ក្រុមកម្មករធ្វើការនៅតាមបណ្ដារោងចក្រខ្លះឱ្យដឹងថា ពួកគេនៅបន្តធ្វើការងារធម្មតា មិនឈប់សម្រាកនៅថ្ងៃចូលឆ្នាំឡើយ ដោយសារមានបម្រាបពីរដ្ឋាភិបាល។ ប៉ុន្តែក្រុមកម្មករស្នើសុំថា រដ្ឋាភិបាល និងថៅកែរោងចក្រ គួរសម្របសម្រួលផ្ដល់អត្ថប្រយោជន៍ឱ្យខ្លះ ដោយសារតែពួកគេធ្វើការក្នុងថ្ងៃចូលឆ្នាំ។
តំណាងកម្មករនៅរោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ផាន់ សាមុត អះអាងថា កម្មករក្នុងរោងចក្របានសន្យានឹងមិនឈប់សម្រាក ហើយមិនវិលទៅស្រុកកំណើតទេ តែពួកគេចង់ធ្វើការតែមួយព្រឹកក្នុងកំឡុង ៥ថ្ងៃ ពេលចូលឆ្នាំ។
លោក ផាន់ សាមុត យល់ថា ប្រសិនកម្មករអាចឈប់ពេលល្ងាច ពួកគេនឹងមិនសូវរងវិបត្តិផ្លូវចិត្ត។ តែបើសិនរដ្ឋាភិបាល ចង់ឱ្យកម្មករធ្វើការពេញម៉ោង នៅថ្ងៃចូលឆ្នាំ រដ្ឋាភិបាលត្រូវផ្តល់ប្រាក់អត្ថប្រយោជន៍ខ្លះ ជាការលើកទឹកចិត្តកម្មករ៖ «ដូចថា អន់ចិត្ត បាត់បង់ទឹកចិត្តអ៊ីចឹងណា។ ធ្វើការវាមិនពេញ១០០ % បានតែ៨០ ឬ៩០ % ។ ស្នើសុំទៅថៅកែរោងចក្រ ឬមួយក៏រាជរដ្ឋាភិបាល ថា ក្នុងកំឡុងពេលធ្វើការថ្ងៃបុណ្យហ្នឹងគឺផ្ដល់អត្ថប្រយោជន៍អ្វីអ៊ីចឹងណាបង។ តែសម្រាប់ការទៅស្រុក ទៅអ្វី អត់មានប្រតិកម្មអ្វី ចង់ទៅស្រុកទេបង ព្រោះអ្វីគិតគូរពីសុខភាពរបស់យើងដែរ»។
ចំណែកកម្មការិនីម្នាក់ទៀត ធ្វើការនៅរោងចក្រប៊ូវឃ័រ (Bowker) នៅស្រុកអង្គស្នួល លោកស្រី ស៊ុន ស្រីនាង ឱ្យដឹងថា ក្រុមកម្មករភាគច្រើន នៅរោងចក្រ ក៏មិនហ៊ានឈប់សម្រាកដែរ ដោយសារខ្លាចត្រូវរងការលុបឈ្មោះ និងគ្មានប្រាក់ចំណូល។ តែយ៉ាងណា លោកស្រីអត់សំគាល់ថា មានក្រុមកម្មករខ្លះ ក៏នៅតែឈប់ដែរ។
លោកស្រីក៏សំណូមពរឱ្យរដ្ឋាភិបាល គិតគូរសម្រួលអត្ថប្រយោជន៍ខ្លះ ឱ្យកម្មករ ដែលរដ្ឋាភិបាលបានតម្រូវឱ្យធ្វើការងារពេលថ្ងៃចូលឆ្នាំ៖ «ចង់បាន តែបើសម្ដេចគាត់ប្រកាសអ៊ីចឹងហើយ មិនដឹងនិយាយថាម្ដេច ? និយាយទៅ អ្នកនៅ រោងចក្រប៊ូវឃ័រ គាត់មកច្រើន គាត់មកច្រើន អត់សូវមានអ្នកអត់មកទេ។ មាន ( អវត្តមាន ) ប៉ុន្តែតិចតួចអ៊ីចឹងទៅណា។ គាត់ដូចជាអត់ទៅស្រុកទេ គាត់ច្បាប់រវល់ជូនលុយម៉ែឪ សូត្រមន្តអ៊ីចឹងណា គាត់ដាក់ច្បាប់អ៊ីចឹង តែគ្រាន់គាត់ទៅណា អត់ដឹងដែរ។ ចង់ ( អត្ថប្រយោជន៍ ) ចេះតែចង់ហើយបង តែបើរាជរដ្ឋាភិបាលគាត់ប្រកាសអ៊ីចឹង ខ្លាចដែរ»។
លោកស្រី ស៊ុន ស្រីនាង ឱ្យដឹងទៀតថា កម្មករអាចប្រឈមមុខនឹងការឆ្លងជំងឺ covid-19 ដោយសារតែ ការជិះឡានទៅធ្វើការ នៅតែឈរប្រជ្រៀតគ្នា។ ទោះបីជាយ៉ាងណា លោកស្រីថា មុនពេលចូលធ្វើការ ខាងរោងចក្របានវាស់កម្ដៅកម្មករ និងដាក់អាកុល សម្រាប់លាងដៃ គ្រប់កន្លែងក្នុងរោងចក្រ។ ចំណែកក្រុមកម្មករវិញ មានការប្រុងប្រយ័ត្ន ពាក់ម៉ាស់ទាំងពេលធ្វើដំណើរ និងពេលធ្វើការនៅរោងចក្រ ហើយបានអង្គុយធ្វើការនៅឆ្ងាយៗពីគ្នា។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញសំណើរបស់ក្រុមកម្មករ ពីខាងភាគីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល លោក ហេង សួរ បានទេ។ តែ លោក ហេង សួរ និងរដ្ឋមន្ត្រី លោក អ៊ិត សំហេង ធ្លាប់បានព្រមានកម្មករថា ប្រសិនបើពួកគេឈប់សម្រាកនឹងត្រូវរោងចក្រមិនឱ្យចូលធ្វើការងារក្នុងរយៈពេល ១៤ថ្ងៃ ដោយគ្មានប្រាក់។
ប្រធានសហព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ យល់ថា រដ្ឋាភិបាល និងថៅកែរោងចក្រ គួរពិចារណា សំណើរបស់កម្មករ ព្រោះ វិធីនេះជួយសម្រួលអារម្មណ៍ឱ្យកម្មករធូរស្បើយពីការងារ។ លោកបន្តថា លោកមិនគិតថា រដ្ឋាភិបាលនិងរោងចក្រ នឹងអាចផ្ដល់ប្រាក់អត្ថប្រយោជន៍បន្ថែមដល់កម្មករនៅពេលនៃការរាតត្បាតជំងឺ covid-19នេះទេ៖ «រដ្ឋាភិបាលចេញមកវាល្អហើយ ឱ្យឈប់៥ថ្ងៃវិញ។ ប៉ុន្តែរោងចក្រមួយៗ វាគួរមានការសម្រួលខ្លះ នូវភាពជាក់ស្ដែងហ្នឹង កុំឱ្យតឹងតែងពេក នៅពេលដែលគាត់នៅក្នុងក្រុង គាត់អត់បានទៅផ្ទះ ទៅអ្វីអ៊ីចឹងណា។ អាហ្នឹង សុំឱ្យមានការចរចាជាក់ស្ដែងនៅក្នុងរោងចក្រមួយៗទៅ។ អាហ្នឹង ក៏វាម្យ៉ាងដែរ»។
រដ្ឋាភិបាល និងក្រសួងការងារ បានចេញប្រកាសព្រមគ្នាថា ឱ្យកម្មករ បុគ្គលិក គ្រប់វិស័យ ទាំងរដ្ឋ និងឯកជន ត្រូវធ្វើការធម្មតា ក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យលើកពេលឈប់សម្រាករយៈពេល៥ថ្ងៃ ទៅពេលក្រោយ ដោយអះអាងថា ដើម្បីបង្ការហានិភ័យឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ប៉ុន្តែរដ្ឋាភិបាល មិនទាន់បានបង្ហាញវិធានការ ជួយកម្មករឱ្យបានធ្វើដំណើរទៅធ្វើការ កុំឱ្យជិះប្រជ្រៀតគ្នាឈរលើរថយន្ត និងវិធានការហាមពលរដ្ឋប្រមូលផ្ដុំគ្នា ពិសាគ្រឿងស្រវឹងនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។