ពលករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន

ដោយ ថា ថៃ
2023.11.24
ពលករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។
រូប៖ ហ្វេសប៊ុកអគ្គស្នងការ

ពលករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្លឿន ការ​បញ្ចុះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន។ ពួកគាត់​លើកឡើង​ថា ការ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន​នេះ នឹង​អាច​ធ្វើ​ឲ្យ​ពលករ រួច​ផុត​ពី​ទាសករ​សម័យ​ទំនើប។

ពលករ ដែល​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ កំពុងតែ​ជួប​បញ្ហា​ជីវភាព ក្រោយពី​បង្ខំចិត្ត​នាំ​កូន​នាំ​ចៅ​ចាក​ឆ្ងាយ​ពី​គ្រួសារ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រកលុយ​សងបំណុល​ធនាគារ។ ពលករ​ទាំងនោះ​ជា​ពលករ​ឆ្លងដែន​ខុសច្បាប់​ទាំងនោះ នៅពេល​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង និង​មិន​បើកប្រាក់​ខែ​ឲ្យ គឺ​ពួកគាត់​មិន​ត្រឹមតែ មិន​ត្រូវ​បានការ​ពារ​ដោយ​ក្រសួង​ការងារ នៃ​ប្រទេស​ថៃ​ទេ ថែមទាំង​ប្រឈម​នឹង​ថៅកែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ថៃ ឲ្យ​ឃាត់ខ្លួន​ពួកគាត់​នៅក្នុង​ករណី​គ្មាន​លិខិតឆ្លងដែន​ទៀត​ផង។

ពលករ​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ លោក សឿន ឌីន ដែល​មាន​ប្រពន្ធ និង​កូន​ចំនួន​៥​នាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ វិច្ឆិកា ថា គ្រួសារ​របស់​លោក​បាន​ចំណាកស្រុក​មក​ដើម្បី​រក​ការងារ​ធ្វើ ដោយ​មិន​មាន​លទ្ធភាព​ធ្វើ​លិខិត​ឆ្លងដែន​នោះ​ទេ​។ លោក​បន្ត​ថា ថ្មីៗ​នេះ ថៅកែ​មិនបាន​បើក​លុយ​ឲ្យ​លោក និង​ពលករ​ចំនួន ១៥​នាក់​ផ្សេងទៀត​នោះ ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​លោក​ជួប​បញ្ហា​សេដ្ឋកិច្ច និង​គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ។

លោក សឿន ឌីន៖ «ធ្វើ​ម៉េច​បើ​អត់​ទៅ​ហើយ​មានតែ​ធ្វើការ​ឡើង​មក​ហ្នឹងហើយ ដល់ពេល​ឡើង​មក​បើក​លុយ​អត់​បាន​ទៀត អត់​ដឹង​គិតថា​ម៉េច ។ ជួប​ដែរ​ផល​លំបាក គេ​អត់បើក​លុយ​ឲ្យ អីចឹង​ទៅ​ពិបាក​ដែរ​បង មាន​ថ្ងៃ​ខ្លះ​ដើរ​រើស​អេតចាយ»

កម្មករ នៅ​ប្រទេស​ថៃ ម្នាក់ទៀត គឺ​លោក គួ សាវឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ក៏​ជួបប្រទះ​បញ្ហា ដូច​ពលករ​ដទៃទៀត​ដែរ​ដូចជា ការ​ធ្វើ​ការ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ប្រាក់ខែ​សម្រាប់​តែ​បន្ត​សុពលភាព​ឯកសារ​ការងារ ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល បញ្ចុះតម្លៃ​លិខិតឆ្លងដែន និង​រៀបចំ​កន្លែង​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យ​បាន​ច្រើន​កន្លែង​ក្នុង​ប្រទេស​ថៃ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ។

លោក គួ សាវឿន៖ «ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​មក​ធ្វើ​លិខិតឆ្លងដែន (Passport)​នៅ​ប្រទេស​ថៃ ចង់​ឲ្យ​គាត់​មក​ធ្វើ​ទៅ ដើម្បី​កុំ​ឲ្យ​បងប្អូន​យើង​ទៅតាម​ជាយដែន​ទៅ​ថតរូប​ថត​អី គាត់​មាន​ផលវិបាក​អា​ថ្លៃ​ឡាន​ទៀត ។ ថ្លៃ​ឡាន​គេ​យក​ពី​គាត់​ក្នុង​មួយ​នាក់ ៤​ពាន់ ៥​រយ​បាត អ៊ីចឹង​គាត់​ទៅ​ធ្វើ​ការ​រាល់ថ្ងៃ​ហ្នឹង ចិញ្ចឹម​តែ​ប៉ាស្ព័រ និង​ឯកសារ​ប៉ុណ្ណឹង​ឯង អ៊ីចឹង​គាត់​អត់​មាន​លុយ​បង់​ធនាគារ គាត់​ខ្វះខាត​ច្រើន​។ អ៊ីចឹង​រួបរួម​ទៅ​គាត់​ធ្វើការ​មួយថ្ងៃ ៣​រយ​ហាសិប​បាត​ទៅ ៤​រយ​បាត មាន​ន័យថា គាត់​យក​លុយ​ចំណូល​ហ្នឹង​យក​ទៅ​ចាយ​ឯកសារ​វា​អត់​គ្រប់​អត់​គ្រាន់​ហា​បង»

ចំណែក​ពលករ​ខ្មែរ​ធ្វើការ​សំណង់​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក (Bangkok) លោក អែម ពិសិដ្ឋ ថ្លែង​ថា ដោយសារ​ការ​ធ្វើ​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ការងារ​នៅ​ប្រទេស​ថៃ មានតម្លៃ​ថ្លៃ និង​ត្រូវធ្វើ​ជាប្រចាំ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន និង​ផ្អាក​ការ​បង់​សងបំណុល​ធនាគារ​រយៈពេល​មួយឆ្នាំ​ដើម្បី​ឲ្យ​ពលរដ្ឋ មាន​លទ្ធភាព​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។

លោក អែម ពិសិដ្ឋ៖ «ហើយ​ណាមួយ​បារម្ភ​នៅពេល​យើង​ធ្វើការ​ខែវស្សា​ការងារ​សំណង់​ពេលខ្លះ​យើង​ត្រូវ​ទឹកភ្លៀង​យើង​ត្រូវ​អី​ទៅ​វា ផ្ដាសាយ​វា​ឈឺ ហើយ​យើង​អត់​បាន​ធ្វើ​ការ សុំ​សម្រាក​មួយថ្ងៃ​ទៅ​២​ថ្ងៃ អីចឹង​ហើយ​យើង​ត្រូវ​ខ្ចី​លុយ​គាត់​ហ្នឹង​ដើម្បី​មើល​ថែទាំ​ខ្លួន​ថែមទៀត អ៊ីចឹង។ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​យើង​ធ្វើការ​ចាប់ពី​៣​ខែ ទៅ​៤​ខែ​បាន​យើង​អាច​ដោះ​គ្រាន់តែ​រួច និង​មាន​លុយ​ផ្ញើ​ទៅ​អ្នកផ្ទះ​ខ្លះ»

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២២ វិច្ឆិកា។

ទាក់ទង​នឹង​ការ​ស្នើសុំ​បញ្ចុះ​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា កាលពីដើម​ខែកញ្ញា ថ្លែង​ទទួល​ស្គាល់​ថា តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​នៅ​កម្ពុជា មាន​តម្លៃ​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ។ លោក ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យ​ឡើងវិញ ចំពោះ​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​នេះ។

លោក ស សុខា៖ «និយាយ​រួម​សូម​ឲ្យ​ពិនិត្យ​បញ្ហា​នេះ​ហើយ សូម​ឲ្យ​លើក​យោបល់​ក្នុង​ការ​សម្រេច​ធ្វើ​ម៉េច​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​ការ​វិវត្ត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​លិខិតឆ្លងដែន​មានការ​ឡើងថ្លៃ​រហូត ហើយ​យើង​ដឹង​ហើយ​ការ​បោះពុម្ព ឬមួយ​ការផលិត​នៃ​លិខិតឆ្លងដែន​នេះ មិន​ដល់​ប៉ុណ្ណឹង​ពេក​ទេ»

ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែង​ក្នុង​កិច្ចពិភាក្សា​របស់​អង្គការ​សង់ត្រាល់ ក្រោម​ប្រធានបទ​ថា៖ «ធ្វើ​ដូចម្ដេច ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការ​ចំណាកស្រុក​នៅ​ថ្ងៃទី​២២ វិច្ឆិកា ថា ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ កំពុង​តែ​ជួបប្រទះ​បញ្ហា​តាំងពី​ដំណាក់កាល​ស្វែងរក​ការងារ អំឡុង​ពេល​ការងារ និង​ក្រោយ​ឈប់​បំពេញ​ការងារ។ លោក​បន្ត​ថា នៅ​ពេល​ពលករ​ទាំងនោះ ត្រូវ​បាន​ថៅកែ​រំលោភសិទ្ធិ​ការងារ ដោយ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឲ្យ ឬ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ក៏ដោយ ក៏​ពួកគាត់​ស្ទើរតែ​មិន​ទទួល​បាន​ការ​ការពារ​ពី​ក្រសួង​ការងារ នៃ​ប្រទេស​ថៃ​ដែរ។

លោក ឌី ថេហូយ៉ា៖ «ទាសភាព​ក្នុង​សម័យ​ទំនើប​នេះ ទាសករ​ក្នុង​សម័យ​ទំនើប​ហ្នឹង វា​អត់​មាន​ឯករាជ្យ អត់​មាន​សេរីភាព អត់​មាន​សេរីភាព​ក្នុង​ការ​ដើរហើរ អត់​មាន​សេរីភាព​ក្នុង​ការ​តវ៉ា មិន​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ ការងារ​ដោយ​បង្ខំ​ទាំងអស់​ហ្នឹង គេ​ហៅថា បើ​យើង​និយាយ​ភាសា​សាមញ្ញ​គេ​ហៅថា ទាសករ​ក្នុង​សម័យ​ទំនើប​សំណួរ​សួរ​ថា បើ​ការ​ធ្វើ​ការ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​ធ្វើការ​ក្នុង​ភាពជា​ទាសភាព​ក្នុង​សម័យ​ទំនើប សំណួរ​សួរ​ថា ទី​១ សុខភាព​គាត់​រឹងមាំ​ឬ​អត់​នៅពេល ដែល​គាត់​ចប់​កិច្ចសន្យាការងារ ឬក៏​ត្រឡប់​មក​ខ្មែរ​? ទី​២ សំណួរ​សួរ​ថា គាត់​សល់​លុយ​ត្រឡប់​មកវិញ​អត់?»

ប្រៀបធៀប​ជាមួយ​ធ្វើ​លិខិត​ឆ្លងដែន​ជាមួយ​ប្រទេសជិតខាង​វិញ ការ​ធ្វើ​លិខិតឆ្លងដែន​កម្ពុជា​មានតម្លៃ​ថ្លៃ​ជាងគេ​។ ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន​ប្រើប្រាស់ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចំណាយ​ចាប់ពី​ជាង ១រយ​ដុល្លារ (១១០​ដុល្លារ​) ទៅដល់​ជាង ២​រយ​ដុល្លារ​អាមេរិក (២៣០​ដុល្លារ​) ខណៈ​ការ​ធ្វើ​លិខិតឆ្លងដែន ប្រទេស​ថៃ (Thailand) និង​ប្រទេស​ឡាវ (Lao) ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង ២​នេះ ត្រូវ​ចំណាយ​ប្រមាណ ៥០​ដុល្លារ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។