កម្មកររោងចក្រចំនួន២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់បន្តបន្ទាប់នៅព្រឹកថ្ងៃទី២ មេសា។ ពួកគេត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យឯកជន។ គ្រូពេទ្យប្រាប់ថា កម្មករទាំងនោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ តែមានអាការៈហេវហត់ ទន់ខ្សោយខាងផ្នែកស្មារតី។ មន្ត្រីអង្គការដែលឃ្លាំមើលបញ្ហាសិទ្ធិការងារ ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធចុះសិក្សា និងស្វែងរកមូលហេតុដែលធ្វើឲ្យកម្មករដួលសន្លប់បែបនេះ។
កម្មការិនី ៤៨នាក់ ធ្វើការនៅរោងចក្រពីរផ្សេងគ្នា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេមានអាការៈថប់ដង្ហើម ចង់ក្អួត និងដួលសន្លប់នៅកន្លែងធ្វើការ នៅព្រឹកថ្ងៃទី២ មេសា។
កម្មករទាំងនោះខ្លះមកពីរោងចក្រ ញូវវ៉ាយ (New Wide) មានចំនួន ៤៦នាក់ និង ២នាក់ផ្សេងទៀតមកពីរោងចក្រ ប៊ឺរី អាប់ភែរ៉ិល (Bery Apparel) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។
កម្មការិនីមកពីរោងចក្រ ញូវវ៉ាយ លោកស្រី ខន សុខណាង ប្រាប់វិទ្យុអាស៊ីសេរី ថា កម្មករបានដួលសន្លប់បន្តបន្ទាប់តាំងពីរសៀលថ្ងៃទី១ មេសា បន្ទាប់ពីពួកគេទាំងនោះធុំក្លិនឈួលថ្នាំលាបជញ្ជាំងក្នុងរោងចក្រ។ លោកស្រីបន្តថា លុះព្រឹកឡើងថ្ងៃទី២ មេសា ក្លិននោះរឹតតែជះក្លិនខ្លាំងឡើងៗ រហូតធ្វើឲ្យកម្មករមិនអាចធ្វើការបាន និងចង់រត់ចេញពីបន្ទប់ធ្វើការមកខាងក្រៅ។ ប៉ុន្តែ ត្រូវខាងក្រុមហ៊ុនបិទទ្វារហាមមិនឲ្យចេញ និងបង្ខំកម្មករធ្វើការរហូតដល់មានអ្នកខ្លះដួលសន្លប់៖ «ពេលខ្ញុំចូលធ្វើទៅធុំក្លិនជាតិថ្នាំយ៉ាងឈួល ដល់ពេលពួកខ្ញុំនាំគ្នាចេញគេអត់ឲ្យចេញ គេឲ្យចូលវិញ ចូលធ្វើការយូរទៅ វាឈួលទៅៗ ដូចមានអារម្មណ៍ថប់ ថប់ៗអ៊ីចឹងទៅក៏សន្លប់ផ្ទួនៗគ្នា អ្នកខ្លះអស់ពីសន្លប់ក៏ក្អួត»។
មិនខុសគ្នាដែរ កម្មការិនីម្នាក់ទៀត កញ្ញា វណ្ណ សុវណ្ណផា បញ្ជាក់ថា ដំបូងមានកម្មករដួលសន្លប់ ២ ទៅ ៣នាក់។ ប៉ុន្តែក្រោយមក កម្មករចេះតែដួលសន្លប់ច្រើនឡើងៗ ទើបខាងរោងចក្រសម្រេចឲ្យកម្មករផ្នែកដេរទាំងអស់ឈប់សម្រាកមួយថ្ងៃ តែកម្មករផ្នែកផ្សេងៗទៀតបំពេញការងារធម្មតា៖ «ពេលម្សិលមិញធុំក្លិន តែថ្ងៃនេះគេបើកកង្ហារមួយយប់ទល់ភ្លឺទៅ ព្រឹកឡើងអត់ធុំទេ ប៉ុន្តែក្អួត ក្អួតអត់ចេញទន់ដៃទន់ជើងសន្លប់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រ ញូវវ៉ាយ សួរនាំពីមូលហេតុដែលធ្វើឲ្យកម្មករដួលសន្លប់បានទេ នៅថ្ងៃទី២ មេសា។
ដោយឡែកកម្មកររោងចក្រ ប៊ឺរី អាប់ភែរ៉ិល ដែលមានកម្មករដួលសន្លប់ដែរនោះ ត្រូវបានតំណាងសហជីពកម្មករខ្មែរប្រចាំរោងចក្រនេះ គឺកញ្ញា លីម សុភ័ក្ត្រ ប្រាប់ថា យ៉ាងហោចណាស់ក៏មានកម្មករ ៣ ទៅ ៤នាក់ ដួលសន្លប់ជារៀងរាល់ថ្ងៃ។ កញ្ញាបន្តថា ការដួលសន្លប់នោះ ទំនងកើតឡើងដោយសារតែអាកាសធាតុក្តៅខ្លាំងពីដំបូលរោងចក្រ ក្រោយពីក្រុមហ៊ុនផ្លាស់ប្ដូរដំបូលថ្មីដែលអាចស្រូបកម្ដៅខ្លាំង ជះចូលបន្ទប់ធ្វើការដោយមិនចាំបាច់ប្រើភ្លើងអគ្គិសនីបំភ្លឺ។
វេជ្ជបណ្ឌិតនៃមន្ទីរព្យាបាលមូលមិត្ត លោក ប៉ែន ហ៊ន ប្រាប់ថា កម្មការិនីទាំងនោះភាគច្រើនមានអាការៈហេវហត់ អស់កម្លាំង និងមានស្មារតីទន់ខ្សោយ។ ក្រោយពីព្យាបាល កម្មករទាំងនោះមានអាការៈល្អប្រសើរឡើងវិញ៖ «ទូទៅដែលកត់សម្គាល់ឃើញ និងទទួលព័ត៌មានពីកម្មករ គាត់តែងតែលើកឡើងពីការហូបចុក ពីបញ្ហាបរិស្ថាន ដែលគាត់រស់នៅ អ៊ីចឹងហើយមូលហេតុទាំងហ្នឹងហើយដែលធ្វើឲ្យគាត់មានកម្លាំងខ្សោយគេងមិនបានគ្រប់គ្រាន់ ការរំខានពីបរិស្ថាននៅជុំវិញកន្លែងគាត់»។
សមាជិកគណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារនៃក្រសួងការងារ លោក ម៉េង ហុង បដិសេធមិនឆ្លើយសំណួរជុំវិញករណីកម្មករដួលសន្លប់នេះទេ ដោយលោកជំរុញឲ្យទៅសួរអ្នកនាំពាក្យក្រសួងវិញ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនបានលើកទូរស័ព្ទទេ នៅថ្ងៃទី២ មេសា។
ករណីមានកម្មករដួលសន្លប់បន្តបន្ទាប់នេះ មន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ អ្នកស្រី ឆន សុខា យល់ឃើញថា ជារឿងដដែលៗតែងកើតមាន ហើយមន្ត្រីជំនាញមិនដែលរកឃើញមូលហេតុច្បាស់លាស់ទេ។ កត្តាចម្បងដែលត្រូវបានរកឃើញជាទូទៅនោះ គឺបញ្ហាថប់ខ្យល់នៅកន្លែងធ្វើការ ប៉ុន្តែកត្តានេះមិនត្រូវបានរោងចក្រដោះស្រាយឡើយ។ ចំណុចមួយទៀតដែលខាងអង្គការសង្គមស៊ីវិលសិក្សារកឃើញពីមូលហេតុ ដែលនាំឲ្យកម្មករដួលសន្លប់ច្រើននោះ គឺបញ្ហាប្រាក់ឈ្នួលទាប អ្នកខ្លះត្រូវបង្ខំចិត្តធ្វើការថែមម៉ោង ដើម្បីបានប្រាក់ច្រើនដែលធ្វើឲ្យកម្មករខ្លះគេង និងហូបចុកមិនគ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។