ប្រជាពលរដ្ឋនៅស្រុកបារាយ ខេត្តកំពង់ធំ ជាច្រើនគ្រួសារបានចាប់យករបរដឹកគ្រែឈើ និងទូផ្ដៅលក់តាមគោយន្តនៅតាមដងផ្លូវពីខេត្តមួយឆ្ពោះទៅខេត្តមួយជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ ទន្ទឹមគ្នានេះ មានពលរដ្ឋមួយចំនួនបានចាប់យកខេត្តបាត់ដំបង ធ្វើជាតំបន់ទីផ្សារគោលដៅសម្រាប់លក់ដូរទំនិញរបស់ខ្លួន។
តើការប្រកបរបរលក់គ្រែរបស់ប្រជាពលរដ្ឋទាំងនោះ មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?
គោយន្តដឹកគ្រែធ្វើពីឈើ និងទូផ្ដៅប្រមាណ ១០គ្រឿងរបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ បានចតបន្តកន្ទុយគ្នារដឹកនៅតាមចិញ្ចើមផ្លូវក្បែររង្វង់មូលសេះស សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គោយន្តទាំងនោះមានដាក់ដំបូលយ៉ការពារកម្ដៅថ្ងៃពីខាងក្រោយអ្នកបើក និងមានចងអង្រឹងសម្រាប់ឲ្យក្មេងដេកនៅពីក្រោមដំបូលនោះស្ទើរគ្រាប់គោយន្ត។ ចំណែកឯផ្នែកខាងក្រោយដាក់គ្រែតូចធំ និងទូផ្ដៅ ចតបង្ហាញឲ្យអតិថិជនមើលតាមដងផ្លូវហូរហែ។
«សំឡេងគោយន្ត»
ពលរដ្ឋវ័យ ២៥ឆ្នាំម្នាក់ឈ្មោះ យ៉ឹន ចិន ប្រាប់អាស៊ីសេរី ខណៈចតគោយន្តសម្រាកថ្ងៃត្រង់នៅក្រុងបាត់ដំបង ថា លោកប្រកបរបរដឹកគ្រែលក់តាមគោយន្តគ្រាន់បានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រមាណ ៥ឆ្នាំហើយ។ លោកបន្ថែមថា របរនេះដ្បិតដឹកគ្រែពេញគោយន្តក៏ដោយ ប៉ុន្តែមិនបានប្រាក់ចំណេញច្រើនដូចទំនិញផ្សេងឡើយ។ លោកអះអាងថា ធ្វើដំណើរពីខេត្តកំពង់ធំ លក់ជាបន្តបន្ទាប់រហូតដល់ខេត្តបាត់ដំបង ប្រមាណ ៣ថ្ងៃ។ នៅពេលមកដល់ខេត្តបាត់ដំបង ពួកគាត់ប្រមាណ ១០គោយន្ត ដោយខ្លះលក់ក្នុងទីរួមខេត្ត និងមួយចំនួនទៀតលក់នៅទីជនបទ៖ « ពួកខ្ញុំមកនេះគ្មានគោលដៅទេ ចេះតែទៅលក់ទៅ លុះយប់កន្លែងណាដេកនៅទីនោះ ហើយស្អែកឡើងលក់បន្តទៀត ជួបគ្នាហូរហែតាមផ្លូវរហូត »។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក មួល ថេន ថ្លែងថា ក្នុងមួយជើងគោយន្តរបស់លោក ដឹកគ្រែបានប្រមាណពី ១៥គ្រែទៅ ៣០គ្រែ ទៅតាមគ្រែតូច ឬធំ។ លោកអះអាងថា ក្នុងមួយជើងចេញពីផ្ទះប្រមាណ ៣០ថ្ងៃទើបលក់គ្រែអស់ ហើយត្រឡប់ទៅផ្ទះវិញដោយបានប្រាក់កម្រៃប្រមាណពី ៥០ម៉ឺនទៅ ១លានរៀលក្នុងមួយជើង។ លោកបន្ថែមថា គ្រែទាំងអស់មិនបានផលិតដោយខ្លួនឯងឡើយ គឺមានម៉ូយបោះឲ្យលក់ជំពាក់ប្រាក់ រួចបង្វិលប្រាក់ទៅឲ្យតាមក្រោយ។ លោកបញ្ជាក់ថា ទីតាំងផលិតគ្រែមានចំនួន ៣កន្លែង រួមមាននៅខេត្តពោធិ៍សាត់ ពីស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ និងពីតំបន់មួយចំនួនក្នុងខេត្តកំពង់ធំ តែម្ដង៖ « ចំពោះការស្នាក់នៅ ជួនស្នាក់កន្លែងបេនឡាន ទីវាលស្រឡះ តាមប៉ុស្តិ៍នគរបាល ទីវត្តអារាម នៅតាមសាលាឃុំជាដើម។ ហើយកន្លែងខ្លះចិត្តល្អ អនុញ្ញាតឲ្យស្នាក់ទៅ។ កន្លែងខ្លះទៀតក៏មិនឲ្យស្នាក់នៅក៏មានដែរ តែមិនច្រើនទេ មិនឲ្យស្នាក់នៅនោះ »។
អ្នកលក់គ្រែភាគច្រើនត្អូញត្អែរស្រដៀងគ្នាថា របរនេះប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយប្រឈមមុខនឹងចោរលួចផង និងជួបការលំបាកដូចជាការមុជទឹកមុជភក់ និងការស្នាក់នៅជាដើមផង។ អ្នកលក់ខ្លះ ផ្សងព្រេងជាលក្ខណៈគ្រួសារ គឺមានប្រពន្ធ និងកូនមកជាមួយផង។ ចំណែកឯការស្នាក់អាស្រ័យវិញ ពួកគាត់ប្រមូលផ្ដុំគ្នាស្នាក់នៅជាក្រុមនៅទីប្រជុំជនក្នុងក្រុងបាត់ដំបង។ លុះព្រឹកឡើង ពួកគាត់ចេញដំណើរលក់គ្រែតាមផ្លូវដែលបានជ្រើសរើសរៀងៗខ្លួន ហើយមកជួបជុំគ្នានៅពេលសម្រាកបាយថ្ងៃត្រង់នៅក្បែររង្វង់មូលសេះស សង្កាត់ចម្ការសំរោង។
ដៃពរកូនឈរនៅមុខគោយន្តចតនៅចិញ្ចើមផ្លូវ អ្នកស្រី យឹន ធី ថ្លែងថា ដោយសារកត្តាជីវភាពខ្វះខាត ជំរុញឲ្យគ្រួសាររបស់អ្នកស្រីប្រកបរបរនេះជិត ១០ឆ្នាំហើយ ប៉ុន្តែជីវភាពហាក់មិនធូរធារឡើយ។ ទោះបីជាយ៉ាងនេះក្ដី អ្នកស្រីបញ្ជាក់ថា ប្រសិនបើមានមុខរបរផ្សេងប្រសើរជាងនេះនោះ ពួកគាត់នឹងបោះបង់របរនេះចោលមួយរំពេច៖ « ជួនកាលមកតាមផ្លូវពេលមានភ្លៀងម្ដងៗប្ដីរត់ទៅគ្របអីវ៉ាន់ផង មកមើលប្រពន្ធកូនផង។ ចំណែកខ្ញុំវិញមើលកូនមិនឲ្យទទឹកភ្លៀង ខ្លួនឯងទទឹកមិនគិតទេ។ ពិបាកណាស់ ! ជួនកាលហូបមិនត្រង់មាត់ទេ ព្រោះជាប់លួងកូនកុំឲ្យយំរំខានដល់អ្នកស្រុក »។
ទោះបីជាយ៉ាងណាក៏ដោយចុះ ពួកគាត់មិនបានបញ្ជាក់ថាចំណាយអស់ថវិកាប៉ុន្មានក្នុងមួយជើងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា តម្លៃគ្រែមួយទាបបំផុត ៥០ដុល្លារអាមេរិក ១០០ដុល្លារ និងខ្ពស់បំផុតប្រហែល ៥០០ដុល្លារអាមេរិក។
ទាក់ទងនឹងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង លោក លី ជូបៀន មានប្រសាសន៍ថា អ្នកលក់គ្រែត្រូវធ្វើច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ឬលក់គ្រែដែលធ្វើពីឈើដែលមិនខុសច្បាប់។ លោកបញ្ជាក់ថា កន្លងមក ខាងរដ្ឋបាលព្រៃឈើតែងអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ដោយមិនបានហាមឃាត់ ឬត្រួតពិនិត្យតឹងតែងទៅលើពួកគាត់នោះទេ៖ « អ្នកដែលធ្វើគ្រែផ្សេងៗ បើមានពីប្រភពស្របច្បាប់ ខាងយើងចេញច្បាប់ឲ្យពួកគាត់ ប៉ុន្តែបច្ចុប្បន្ននេះ គាត់ប្រើជាលក្ខណៈប្រជាពលរដ្ឋជាធំ។ ដល់អ៊ីចឹងទៅ មេព្រៃចេះតែយោគយល់ឲ្យពួកគាត់ទៅ ដោយសារពួកគាត់ក្រីក្រ។ ត្រង់ចំណុចនេះហើយ ដែលបញ្ហាមួយរបស់យើងដែរ »។
ទោះជាយ៉ាងនេះក្ដី អ្នកការពារព្រៃឈើ និងបរិស្ថានប្រចាំនៅកម្ពុជា លោក អ៊ូច ឡេង បញ្ជាក់ថា ប្រជាពលរដ្ឋប្រកបរបរនេះប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែទប់ស្កាត់ឲ្យបាន ពីព្រោះរបរនេះធ្វើឲ្យហិនហោចព្រៃឈើនៅកម្ពុជា។ លោកអះអាងថា គ្រែដែលពលរដ្ឋលក់នោះ មានអ្នកមានប្រាក់មួយចំនួនដែលប្រព្រឹត្តបទល្មើសព្រៃឈើនៅពីក្រោយខ្នង ក្នុងរូបភាពយកប្រជាពលរដ្ឋធ្វើជាខែលការពារផលប្រយោជន៍របស់ខ្លួន៖ « ព្រោះអីយើងថាគ្រែចេញមកពីរោងសិប្បកម្មកែច្នៃឈើ ដែលឈើទាំងនោះមកពីលួចកាប់ក្នុងព្រៃមក។ ដូច្នេះបើអត់រោងកែច្នៃឈើទេ ក៏គ្មាន អត់លក់គ្រែដែរ។ អ៊ីចឹងការលក់គ្រែជាមូលហេតុមួយដែលគេអាចធ្វើការរកស៊ីឈើកែច្នៃជាដើម ក្នុងរូបភាពការបំភ័ន្តភ្នែកសមត្ថកិច្ចប៉ុណ្ណោះ »។
គ្រែដែលអ្នកស្រុកដឹកលក់ភាគច្រើនជាប្រភេទឈើសុក្រំ ផ្ចឹក កកោះ និងធ្នង់ ជាដើម។ អ្នកស្រុកអះអាងថា គោយន្តដឹកគ្រែលក់តាមខេត្តភាគច្រើនមានប្រភពមកពីស្រុកបារាយ ខេត្តកំពង់ធំ ដែលមានចំនួនប្រមាណជាង ១០០គ្រឿងលក់នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។