សមត្ថកិច្ចឲ្យដឹងថា ជនជាតិចិន បានប្រើប្រាស់ប្រទេសកម្ពុជា ធ្វើជាកន្លែងលាក់ខ្លួនដើម្បីប្រព្រឹត្តបទល្មើស។ ជនជាតិចិន ដែលត្រូវចាប់ខ្លួនទាំងនោះ ភាគច្រើនជាប់ទាក់ទិនការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនេះ មានតិចតួចប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ហើយត្រូវឃុំខ្លួននៅកម្ពុជា។ មន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ បដិសេធថា ការចាប់ខ្លួនជនជាតិចិន ទាំងនោះក្នុងពេលកន្លងទៅ គឺពុំមានជាប់ទាក់ទិនរឿងនយោបាយ ឬសកម្មជនសង្គមដែលត្រូវរដ្ឋាភិបាលចិន ប្រកាសឲ្យចាប់ខ្លួនឡើយ។
មន្ត្រីទទួលបន្ទុកជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា ជនជាតិចិន ដែលត្រូវចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសចិន វិញ ភាគច្រើនគឺគ្រាន់តែជាអ្នកដែលប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីបង្កបទល្មើសតាមរយៈការជំរិតទារប្រាក់ពីពលរដ្ឋចិន ដូចគ្នានៅប្រទេសចិន ប៉ុន្តែយកប្រទេសកម្ពុជា ធ្វើជាគោលដៅក្នុងការប្រព្រឹត្តបទល្មើស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសិលា ឲ្យដឹងថា ការចាប់ខ្លួនជនជាតិចិន ដែលកម្លាំងនគរបាលប្រតិបត្តិការកន្លងទៅ គឺអនុវត្តតាមការស្នើពីភាគីចិន ដោយផ្ទាល់។ លោកបន្តថា ការចាប់ខ្លួនភាគច្រើនជាប់ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ហើយអ្នកទាំងនោះមិនត្រូវឃុំខ្លួននៅកម្ពុជា ទេ លើកលែងតែប្រព្រឹត្តបទល្មើសនៅកម្ពុជា ដោយផ្ទាល់។ លោកបន្តថា « កន្លងមកហ្នឹងជនជាតិចិន ដូចជាមិនមានបទល្មើសអីប្រភេទចាប់ជំរិតគំរាមកំហែងទារប្រាក់ប្រព្រឹត្តនៅប្រទេសកម្ពុជា ទេ។ បើគាត់មានបទល្មើស គឺមានតែបទល្មើសព្រហ្មទណ្ឌដូចជាវាយគ្នា និងបទល្មើសប្រើប្រាស់គ្រឿងញៀន ជាដើម »។
បច្ចុប្បន្ន បទល្មើសតាមប្រព័ន្ធទំនើប គឺអ៊ីនធឺណិត បានក្លាយជាចំណោទថ្មីមួយទៀតសម្រាប់កម្ពុជា ដែលត្រូវដោះស្រាយ។ វត្តមានជនជាតិចិន នៅកម្ពុជា បច្ចុប្បន្ន ត្រូវរងការរិះគន់ថាមានចរិតក្អេងក្អាង និងតែងប្រើប្រាស់អំពើហិង្សា ជាពិសេសពុំសូវគោរពច្បាប់ពេលបើកបរ ឬជួបបញ្ហាដូចជាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។ ជាងនេះទៀត នៅមានគម្រោងវិនិយោគធំៗរបស់ចិន នៅកម្ពុជា តែងបង្កការភ័យខ្លាច និងបង្កើតទៅជាជម្លោះដីធ្លី។ ក្រៅពីនេះវិញ សង្កេតឃើញថាជនជាតិចិន ដែលយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើសនេះ ជាញឹកញាប់ប្រមូលផ្ដុំជាក្រុម។ កាលពីដើមខែសីហា នៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលចាប់ខ្លួនជនជាតិចិនដីគោកបានជាង ២០០នាក់។ នគរបាលរកឃើញថា ជនជាតិចិន ទាំងនោះមានជាប់ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា វាហាក់ពិបាកណាស់ក្នុងការបកស្រាយអំពីការពិតនៃការចាប់ខ្លួនជនជាតិចិន នេះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងចិន មានសម្ពន្ធភាពស្ទើរចាក់ទឹកមិនលិច ហេតុនេះគេពិតជាពិបាកទស្សន៍ទាយថាតើមានអ្វីដែលពិសេសនៅពីក្រោយនៃការចាប់ខ្លួននេះឲ្យប្រាកដណាស់។ លោកបន្តថា « អ្វីដែលយើងហ៊ានធ្វើអត្ថាធិប្បាយអីឲ្យស៊ីជម្រៅ ដោយសារតែករណីនៃការចាប់ជំរិតក្នុងក្រុមនីមួយៗនេះ គឺយើងអត់ដែលបានឮរដ្ឋាភិបាលបញ្ជាក់ឲ្យបានស៊ីជម្រៅទេ។ ឧទាហរណ៍ក្នុងមួយមានគ្នា ៥០ ទៅ ៦០នាក់ចាប់ទៅទាំងអស់ ហើយចោទថាចាប់ជំរិតអីអ៊ីចឹងទៅ »។
របាយការណ៍របស់អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បង្ហាញថា គិតចាប់ពីឆ្នាំ២០១១ មកដល់ពេលនេះមានជនជាតិចិន ប្រមាណជិត ១ពាន់នាក់ហើយត្រូវចាប់ខ្លួន ហើយក្នុងចំណោមនោះត្រូវបញ្ជូនត្រឡប់ទៅប្រទេសចិន វិញ។ មានចំនួនតិចតួចប៉ុណ្ណោះដែលមានបទល្មើសព្រហ្មទណ្ឌ ហើយត្រូវចាប់ និងឃុំខ្លួននៅកម្ពុជា។ ក្រៅពីនេះ ជនរងគ្រោះនៅប្រទេសចិន ហើយអ្នកប្រព្រឹត្តបទល្មើសយកទីតាំងប្រទេសកម្ពុជា ដើម្បីជំរិតទារប្រាក់ ក្រោយចាប់ខ្លួន ត្រូវបញ្ជូនទៅចិន វិញ។
យ៉ាងនេះក្ដី លោកបណ្ឌិត មាស នី យល់ឃើញថា ការចាប់ខ្លួនដែលអនុវត្តដោយកម្លាំងនគរបាលនេះ អាចជារឿងអនុវត្តច្បាប់ច្រើនជាងរឿងនយោបាយ។ ប៉ុន្តែទន្ទឹមនឹងនេះ ដោយសារឥទ្ធិពលរវាងសម្ពន្ធភាពកម្ពុជា-ចិន បានធ្វើឲ្យជនជាតិចិន ដែលដាក់ទុនវិនិយោគនៅកម្ពុជា ប្រើប្រាស់អំណាចហួសហេតុតាមរយៈការជួលឡានទំនើបដែលមានស្លាកលេខឡាន «នប» ឬ «ខម» ព្រមទាំងជួលកម្លាំងការពារដីឲ្យថែមទៀតផង។ លោកបន្តថា « ខ្ញុំមើលទៅវាជាការអនុវត្តច្បាប់ហើយ ព្រោះអីយើងឃើញជនជាតិចិន ដែលមកនៅក្នុងប្រទេសខ្មែរយើងដូចជាមានជនជាតិចិន ខ្លះ រហូតមានអំណាចប្រើឡានស្លាក ខម ហើយនៅតំបន់ខ្លះទៀត បើយើងមើលនៅតាមតំបន់ដីសម្បទានវិញ គឺជនជាតិចិន អាចបញ្ជាកងកម្លាំងវាយធ្វើបាបពលរដ្ឋខ្មែរថែមទៀត »។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រាប់កាសែតក្នុងស្រុកថា នៅថ្ងៃទី២៤ សីហា ជនជាតិចិន ជាង ១០០នាក់ដែលចាប់ខ្លួនបាននៅខេត្តសៀមរាប នឹងត្រូវបញ្ជូនចេញពីកម្ពុជា ទៅចិន វិញ។
បើទោះជាបែបណា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសិលា បញ្ជាក់ថា ការចាប់ខ្លួនជនជាតិចិន ដែលប្រើប្រាស់ទីតាំងនៃប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសនេះ គឺជាការអនុវត្តច្បាប់។ ម្យ៉ាងទៀត ការអនុវត្តច្បាប់ដោយកម្លាំងជំនាញនេះទៀតសោត គឺជាការសហការ និងផ្ដល់ព័ត៌មានយ៉ាងជាក់លាក់ពីប្រទេសចិន ដែលឈានដល់ការកំណត់មុខសញ្ញានេះ។ លោកបន្តថា « អាស្រ័យទៅលើបទល្មើស បើបទល្មើសប្រព្រឹត្តនៅកម្ពុជា គឺយើងចោទប្រកាន់តាមនីតិវិធីច្បាប់នៅប្រទេសយើង។ តែកន្លងទៅដែលចាប់ច្រើននាក់ហ្នឹង គឺគាត់យកទីតាំងយើងប្រព្រឹត្តបទល្មើស ហើយជនរងគ្រោះនៅស្រុកគាត់ »។
មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បដិសេធថា ជនជាតិចិន ដែលត្រូវចាប់ខ្លួនទាំងនេះក្នុងពេលកន្លងទៅ គឺពុំមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬហេតុផលអ្វីផ្សេងក្រៅពីបទល្មើសជំរិតទារប្រាក់ឡើយ។ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា ស្របពេលការចាប់ខ្លួនជនជាតិចិន ជាបន្តបន្ទាប់ ខាងជំនាញក៏រឹបអូសបានវត្ថុតាងមួយចំនួនដែរ ក្នុងនោះមានបញ្ជីឈ្មោះជនរងគ្រោះនៅប្រទេសចិន ដែលជនសង្ស័យមាននៅក្នុងដៃសម្រាប់ទាក់ទងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។