សពពលករខ្មែរ៧នាក់ដែលស្លាប់ដោយសារបាក់អគារនៅថៃត្រូវបានបញ្ជូនមកដល់កម្ពុជា
2014.02.28
សាកសពពលករខ្មែរ ៧នាក់ ដែលស្លាប់ក្នុងហេតុការណ៍បាក់អគារត្រូវបានមន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក បញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៧ កុម្ភៈ។ ភ្លាមៗនោះ ក្រុមគ្រួសារបាននាំសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត រៀងៗខ្លួន។ ចំណែកកម្មករខ្មែររបួសចំនួន ១៤នាក់ទៀត កំពុងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ។
បន្ទាប់ពីដឹកមកដល់ទឹកដីកម្ពុជា ភ្លាមៗ សាកសពពលករខ្មែរទាំង ៧នាក់ ដែលគេដាក់នៅក្នុងក្ដារមឈូស ត្រូវបានគេយកទៅតម្កល់រួមគ្នានៅក្នុងបរិវេណវត្តបាលិលេយ្យ ហើយបាននិមន្តព្រះសង្ឃសូត្រធម៌ អន្ទងព្រលឹងរបស់សាកសពទាំងនោះ ឲ្យត្រឡប់ពីប្រទេសថៃ មកកម្ពុជា វិញ។
ក្រោយពីព្រះសង្ឃធ្វើពិធីតាមបែបព្រះពុទ្ធសាសនាចប់ សាកសពទាំងនោះត្រូវក្រុមគ្រួសារដឹកបញ្ជូនបន្តទៅកាន់លំនៅឋានរៀងៗខ្លួន នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
អគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ លោក នេត សេរី ថ្លែងនៅថ្ងៃទី២៨ កុម្ភៈ ថា នៅក្នុងការដឹកជញ្ជូនសាកសពពលករខ្មែរទាំង ៧នាក់ មានមន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក និងថៅកែក្រុមហ៊ុនថៃ អមដំណើរជួយពិនិត្យមើលការខុសត្រូវ៖ «មកដល់ម៉ោង ៨យប់ជាង អ្នករងគ្រោះនៅសម្រាកនៅមន្ទីរពេទ្យ សំណងខាងថៅកែគេធានាចេញសងយើងទាំងអស់ ឲ្យបានសមរម្យដូចជនជាតិថៃ សូម្បីតែសពយើងដឹកមកល្ងាចមិញ ក៏មានខាងថៅកែគេមកជួយមើលការខុសត្រូវ តាំងពីការលើកដាក់អីទាំងអស់»។
ពលករខ្មែរទាំងនោះរងគ្រោះថ្នាក់ស្លាប់ និងរបួស ដោយសារការបាក់ស្រុតអគារការដ្ឋានសង់មន្ទីរពេទ្យថៃ មួយ កាលពីថ្ងៃទី២៥ កុម្ភៈ នៅខេត្តសមុទ្រប្រាខាន់ (Samut Prakharn) ប្រទេសថៃ នៅពេលដែលពួកគេសម្រាកទទួលទានអាហារថ្ងៃត្រង់។ អ្នកដែលស្លាប់នោះមានពលករសរុបចំនួន ១០នាក់។ ក្នុងនោះមានខ្មែរ ៧នាក់ ហើយពលករខ្មែរដែលរងរបួសមាន ១៤នាក់ ប្រុស៩ និងស្រីចំនួន ៥នាក់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈ ថា ពលករខ្មែរប្រុសស្រី ១៤នាក់ ដែលរងរបួសនោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ។ មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក តំណាងក្រុមហ៊ុន ខេ.អិល.អិម (KLM) ដែលបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ កំពុងសហការជាមួយក្រុមហ៊ុនសំណង់ថៃ (Italian Thai Construction) យ៉ាងយកចិត្តទុកដាក់ ចំពោះករណីគ្រោះថ្នាក់នេះ៖ «២០.០០០ បាននេះ អោយជាបឋមទេ គ្រាន់តែជាសោហ៊ុយយកសាកសពពីបាងកក មកធ្វើបុណ្យនៅខ្មែរយើង ហើយគេនឹងគិតគូរសងតាមកិច្ចសន្យាផ្សេងៗទៀត តាមកិច្ចសន្យារបស់គេ វាអាចពលករស្របច្បាប់មួយចំនួនអាចមានក្រុមហ៊ុនធានារ៉ាប់រងដល់ជីវិតផ្សេងៗហ្នឹង អាចទទួលបានផលផ្សេងៗគ្នាទៅតាមកិច្ចសន្យា និងតាមច្បាប់ការងារផងដែរ»។
លោកបន្តថា មន្ត្រីស្ថានទូតខ្មែរ កំពុងធ្វើកិច្ចការងារបន្ត ដើម្បីជួយដល់ពលករខ្មែរ។ កិច្ចការសំខាន់ទី១ ធ្វើយ៉ាងណាខិតខំព្យាបាលពលករខ្មែរទាំង ១៤នាក់នោះឲ្យជាសះស្បើយ។ នៅពេលជាសះហើយ គេត្រូវពិនិត្យមើលថែមទៀតថា តើពួកគេមានស្ថានភាពដូចម្ដេចខ្លះ អាចធ្វើការកើត ហើយអ្នកណាដែលធ្វើការមិនកើត ត្រូវដោះស្រាយបន្ត។ បញ្ហាទី២ លោកថា គឺផ្ដោតលើសំណងជូនទៅដល់គ្រួសារសាកសពពលករខ្មែរទាំង ៧នាក់ ទៅតាមកិច្ចសន្យា និងច្បាប់ការងាររបស់ប្រទេសថៃ៕