កម្មកររោងចក្រដេរស្បែកជើង កាចា ស៊ូ JACKA SHOUS នៅខេត្តកំពង់ស្ពឺប្រមាណ១០០នាក់ទាមទារប្រាក់ឈ្នួល ៦០ភាគរយនិងប្រាក់អត្ថប្រយោជន៍ពីថៅកែខណៈរោងចក្រព្យួរការងារពួកគេករណីជំងឺកូវីដ-១៩។ ការទាមទារនេះ ស្របពេលថៅកែរោងចក្រ កាចាស៊ូ បានឱ្យកម្មករឈប់សម្រាកមួយរយៈ ប៉ុន្តែមិនបានផ្តល់ប្រាក់ឈ្នួល ឬប្រាក់អត្ថប្រយោជន៍ដល់កម្មករនោះទេ។
តំណាងកម្មករនិងសហជីពឱ្យដឹងថា ថៅកែរោងចក្រដេរស្បែកជើង កាចាស៊ូ បានព្យួរការងារកម្មករជិត៣០០នាក់ ដោយមិនបានផ្ដល់ប្រាក់ឈ្នួល ៦០ភាគរយតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលទើបពួកគេធ្វើការទាមទារ។
កម្មករម្នាក់កញ្ញា មួន ស្រីឡុង ដែលបានធ្វើការងារនៅរោងចក្រនេះអស់រយៈពេល៤ឆ្នាំមកហើយនោះឱ្យដឹងថា ថៅកែរោងចក្របានបញ្ឈប់កម្មករ ហើយចំពោះកម្មកររូបណាដែលចប់កុងត្រាការងារថៅកែផ្ដល់ប្រាក់ឈ្នួលខែចុងក្រោយ លុយបំណាច់ឆ្នាំ និងប្រាក់អត្ថប្រយោជន៍ប្រាំភាគរយនៃប្រាក់ខែ។ កញ្ញាបន្តថា ចំពោះកម្មករណាដែលមិនដល់កុងត្រាគឺថៅកែរោងចក្រសម្រេចព្រួរការងារពួកគេដោយមិនផ្តល់ប្រាក់ឈ្នួលឬប្រាក់អត្ថប្រយោជន៍អ្វីទាំងអស់៖ «ខ្ញុំធ្វើការនៅហ្នឹងបួនឆ្នាំហើយតែដល់ពេលសុខៗខ្ញុំតកុងត្រារួចហើយហេតុអីមកបញ្ឈប់ខ្ញុំទៀត មិនមែនថា បញ្ឈប់ទេគឺព្យួរការងារខ្ញុំអត់បើកលុយអត់បើកប្រាក់ខែឱ្យខ្ញុំទេ»។
កម្មករម្នាក់ទៀត កញ្ញា ដុំ ស្រីមុំ ឱ្យដឹងថា ក្នុងពេលទាមទារតំណាងមន្ទីរក្រសួងការងារខេត្តកំពង់ស្ពឺចូលមកសម្របសម្រួលដោយនិយាយប្រាប់កម្មករថា ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់កម្មករនៅពេលចប់កុងត្រា ប៉ុន្តែកញ្ញាប្រាប់ថា ឆន្ទៈរបស់កម្មករមិនចង់ឱ្យមានការបញ្ឈប់ការងារនោះទេ។ កញ្ញាបន្តថា កម្មករនៅតែទាមទារទៀតរហូតទទួលបានដំណោះស្រាយ៖ «បើចង់ព្យួរការងារសុំប្រាក់ខែ៦០ភាគរយក្នុងមួយខែម្នាក់»។
អាស៊ីសេរីមិនទាន់មានប្រភពដើម្បីសុំការបញ្ជាក់មន្ទីរក្រសួងការងារខេត្តកំពង់ស្ពឺ ដែលសម្របសម្រួលករណីតវ៉ារបស់កម្មករនេះបាននៅឡើយទេ។ រីឯភាគីថៅកែរោងចក្រក៏អាស៊ីសេរីមិនអាចសុំការបំភ្លឺបានដែរ។
ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ លោក សយ ចាន់ធូ ដែលបានឃ្លាំមើលទាមទារនេះ យល់ថា ប្រសិនភាគីពាក់ព័ន្ធមិនបានសម្របសម្រួលរឿងឱ្យទាន់ពេលទេ នឹងធ្វើឱ្យការទាមទារនេះកាន់តែរីកធំ និងអូសបន្លាយពេលយូរតទៅទៀត។ មន្ត្រីសហជីពរូនេះ ជំរុញទៅភាគីថោកែរោងចក្រផ្តល់ប្រាក់ឈ្នួលទៅកម្មករឱ្យស្របតាមច្បាប់ការងារ និងអនុសាសន៍របស់លោក ហ៊ុន សែន ដែលបានលើកឡើងថា នៅពេលដែលរោងចក្រព្យួរការងារកម្មករដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល៦០ភាគរយនៃប្រាក់ខែគោលរបស់កម្មករ៖ «ជំរុញមិនឱ្យរោងចក្រគាត់យកលេសបញ្ឈប់ផ្ដេសផ្ដាសទៀតទេ យើងជំរុញឱ្យថៅកែគាត់ធ្វើ»។
ខណៈរោងចក្រមួយចំនួនបានបិទទ្វារដោយកង្វះធនធានដើម បញ្ហាទីផ្សារ និងករណីផ្ទុះជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារកម្មករដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ ក្នុងនោះ ថៅកែរោងចក្រត្រូវទទួលបន្ទុកបើកឱ្យកម្មករ៤០ភាគរយ និងរាជរដ្ឋាភិបាលចូលរួមចំណែក២០ភាគរយ។ ប៉ុន្តែលោកថា កម្មករអាចទទួល លុយ២០ភាគរយនេះលុះត្រាតែពួកគេបានចុះឈ្មោះនិងចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញ ដែលរៀបចំដោយក្រសួងការងារ។
អាស៊ីសេរីបានសុំការបំភ្លឺករណីនេះពីអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ប៉ុន្តែលោកថា កំពុងជាប់ប្រជុំ។
ប្រធានសហភាពការងារកម្ពុជា លោកអាត់ ធន់ ឱ្យដឹងថា ពេលនេះរោងចក្របានស្នើសុំព្យួរចំនួន៣៤ក្រុមហ៊ុន ប៉ុន្តែក្រោយកម្ពុជាទទួលបានវត្ថុធាតុដើមពីចិន មានក្រុមហ៊ុនមួយចំនួនបានដំណើរឡើងវិញ។ លោកឱ្យដឹងដែរថា កន្លងមកកម្មកររោងចក្រត្រូវថៅកែបិទរោងចក្រពួកគេទទួលបានប្រាក់ឈ្មួលពី៤០ ទៅ៥០ភាគរយនៃប្រាក់ខែពីថៅកែ ប៉ុន្តែប្រាក់២០ភាគរយពីរដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលបានទេ។ លោកថា បញ្ហាក្រសួងលើកឡើងដោយសារក្រសួងពិបាកទាក់ទងទៅកម្មករ។ ប្រធានសហជីពរូបនេះយល់ថា ករណីថៅកែរោងចក្រដេរស្បែកជើង កាចា ស៊ូ JACKA SHOUS មិនបើកប្រាក់ឈ្មួលពី៤០ ទៅ៥០ ជាកំហុសរបស់ថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។