កម្មករ​រោងចក្រ​ផាញ ហ្គ្រេត បាតុកម្ម​បិទ​ផ្លូវ​ទាមទារ​ប្រាក់​ឈ្នួល

កម្មករ​ជិត ១.០០០​នាក់ នៃ​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ភ្នំពេញ ត្រូវ​ថៅកែ​រោងចក្រ​រត់​ចោល​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ចុង​ក្រោយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យ​ពួក​គេ​ឡើយ។ ក្រុម​កម្មករ​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​អស់​រយៈពេល ៣​ថ្ងៃ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។

0:00 / 0:00

កម្មករ​ប្រមាណ ២០០​នាក់ ក្នុង​ចំណោម​កម្មករ​ជាង ៧០០​នាក់​នៃ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ផាញ ហ្គ្រេត (Pine Great) ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​បិទ​ផ្លូវ​លេខ​៣៧១ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ចុង​ក្រោយ​របស់​ពួក​គេ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា។

ការ​បិទ​ផ្លូវ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​មិន​បាន​គោរព​ការ​សន្យា ដែល​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ក្រោយ​ពី​ថៅកែ​រោងចក្រ​មួយ​នេះ​បាន​រត់​ចោល​កម្មករ​ទៅ​ហើយ​នោះ។

តំណាង​កម្មករ​នៃ​រោងចក្រ ផាញ ហ្គ្រេត លោកស្រី កែ សុខុម ថ្លែង​ថា ការ​បិទ​ផ្លូវ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់ បន្ទាប់​ពី​ការ​តវ៉ា​អស់​រយៈពេល ៣​ថ្ងៃ​មិន​ទទួល​បាន​លទ្ធផល។

អភិបាល​រង​ខណ្ឌ​មានជ័យ លោក ហៀក ចាន់លាង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែនដី​បាន​ត្រឹម​តែ​ជួយ​សម្រប​សម្រួល​ប៉ុណ្ណោះ ចំណែក​សំណង​ដែល​រោងចក្រ​ជំពាក់​កម្មករ​នោះ គឺ​ជា​ដំណោះស្រាយ​រវាង​កម្មករ ក្រុមហ៊ុន និង​ក្រសួង​ការងារ។

ទោះ​យ៉ាង​ណា​ក្ដី អគ្គលេខាធិការ​រង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឃឹម ចំណាន អះអាង​ថា បញ្ហា​នេះ​វា​មិន​ពិបាក​អ្វី​ទេ បើ​សិន​ជា​អាជ្ញាធរ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មាន​សុឆន្ទៈ​ក្នុង​ការ​នាំ​ខ្លួន​ថៅកែ​រោងចក្រ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​នោះ។

ពុំ​មាន​ភាគី​ពាក់ព័ន្ធ​ណា​មួយ​បញ្ជាក់​ថា ក្រុមហ៊ុន ផាញ ហ្គ្រេត បាន​បង់​ប្រាក់​តម្កល់​សម្រាប់​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា នោះ​ទេ។ មន្ត្រី​សហជីព​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​នៅ​ពេល​ដែល​រោងចក្រ ឬ​ក្រុមហ៊ុន​មួយ​ក្ស័យ​ធន ម្ចាស់​ក្រុមហ៊ុន​តែង​រត់​បាត់ ចំណែក​ឯ​កម្មករ​ត្រូវ​ខាត​បង់​អត្ថប្រយោជន៍​ទាំង​ស្រុង។

កម្មករ​រោងចក្រ ផាញ ហ្គ្រេត បាន​បិទ​ផ្លូវ​ពេញ​មួយ​ថ្ងៃ ហើយ​ពួក​គេ​ថា​នឹង​បន្ត​ការ​បិទផ្លូវ​ទៀត ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នោះ។ ក្រៅ​ពី​ការ​បិទ​ផ្លូវ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ក្រុម​អ្នក​តវ៉ា​ក៏​បាន​ប៉ុនប៉ង​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។