាភិបាល មិនបានអើពើចំពោះបញ្ហានេះ ឬចែកស្បៀងឱ្យតែបក្ខពួកខ្លួន។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ កាលពីខែ មេសា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមមានអង្គការកម្មវិធីស្បៀងអាហារពិភពលោកនេះផង ជួយផ្តល់ជំនួយបន្ទាន់ ជាស្បៀងអាហារជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងតំបន់បិទខ្ទប់ ព្រោះពលរដ្ឋជួបទុក្ខលំបាករហូតដល់មានទុរ្ភិក្ស។
អ្នកឃ្លាំមើលសង្គម រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាមានផែនការមិនច្បាស់លាស់ និងមិនបានគិតគូរពីតម្រូវការមូលដ្ឋានចាំបាច់របស់ពលរដ្ឋក្នុងពេលបិទខ្ទប់នៅតំបន់ដែលផ្ទុះជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។