អាជ្ញាធរ និងក្រុមកម្មករ រោងចក្រហ្គាវ័ន អាប់ភើរឹល (GAWON Apparel) នៅក្រុងតាខ្មៅ ខែត្រកណ្ដាល នៅថ្ងៃទី២០ កុម្ភៈ បានចាប់ផ្ដើមអនុវត្តសាលក្រមរបស់សាលាដំបូងខែត្រកណ្ដាល ដោយនាំគ្នាចាប់ផ្ដើមរាប់សម្ភារៈនៅក្នុងរោងចក្រហ្គាវ័ន្ដ ដើម្បីលក់ឡាយឡុង ក្រោយពេលដែលថៅកែរោងចក្រ មិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករ។
កម្មការិនីម្នាក់ គឺអ្នកស្រី ថូ ណៃយៀប ប្រាប់អាស៊ីសេរីថា ការអនុវត្តសាលក្រម រាប់សម្ភារៈរោងចក្រ លក់ឡាយឡុងនេះ មានការចូលរួមពីមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងមន្ត្រីកងរាជអាវុធហត្ថ។ គិត ត្រឹមម៉ោងជិត ៥ល្ងាច ថ្ងៃទី២០ កុម្ភៈ កម្មករ ថា ថៅកែរោងចក្រ និងបុគ្គលិកជាន់ខ្ពស់រោងចក្រ បាន រារាំងសកម្មភាពរបស់មន្ត្រី និងកម្មករ ដោយមិនព្រមចាក់សោរបន្ទប់ និងបានលួចយកក្រណាត់ ឬសម្ភារៈមានតម្លៃទៅលាក់ទុក មិនព្រមឲ្យកម្មករ និងអាជ្ញាធរប្រមូលរាប់ ដើម្បីលក់ឡាយឡុង តាម សាលក្រមរបស់តុលាការទេ។ «»
រោងចក្រហ្គាវ័ន នៅក្រុងតាខ្មៅ បានចាប់ផ្ដើមមានជម្លោះតាំងពីដើមខែធ្នូ ឆ្នាំ២០១៧។ កាលណោះ ក្រុមកម្មករនាំគ្នា ធ្វើកូដកម្មដេកយាមនៅមុខរោងចក្រ ដោយសារថៅកែមិនព្រមបើកប្រាក់ឈ្នួលប្រចាំខែឲ្យពួកគាត់ និងសង្ស័យថា ថៅកែមានចេតនា បិទរោងចក្រស្ងាត់ៗ ហើយលួចដឹកសម្ភារៈចេញដោយមិនបើកប្រាក់ឈ្នួលឲ្យកម្មករ។
ជម្លោះបានកើតឡើងជាបន្ដបន្ទាប់ ដោយមានការបិទផ្លូវជាតិលេខ២១ មុខរោងចក្រ និងការដាក់ពាក្យប្ដឹងតវ៉ា ទៅស្ថាប័នតុលាការ ការរកអន្តរាគមន៍រៀងៗខ្លួន ទៅរដ្ឋមន្ត្រីក្រសួងការងារ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
កម្មករ កម្មការិនីនៃរោងចក្រនេះ អះអាងថា ចាប់តាំងពីមានជម្លោះរវាងថៅកែ និងកម្មករ ក្រោយពេលបើកប្រាក់ឈ្នួលមិនទៀតទាត់ពីមួយខែ ទៅមួយខែ និងឈានដល់ដំណឹងថា បញ្ឈប់កម្មករ ពួកគេមានមន្ទិលសង្ស័យថា ថៅកែរោងចក្រជាជនជាតិកូរ៉េខាងត្បូង មានបំណងបិទរោងចក្រនេះ ដោយស្ងាត់ៗ ដោយមិនព្រមបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់បំណាច់ឲ្យកម្មករ។ ពួកគេ បាននាំគ្នាធ្វើកូដកម្ម ដោយដេកតវ៉ាលើចិញ្ចើមផ្លូវមុខរោងចក្រ ទាំងថ្ងៃទាំងយប់ និងបានវេចមុងភួយ ចានឆ្នាំង ទៅដាំបាយហូបនៅមុខរោងចក្រដើម្បីការពារសម្ភារៈរោងចក្រ ព្រោះខ្លាចលួចដឹកសម្ភារៈចេញ។ កម្មការិនី ប្រាប់ថា ការដេកយាមមុខរោងចក្រនៅពេលយប់ជាច្រើនខែមកនេះ មានក្រុមជើងកាង ជាច្រើន តែងមកបង្ករឿងជាមួយពួកគាត់ ដើម្បីបង្ខំឲ្យពួកគាត់ បញ្ឈប់សកម្មភាពដេកយាមនៅមុខរោងចក្រ។
ក្រៅពីក្រុមកម្មករដែលនាំគ្នាដេកយាមនៅមុខរោងចក្រទាំងថ្ងៃទាំងយប់រាប់ខែ ក៏មានក្រុមកម្មករមួយក្រុមទៀត នៃរោងចក្រនេះ កាលពីថ្ងៃទី១៣ កុម្ភៈ បាននាំគ្នាផ្ដិតមេដៃដើម្បីស្នើសុំឲ្យសាលាដំបូងខែត្រកណ្ដាលលុបចោលដីកាសម្រេចរក្សាការពារ និងស្នើសុំឲ្យអន្តរាគមន៍ឲ្យកម្មករបើកច្រកចេញចូលមុខរោងចក្រឡើងវិញ ព្រោះភ័យខ្លាចអត់ការងារធ្វើពេលរោងចក្របិទទ្វា។
ថៅកែរោងចក្រហ្គាវ័ន គឺអ្នកស្រី ឆា ក្យុងហ៊ី ធ្លាប់បានរាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថា ក្រុមសហជីពស៊ីខៅឌូ នៅមូលដ្ឋានចំនួន ៣នាក់ បានញុះញង់ឲ្យកម្មករធ្វើកូដកម្មប្រឆាំងរោងចក្រ ដោយប្រាប់ក្រុមកម្មករថា តុលាការនឹងលក់ឡាយឡុងទ្រព្យសម្បត្តិរោងចក្រ ហើយយកប្រាក់បើកឲ្យកម្មករម្នាក់ ១ម៉ឺន (១០.០០០) ដុល្លារ។ ហេតុនេះ ទើបកម្មករយល់ព្រមបិទច្រកចេញចូលរោងចក្រតាមការញុះញង់របស់សហជីព។ ថៅកែរោងចក្របន្តថា សកម្មភាពសហជីពបែបនេះ បណ្ដាលឲ្យកម្មករនិយោជិក ដែលមិនចូលរួមធ្វើកូដកម្ម មិនអាចចូលធ្វើការបាន ទើបសង្វាក់ផលិតកម្មរោងចក្រត្រូវបានរាំងស្ទះទាំងស្រុង និងបានរារាំងដល់ការដឹកទំនិញឲ្យអ្នកបញ្ជាទិញ មិនទាន់ពេល ទើបអ្នកបញ្ជាទិញមិនបានទម្លាក់លុយឲ្យរោងចក្រ ជាហេតុធ្វើឲ្យរោងចក្រគ្មានលុយបើកឲ្យកម្មករទាន់ពេលវេលា។
ប៉ុន្តែ ទោះយ៉ាងណា កម្មករដែលធ្វើកូដកម្ម និងសហជីពស៊ីខៅឌូនៅមូលដ្ឋាន បដិសេធការចោទប្រកាន់ថា បានញុះញង់កម្មករ។ កម្មការិនីរោងចក្រ គឺ អ្នកស្រី ថូ ណៃយៀប អះអាងថា ថៅកែរោងចក្របានបោកប្រាស់កម្មករ ដែលមិនចេះអក្សរឲ្យផ្ដិតមេដៃលើលិខិត ថា កម្មករចង់ឲ្យអាជ្ញាធរអន្តរាគមន៍ បើកផ្លូវចូលរោងចក្រវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។