ហេតុអ្វី​លោក ឡេង ណាវ៉ាត្រា និង​អតិថិជន​មិន​ប្រើប្រាស់​តុលាការ​ដោះស្រាយ​វិវាទ​បែរ​ជា​វាយ​ប្រហារ​គ្នា​តាម​បណ្ដាញ​សង្គម?

0:00 / 0:00

អតិថិជន​មួយចំនួន​នៅតែ​បន្ត​លើកឡើង​ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ចសន្យា​ក្នុង​ការ​ធ្វើ​ផ្ទះ​ឱ្យ ទោះជា​ពួកគាត់​បង់លុយ​រួច​ជិត​៣​ឆ្នាំ​ហើយ​ក៏​ដោយ ហើយ​ថែម​ទាំង​ប្លុក​ឬ​បិទ​ការ​ឆ្លើយ​ឆ្លងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៀត​ផង។ ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្ត​ចេញផ្សាយ​វីដេអូ​រាប់​រយ​បកស្រាយ ហើយ​ចាត់​ទុក​អ្នក​រិះគន់​មួយ​ចំនួន​ថា ជា​ជន​អគតិ​នៅ​ក្រៅ​ប្រទេស។

តើ​ហេតុអ្វី​បានជា​ភាគី​មាន​ជម្លោះ​ទាំងនេះ​មិន​ជ្រើសរើស​ផ្លូវច្បាប់​ឬ​តុលាការ​ដើម្បី​ដោះស្រាយ​វិវាទ​នេះ?

អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា នៅតែ​បន្ត​អះអាង​ថា ពួកគេ​បង់លុយ​គ្រប់​ចំនួន​ជិត​៣​ឆ្នាំ​ហើយ នៅ​មិនទាន់​ទទួល​បាន​ផ្ទះ ហើយ​នៅ​ពេល​ពួកគេ​ព្យាយាម​សាកសួរ ខាង​ក្រុមហ៊ុន​ថែមទាំង​បិទ​ការ​ឆ្លើយ​ឆ្លង ឬ​ប្លុក (Block)​តាម​ហ្វេសប៊ុក​ទៀត​ផង។

អ្នក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ Yang Su Aim ជា​អតិថិជន​ម្នាក់​ដែល​ផ្សព្វផ្សាយ លើ​ហ្វេសប៊ុក​បន្តបន្ទាប់​ទាមទារ​ឱ្យ​លោក ឡេង ណាវ៉ាត្រា ធ្វើ​ផ្ទះ​ឱ្យ​ហើយ​តាម​ការសន្យា ខណៈ​ម្ចាស់​ហ្វេសប៊ុ​ក​រូប​នេះ​បញ្ជាក់​ថា ខ្លួន​បាន​បង់ប្រាក់​គ្រប់​ចំនួន​រាប់​ឆ្នាំ​ហើយ។

ម្ចាស់​ហ្វេសប៊ុកYang Su Aim ក៏​មិន​សប្បាយចិត្ត​ដែល​លោក ឡេង ណាវ៉ាត្រា ប្លុក​ហ្វេសប៊ុក​របស់​គាត់​មិន​ឱ្យ​សាកសួរ​ព័ត៌មាន ឬ​បញ្ចេញ​មតិយោបល់​នោះ​ទេ។

ចំណែក តារា​កំប្លែង​លោក សុខ ភារម្យ ហៅ​នាយ​វ៉ាង​អង ក៏​បន្ត​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​បន្តបន្ទាប់​ដែរ​ថា លោក​បង់លុយ​គ្រប់​ចំនួន​ទិញ​ផ្ទះ​នៅ​គម្រោង ផ្លូវជាតិ​លេខ​6A ក្នុង​ស្រុក​មុខ​កំពូល ខេត្តកណ្តាល​ជិត​៣​ឆ្នាំ​ហើយ ប៉ុន្តែ​ផ្ទះ​មិន​ទាន់​ផ្តើម​ធ្វើ។

លោក វ៉ាងអង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ថា អ្វី​ដែល​លោក​ផ្សព្វផ្សាយ លើ​ហ្វេសប៊ុក​កន្លងមក​មាន​គោលបំណង​តែមួយគត់ គឺ​ចង់បាន​ផ្ទះ​តាម​ការសន្យា។ លោក​បន្ត​ថា លុយ​ដែល​បង់​ឱ្យ​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា ជិត ២​ម៉ឺន​ដុល្លារ នោះ​គឺ​បាន​មក​ពី​ការ​សន្សំ​យ៉ាង​លំបាក និង​លុយ​មួយ​ផ្នែក​របស់​បងស្រី ដែល​កំពុង​ឈឺ​ធ្ងន់។

លោក វ៉ាងអង៖`«​លុយ​ដែល​យក​មក​ទិញ​ផ្ទះ​ហ្នឹង​គាត់​ខំ​សន្សំ​ខ្លះ​ហើយ បាន​មក​គាត់​ជួយ​យើង​ទៀត​។ ដាក់​បង្គ្រប់​គ្នា​ទៅ ដើម្បី​ឱ្យ​បាន​ផ្ទះ​នៅ​ជាមួយ​ប្អូន ដល់​ឥឡូវ​វា ១​ឆ្នាំ​២​ឆ្នាំ​ជិត​៣​ឆ្នាំ​ហើយ។ ចេះតែ​បាត់​ទៅ​បាត់​ទៅ គាត់​ចេះតែ​អស់សង្ឃឹម​ចេះតែ​តេ​មក​សួរ​ខ្ញុំ ខ្ញុំ​ចេះតែ​កុហក​ភូតភរ​គាត់​ទៅ​ថា គេ​បុក​គ្រឹះ​ហើយ​អ៊ីចេះ​ទៅ។ ខ្ញុំ​ចង់​បាន តែ​គាត់​ធ្វើ​ផ្ទះ​ឱ្យ​ខ្ញុំ​មក ឬ​ដាក់​ជាង​ធ្វើ​ផ្ទះ​ឱ្យ​ខ្ញុំ​មក ឬ​គាត់​ដោះដូរ​ក៏បាន​ដែរ​ផ្ទះ​ណា​ដែល​ធ្វើ​ហើយ»។

ចំណែក​លោក ឡេង ណាវ៉ាត្រា វិញ​បាន​ផ្សព្វផ្សាយ​វីដេអូ​រាប់​សិប ទៅ​រាប់​រយ​ជា​រៀងរាល់ថ្ងៃ​ដែល​បង្ហាញ​ពី​ផ្ទះ​ដែល​សាងសង់​ហើយ និង​ផ្ទះ​កំពុង​សាងសង់​។ លោក ឡេង ណាវ៉ាត្រា ក៏បាន​ព្រមាន​អតិថិជន​ថា បើ​ជឿ​តាម​ការ​ញុះញង់ ពេល​លោក​មាន​បញ្ហា ឬ​ក្ស័យធន​នោះ​អតិថិជន​ក៏​រង​ផល​ប៉ះពាល់​ដែរ។

រាល់​វីដេអូ​របស់​លោក ឡេង ណាវ៉ាត្រា ផ្ទាល់​និង​វីដេអូ​ដែល​លោក​រៀបចំ​ឱ្យ​អ្នក​ផ្សេង​និយាយ​គឺ មិន​បាន​បកស្រាយ​លើ​បញ្ហា​ដែល​អតិថិជន​របស់​លោក ចោទសួរ​ទេ គឺ​តែងតែ​ចោទប្រកាន់​វាយបក​ថា អ្នក​រិះគន់​ទាំងនោះ​ជា​ក្រុម ប្រឆាំង ឬ​ក្រុម​អគតិ​នៅ​ក្រៅ​ប្រទេស។

លោក ឡេង ណាវ៉ាត្រា៖ «គាត់​ចោទ​ថា យើង​លាង​លុយ​ថា​យើង​សំបូរ​លុយ​ណាស់។ គាត់​ក្រឡេចក្រឡុច​ត្រឡប់ត្រឡិន​ថា យើង​ក្រុមហ៊ុន​យើង​ហ្នឹង​ដួល​រលំ ហើយ​ថា​យើង​ហ្នឹង​បោកប្រាស់​គេ។ អ៊ីចឹង​យើង​ទទួល​យក​មិនបាន​ទេ ហើយក៏​សុំ​បញ្ជាក់​ទៅ​ក្រុម​អគតិ​ទាំងអស់​នោះ​ថា សូម​បើក​កុងត្រា​មើល​ក្រុមហ៊ុន​ដែល​យឺតយ៉ាវ​មានការ​សង​ត្រឡប់​ទៅវិញ ហើយ​ការទិញ​លក់​មាន​កិច្ចសន្យា​ត្រឹមត្រូវ​មាន​ការ​ផ្ដិត​មេដៃ​ជាមួយ​អតិថិជន​ហើយ និង​ជាមួយ​ខ្ញុំ»។

ទន្ទឹម​នឹង​នេះ តារាចម្រៀង​ល្បីឈ្មោះ មួយ​ចំនួន រួម​មាន​ទាំង​លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង លោក ខេម ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​លោក ឡេង ណាវ៉ាត្រា ក៏​ជួយ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​ការពារ​លោក ឡេង ណាវ៉ាត្រា​ដែរ។

តារាចម្រៀង​ទាំងនេះ​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ដោយ​បញ្ជាក់​ថា លោក ឡេង ណាវ៉ាត្រា កំពុង​រងគ្រោះ​ដោយសារ​ក្រុម​ប្រឆាំង​រិះគន់ ឬ​វាយ​ប្រហារ​ញុះញង់​អតិថិជន។

ទោះយ៉ាងណា បញ្ហា​នេះ​នាំ​ឱ្យ​មានការ​ចោទ​សួរ​ថា ហេតុអ្វី​បានជា​ពួកគេ​ទាំង​អតិថិជន​និង​លោក ឡេង ណាវ៉ាត្រា មិន​ប្តឹង​ទៅ​តុលាការ​ឱ្យ​ជួយ​រក​យុត្តិធម៌ បែរ​ជា​បន្ត​វាយប្រហារ​គ្នា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៅវិញ?

ជុំវិញ​បញ្ហា​នេះ លោក វ៉ាងអង បញ្ជាក់​ថា លោក​មិន​មាន​លុយ​ក្នុង​ការ​ប្តឹងផ្តល់​ទេ។ លោក​ក៏​​បាន​បញ្ជាក់​​​ថា លោក​ស្ថិត​នៅ​ក្នុង​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​តវ៉ា​នេះ ក៏​មិនមែន​ធ្វើ​តាម​ការ​ញុះញង់​របស់​ក្រុម​ណាមួយ​ដែរ។

លោក វ៉ាងអង៖ «បើ​គាត់​មិន​ធ្វើ​ឱ្យ​ខ្ញុំ សុំ​ឱ្យ​លុយ​មក​ខ្ញុំ​វិញ​មក​ខ្ញុំ​អស់ចិត្ត​ហើយ ខ្ញុំ​រកលុយ​បាន​ដោយ​ពិបាក​ណាស មិនមែន​លុយ​សីល(ជប់)ទេ។ហើយ​សម្រាប់​លុយ​១​ម៉ឺន ៨​ពាន់​៨​រយ​ហ្នឹង​មិន​ស្មើ​កង់ឡាន​គាត់​៤​គ្រាប់​ផង និយាយ​ឱ្យ​អស់​ទៅ។ បើ​គាត់​មាន​បេះដូង​ជា​អ្នក​សិល្បៈ​ពិត​ស្រលាញ់​សិល្បៈ​ពិត​គាត់​គិត​គូ​ខ្ញុំ​ហើយ​។ ហើយ​កុំ​ចេះតែ​ព្យាយាម​បញ្ចេញ​ឃ្លីប​មក​ផ្ញើ​ទៅ​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​អី​ណា​!ខ្ញុំ​អត់​មាន​ជន​អគតិ​អី ខ្ញុំ​មិន​ទៅ​ជឿ​ការ​ញុះញង់​អី​ឯណា​ដែរ ខ្ញុំ​និយាយ​តែ​រឿង​ពិត​ខ្ញុំ​ចង់​បានតែ​ផ្ទះ​ខ្ញុំ ខ្ញុំ​អត់​បាន​ទៅ​ប្រឆាំង​អី​ឯណា​ទេ»។

លោក វ៉ាងអង ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា រូបលោក​និង អតិថិជន​ផ្សេង​ទៀត​នឹង​ជួបជុំគ្នា​នៅ​គម្រោង​លក់​ផ្ទះ​ផ្លូវជាតិ​6A​របស់​លោក ឡេង ណាវ៉ាត្រា ដើម្បី​ទាមទារ​រក​ដំណោះស្រាយ។

ចំណែក​លោក ឡេង ណាវ៉ាត្រា ជា​អ្នកឧកញ៉ា​១​រូប​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច​ហើយ​តែងតែ​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ជួយ​រដ្ឋាភិបាល​តាម​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ម្តងៗ។

លោក ឡេង ណាវ៉ាត្រា ក៏​តែងតែ​ប្រកាស​ជំហរ​គាំទ្រ រាល់​ការ​សម្រេច​នានា​របស់​តុលាការ ឬ​ការសម្រេច​របស់​លោក ហ៊ុន សែន ថា ជា​ការ​សម្រេច​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​ដូចជា ការ​កាត់​ទោស​លោក កឹម សុខា ឱ្យ​ជាប់ឃុំ​ជិត​៣០​ឆ្នាំ ឬ​ការសម្រេច​បិទ​សារព័ត៌មាន​វីអូឌី​ជាដើម។

ប៉ុន្តែ​មិន​ដឹង​ថា ហេតុអ្វី​បានជា លោក ឡេង ណាវ៉ាត្រា មិន​ប្តឹង​បញ្ហា​វិវាទ ក្នុង​អាជីវកម្ម​របស់​លោក​ទៅ​តុលាការ​បែរ​ជា​ចំណាយពេល​បកស្រាយ​តាម​ហ្វេសប៊ុក​ទៅវិញ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក ឡេង ណាវ៉ាត្រា សុំ​ការ​បក​ស្រាយ​ជុំវិញ បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា មាន​ប្រសាសន៍​ថា តាម​ន័យ​ច្បាប់​គឺ ស្ថាប័ន​តុលាការ​ជា​ទីតាំង​មួយ​ដែល​ផ្តល់​ឱ្យ​មនុស្ស​គ្រប់​រូប ស្វែងរក​ដំណោះស្រាយ​លើ​វិវាទ​នានា​ដោយ​ស្មើភាព​គ្នា មិន​បែងចែក​អ្នកមាន ឬ​អ្នកក្រ។ លោក​បន្ត​ថា ការ​បកស្រាយ​លើ​បណ្ដាញ​សង្គម ករណី​លោក ឡេង ណាវ៉ាត្រា ធ្វើ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ ហើយ​បញ្ហា​នឹង​រាលដាល​កាន់តែ​ធំ។

លោក ប៉ោ មករា​៖ «បើ​ម្នាក់ៗ​ព្យាយាម​អត្ថាធិប្បាយ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន​វា​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​រីក​ទៅៗ​។ អ្នក​មាន​គាត់​អាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គាត់ គឺ​គាត់​ចង់​និយាយ​ម៉េច​ក៏បាន ហើយ​អ្នកក្រ​ទៅ​ពឹង​អ្នកធំ​ណាមួយ​ដែល​គាត់​ស្គាល់​អាច​ទៅ​រួច​អ៊ីចឹង​ទៅ ទាំងអស់​ហ្នឹង​ដែល​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​រីក​ធំ​ទៅៗ​ធ្វើ​ឱ្យ​សង្គម​យើង​កាន់តែ​បែកបាក់​ពី ១​រឿង​ទៅ​១​រឿង​អ៊ីចឹង​ទៅ»។

ទោះ​យ៉ាងណា​លោក​ថា ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ស្ទាក់ស្ទើរ ក្នុង​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ដោះស្រាយ​វិវាទ​ព្រោះ​បារម្ភ​ពី​ការ​ចំណាយ​លុយ ឬ​ប្រើ​ពេល​វេលា​យូរ​ជាដើម។

ទោះយ៉ាងណា​នៅ​ឆ្នាំ​២០២២ គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ឱ្យ​ជាប់​លេខ​១៣៩​ក្នុង​ចំណោម​១៤០​ប្រទេស​។ ចំណាត់ថ្នាក់​បង្ហាញថា កម្ពុជា​ជា​ប្រទេស​មិន​មាន​យុត្តិធម៌ ហើយ​មហាជន​មិន​មាន​ជំនឿ​លើ​អ្នក​អនុវត្តន៍​ច្បាប់ ឬ​តុលាការ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។