កម្មកររោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១ពាន់នាក់ ដែលមានទីតាំងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានសម្រេចផ្អាកការតវ៉ាមួយរយៈសិន បន្ទាប់ពីខាងភាគីក្រុមហ៊ុន សន្យាដោះស្រាយរាល់សំណើរបស់កម្មករទាំង ១២ចំណុច និងស្នើឲ្យកម្មកររង់ចាំការពិភាក្សាស្វែងរកដំណោះស្រាយជាថ្មីទៀតនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។
ការផ្អាកសកម្មភាពតវ៉ានេះ បន្ទាប់ពីក្រុមកម្មកររោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា បានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវនៅខាងមុខរោងចក្រអស់រយៈពេលប្រមាណជាង ៣ម៉ោង ដើម្បីទាមទារឲ្យថៅកែគោរពច្បាប់ការងារ និងទាមទារលក្ខខណ្ឌការងារចំនួន ១២ចំណុច នៅព្រឹកថ្ងៃទី១៧ ខែមិថុនា។
បន្ទាប់ពីមានការតវ៉ាបិទផ្លូវនៅខាងមុខរោងចក្ររបស់ក្រុមកម្មករ ដោយមិនព្រមចូលធ្វើការអស់រយៈពេល ៦ថ្ងៃរួចមក នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃនេះ ភាគីក្រុមហ៊ុនបានអញ្ជើញតំណាងកម្មករ តំណាងសហជីព ដោយមានការចូលរួមពីតំណាងមេធាវីក្រុមហ៊ុន តំណាងជីម៉ាក់ (GMAC) តំណាងអាជ្ញាធរខណ្ឌមានជ័យ សរុបប្រមាណ ៣០នាក់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករ លោក សន ប្រាក់ បានឲ្យដឹងពីលទ្ធផលក្រោយជួបចរចាជាមួយភាគីក្រុមហ៊ុនថា ក្រុមហ៊ុនបានសម្រេចដោះស្រាយសំណើរបស់កម្មករចំនួន ៧ចំណុច ក្នុងចំណោមសំណើទាំង ១២ចំណុចរបស់កម្មករដែលបានទាមទារ រួមមាន ក្រុមហ៊ុនមិនកាត់លុយកម្មករដែលមកធ្វើការយឺតត្រឹម ១០នាទី ទុកពេល ១ម៉ោងឲ្យស្ត្រីដែលមានកូនខ្ចីទៅបំបៅដោះកូន ក្រុមហ៊ុនមិនកាត់លុយពេលកម្មករឈឺពេលមានសំបុត្រពេទ្យពីមណ្ឌលសុខភាព ក្រុមហ៊ុនបើកប្រាក់មាតុភាព ៣ខែមុន ៥០% ជូនកម្មការិនីដែលត្រូវឆ្លងទន្លេសម្រាប់កម្មការិនីណាដែលបម្រើការចាប់ពី ១ឆ្នាំឡើងទៅ ក្រុមហ៊ុននឹងអប់រំណែនាំសន្តិសុខ និងតំណាងរដ្ឋបាលក្រុមហ៊ុនឲ្យប្រើពាក្យសម្ដីសមរម្យលើកម្មករ និងចំណុចចុងក្រោយ ក្រុមហ៊ុននឹងសម្រួលដល់ការសុំច្បាប់របស់កម្មករ។
តំណាងសហជីពរូបនេះបានឲ្យដឹងទៀតថា តំណាងមេធាវីរបស់ក្រុមហ៊ុនបានអះអាងថា នឹងបន្តដោះស្រាយចំណុចដែលនៅសេសសល់របស់កម្មករបន្តទៀត ហើយស្នើឲ្យកម្មកររង់ចាំដំណោះស្រាយពីក្រុមហ៊ុននៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ៖ «មេធាវីរបស់ក្រុមហ៊ុនឈ្មោះ អ៊ូ វុធ គាត់បានស្នើឲ្យកម្មករដែលតវ៉ាទាំងអស់ព្រមចូលធ្វើការវិញ ហើយគាត់បានអះអាងថា នឹងខិតខំដោះស្រាយរាល់សំណើរបស់កម្មករ ដែលដាក់ជូនក្រុមហ៊ុនកន្លងមកនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយវេលាម៉ោង ៩ព្រឹក»។
តំណាងកម្មករម្នាក់ដែលបានចូលរួមការតវ៉ានេះ លោក វ៉ាន ពៅ និយាយថា លោកមិនសូវមានជំនឿលើការសន្យារបស់ក្រុមហ៊ុន ចំពោះដំណោះស្រាយទាំង ១២ចំណុច ដែលក្រុមកម្មករធ្វើការតវ៉ាកន្លងមកប៉ុន្មាននោះទេ ព្រោះច្រើនលើកច្រើនសាហើយដែលក្រុមហ៊ុនបានសន្យា តែងតែមិនមានដំណោះស្រាយ។ លោកបន្តថា ភាគីក្រុមហ៊ុនតែងតែរំលោភបំពានសិទ្ធិកម្មករ ហើយកន្លងមក រដ្ឋបាលរោងចក្រនេះតែងតែចេញគោលការណ៍កាត់ប្រាក់ឧបត្ថម្ភបន្ថែមម៉ោងរបស់កម្មករ តាមតែទំនើងចិត្ត។
ចំណែកឯអភិបាលរងខណ្ឌមានជ័យ និងជាអ្នកដែលបានចូលរួមកិច្ចចរចានេះ លោក ឌី រ័ត្នខេមរុណ មានប្រសាសន៍ក្នុងនាមលោកជាអាជ្ញាធរដែនដីថា លោកសូមឲ្យកម្មករទាំងអស់រក្សាសណ្ដាប់ធ្នាប់ក្នុងការតវ៉ា ដោយចៀសវាងធ្វើការបិទផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម ហើយលោកក៏សូមឲ្យភាគីក្រុមហ៊ុនពន្លឿនការដោះស្រាយជូនកម្មករ។ អភិបាលរងខណ្ឌរូបនេះ សន្យាថានឹងយកសំណើរបស់កម្មករដាក់ជូនក្រសួងការងារ និងសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍លើរឿងនេះ៖ «ខ្ញុំសង្ឃឹម និងជឿជាក់ថា ចំណុចដែលនៅសេសសល់របស់កម្មករចំនួន ៥ចំណុចរបស់កម្មករ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នឹងមានដំណោះស្រាយ»។
ក្រុមកម្មកររោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា បានព្រមានថា ប្រសិនបើថៅកែរោងចក្រនៅតែបន្តអូសបន្លាយ និងមិនអើពើចំពោះការទាមទារ ព្រមទាំងមិនគោរពសន្យាក្រោយការចរចានេះទេ កម្មករនឹងបន្តប្រមូលផ្តុំគ្នាបិទផ្លូវមុនីរ៉េត ដែលនៅមុខរោងចក្របន្តទៀត រហូតទាល់តែមានដំណោះស្រាយលើសំណើទាំង ១២ចំណុចរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។