ក្នុងពេលដែលក្រុមគ្រួសារ ព្រមទាំងពលរដ្ឋជាច្រើនម៉ឺននាក់បានរួមគ្នាដង្ហែសពលោកបណ្ឌិត កែម ឡី ចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើតឯខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ប្រជាពលរដ្ឋខ្លះនៅខេត្តសៀមរាប ក៏បានគោរពដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ពីចម្ងាយដែរ។
ក្រុមប្រជាពលរដ្ឋខ្លះ ថ្វីត្បិតតែមិនបានទៅចូលរួមដង្ហែសពដោយផ្ទាល់ ក៏ពួកគេបានយករូបថតរបស់លោកបណ្ឌិត កែម ឡី មកបំពាក់កម្រងផ្កា ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌ធ្វើពិធីបង្សុកូលឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធរបស់លោកផងដែរ។
ក្រុមសហជីពកម្មករដែលមកពីសហជីពសណ្ឋាគារ សមាគមអ្នករត់ម៉ូតូឌុប ព្រមទាំងប្រជាពលរដ្ឋប្រមាណជិត ៤០នាក់នៅក្នុងខេត្តសៀមរាប បានរួមគ្នាធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា។
«សំឡេងសូត្រធម៌»
ពិធីបង្សុកូលតាមបែបព្រះពុទ្ធសាសនា ដោយមានព្រះសង្ឃធ្វើជាអធិបតី បានចាប់ផ្ដើមឡើងនៅស្របពេលដែលសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់រួមគ្នាដង្ហែចេញពីទីវត្តចាស់ ក្នុងទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើតឯស្រុកត្រាំកក់ ខេត្តតាកែវ។
អ្នកផ្ដួចផ្ដើមធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី គឺប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា បន្ទាប់ពីបញ្ចប់ពិធីនោះថា រូបលោកក៏ដូចជាកម្មករជាច្រើន បានសម្ដែងការដឹងគុណចំពោះលោកបណ្ឌិត កែម ឡី ដែលធ្លាប់បង្រៀនឲ្យចេះដឹងអំពីច្បាប់ជាច្រើនសម្រាប់ការពារផលប្រយោជន៍កម្មករ។
លោក ម៉ម រិទ្ធី បញ្ជាក់ទៀតថា នៅថ្ងៃអាទិត្យ នេះ គឺសាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារដង្ហែចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើត ហើយសហជីពកម្មករដូចពួកលោកមិនមានពេលគ្រប់គ្រាន់ទៅចូលរួមដង្ហែសពដោយផ្ទាល់ទេ មានតែធ្វើពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោក ដើម្បីជាកិច្ចតបស្នងសងគុណ៖ « ពួកយើងទាំងអស់គ្នានៅខេត្តសៀមរាប អត់បានទៅចូលរួមដង្ហែសពជូនដំណើរលោកទេ គឺយើងធ្វើពិធីសាសនានេះ ដើម្បីជូនដំណើរលោក »។
លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាព ត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងហាងស្ដារម៉ាត (Star Mart) មួយកន្លែងម្ដុំស្តុបបូកគោនាទីក្រុងភ្នំពេញ។ មរណភាពរបស់លោក បានធ្វើឲ្យបណ្ដាអង្គទូតនានា អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែររាប់លាននាក់សោកស្ដាយ ហើយទ្រហោយំស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
បុរសចំណាស់អាយុ ៦៧ឆ្នាំ ដែលមកចូលរួមរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី លោកអាចារ្យ វឿន មានប្រសាសន៍ថា លោកមិនធ្លាប់បានជួបមុខលោក កែម ឡី ដោយផ្ទាល់ទេ គឺលោកធ្លាប់តែស្ដាប់សំឡេងតាមវិទ្យុ ព្រមទាំងមើលតាមទូរទស្សន៍ និងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។ បុរសដដែលបញ្ជាក់ថា ថ្វីត្បិតតែលោកមិនដែលជួបមុខផ្ទាល់ក៏ដោយ ក៏លោកចាត់ទុកថាមនុស្សដូចលោក កែម ឡី គឺមានតម្លៃបំផុតដែលប្រទេសកម្ពុជា មិនងាយរកបាន៖ « ខ្ញុំស្ដាយគាត់ណាស់។ គាត់និយាយល្អណាស់ អត់មាននិន្នាការលម្អៀងទៅខាងណាទេ ហើយសូម្បីតែលើកតម្កើងខ្លួនគាត់ ក៏មិនមាន »។
ក្នុងពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មានមនុស្សជាច្រើនបាននាំគ្នាអុជធូបសំពះរូបថតរបស់លោកបណ្ឌិត កែម ឡី ហើយបង្ហូរទឹកភ្នែកដោយស្ដាយស្រណោះបំផុត។
ចំណែកព្រះសង្ឃដែលនិមន្តជាអធិបតីនៃពិធីនេះ បានសូត្រធម៌ទាញសរសៃអំបោះ ដើម្បីបង្សុកូលឲ្យវិញ្ញាណក្ខន្ធរបស់លោក កែម ឡី បានមកទទួលមគ្គផល ព្រមទាំងបានធ្វើដំណើរទៅកាន់សុគតិភពដោយស្ងប់ស្ងាត់។
«សំឡេងសូត្រធម៌»
អតីតប្រធានសហជីពកម្មករនៅសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) អ្នកស្រី ចាន់ សុជាតិ មានប្រសាសន៍ថា អ្នកស្រីមានអារម្មណ៍សោកសង្រេង និងក្ដុកក្ដួលយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ដែលឃាតកបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី រហូតមកដល់ពេលនេះ៖ « សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី បានទៅដល់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ »។
ចាប់តាំងតែពីថ្ងៃទី១០ ខែកក្កដា ដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មកគឺមានប្រជាពលរដ្ឋ និងមន្ត្រីរាជការខ្លះក្នុងខេត្តសៀមរាប បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដើម្បីអុជធូបគោរពវិញ្ញាណក្ខន្ធដោយសេចក្តីស្រឡាញ់ និងសោកស្ដាយយ៉ាងខ្លាំង។
ដោយទឹកចិត្ត និងអារម្មណ៍នៅតែដក់ជាប់ជាមួយលោកបណ្ឌិត កែម ឡី ប្រជាពលរដ្ឋខ្លះនៅក្នុងខេត្តសៀមរាប ចង់ឲ្យមានការសាងសង់រូបសំណាករបស់លោក កែម ឡី ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ ហើយចង់ឲ្យរដ្ឋាភិបាលចំណាយថវិកាទិញយកកន្លែងស្តារម៉ាត (Star Mart)ដែលគេបាញ់សម្លាប់រូបលោកនោះ ធ្វើជាកន្លែងដាក់តាំងរូបសំណាកដើម្បីឲ្យប្រជាពលរដ្ឋបានចងចាំ និងស្គាល់លោក កែម ឡី ជារៀងរហូតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។