នាវាចម្បាំងជប៉ុន ២គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែព្រះសីហនុដើម្បីរំឮកខួបនៃបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា នាវាចម្បាំងជប៉ុនទាំងពីរគ្រឿងនេះ ប្រតិបត្តិដោយកងស្វ័យការពារលម្ហសមុទ្រជប៉ុន (JMSDF)។ នាវាទាំងនេះ នឹងមកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅកំពង់ផែខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ កងស្វ័យការពារលម្ហសមុទ្រជប៉ុនក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមដែរ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ប្រាប់ប្រភពដដែលថា ការចូលចតរបស់នាវាចម្បាំងជប៉ុននាពេលនេះ គឺជាឱកាសមួយដើម្បីរំឮកដល់ខួបលើកទី៣០នៃបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា។
ការគ្រោងទៅបំពេញទស្សនកិច្ចរបស់កងស្វ័យការពារលម្ហសមុទ្រជប៉ុននៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ កើតមានឡើងស្របពេលដែលរឿងរ៉ាវនៃការសង្ស័យរបស់អាមេរិកដែលថា កម្ពុជាលួចអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមផ្ដាច់មុខ នៅមិនទាន់ជ្រះស្រឡះនៅឡើយ។ កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មាននេះ។ សហរដ្ឋអាមេរិកនៅតែជំរុញឱ្យភាគីកម្ពុជាបង្ហាញតម្លាភាពជុំវិញបញ្ហានេះ និងធ្វើយ៉ាងណារក្សាអព្យាក្រឹត្យក្នុងគោលនយោបាយការបរទេសរបស់ខ្លួន៕
<<នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងធ្វើទស្សនកិច្ចនៅកម្ពុជា>> នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន...
Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Monday, March 14, 2022
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។