ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​កំពុង​សំងំ​ធ្វើ​ការ​ទាំង​ភ័យ​ខ្លាច

ដោយ សន ចាន់រដ្ឋា
2018.11.08
ពលករខ្មែរនៅថៃ ៦២២ ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
Provided photo

មន្ត្រី​សង្គមស៊ីវិលដែលធ្វើ​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ជួប​ជជែក​ជា​មួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះ​ស្រាយ​ជួយ​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់។ សំណើ​សុំ​នេះ គឺ​ដោយសារ​តែ​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​អះអាង​ថា ពួក​គេ​កំពុង​សំងំ​ធ្វើ​ការងារ​ទាំង​ភ័យ​ខ្លាច ព្រោះ​ខ្លាច​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ​ចាប់​ខ្លួន។

ពលករខ្មែរ​ស្នើសុំ​ទៅ​របប​ក្រុង​ភ្នំពេញ​ចុះ​អន្តរាគមន៍​ដល់​ពួក​គេ​ដែល​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ថៃ។ ពលករ​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​ទាំង​នោះ​លើក​ឡើង​ថា ពួក​បាន​បង់​លុយ​ទៅ​ថៅកែ​ថៃ និង​អ្នក​រត់​ការ ដើម្បី​ធ្វើ​លិខិត​ស្នាម​ឲ្យ​ស្រប​តាម​ច្បាប់​ប្រទេស​ថៃ ប៉ុន្តែ​ថៅកែ និង​អ្នក​រត់​ការ​យក​ប្រាក់​ពួក​គេ​ហើយ ​មិន​បាន​ធ្វើ​លិខិត​ស្នាម​ទាំង​នោះ​ឲ្យ​ពួក​គេ​ទេ។

ពលករ​ធ្វើ​ការងារ​នៅ​សិប្បកម្ម​ខ្នាត​តូច​មួយ​នៅ​ប្រទេស​ថៃ លោក ហេង ពៅ ឲ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​កន្លែង​លោក​ធ្វើ​ការ​មាន​ពលករ​ខ្មែរ​ជិត ១០០នាក់​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ទីនេះ។ លោក​ប្រាប់​ថា ចំពោះ​រូប​លោក​ផ្ទាល់​គ្មាន​បំណង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ឡើយ គឺ​លោក​បាន​ប្រគល់​ប្រាក់​ជាង​ពីរ​ម៉ឺន​បាត​ទៅ​ឲ្យ​ថៅកែ​របស់​លោក ដើម្បី​រត់​ការ​ធ្វើ​លិខិត​ស្នាម ប៉ុន្តែ​ថៅកែ​មិន​បាន​ធ្វើ​ឲ្យ​នោះ​ទេ៖ ««អ្នក​ដែល​បើក​អាជីវកម្ម​ខ្នាត​តូច​ហ្នឹង គេ​អះអាង​ហ្នឹង​រត់​ការ​ឯកសារ។ តម្លៃ​រត់ការ​ឯកសារ​កន្លែង​ខ្លះ​ពីរ​ម៉ឺន​បាត កន្លែង​ខ្លះ​ទៀត​ជាង​ពីរ​ម៉ឺន​បាត អ្នក​ខ្លះ​កាត់​លុយ​អស់​ហើយ ក៏​មិន​ទាន់​បាន​ឯកសារ​ដែរ ម្ចាស់​អាជីវកម្ម​ហ្នឹង​គាត់​ចេះ​តែ​សន្យា​ថ្ងៃ​នេះ​ថ្ងៃ​នោះ»

លោក ហេង ពៅ ព្រួយ​បារម្ភ​ថា ថ្ងៃ​ណា​មួយ​សមត្ថកិច្ច​ថៃ​នឹង​ចាប់​បញ្ជូន​ខ្លួន​លោក​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដូច​ពលករ​ខ្មែរ​ផ្សេង​ទៀត ខណៈ​ដែល​សមត្ថកិច្ច​កំពុង​សម្រុក​ចុះ​ចាប់​ពលករ​ខុស​ច្បាប់​ស្ទើរ​រាល់​ថ្ងៃ។ ពលករ​រូប​នេះ ស្នើសុំ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ឬ​មន្រ្តី​នៃ​របប​ក្រុង​ភ្នំពេញ​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​ពួក​លោក​មាន​ភាព​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ៖ «សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គាត់​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​សម្រួល​ដល់​បង​ប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​មាន​បញ្ហា។ អ៊ីចឹង​ពួក​ខ្ញុំ​មិន​ដឹង​ថា ទៅ​ដោះ​ស្រាយ​នៅ​ឯ​ណា​ទេ»

ចំណែកពលករម្នាក់ទៀត លោក យន្ត ម៉ាប់ ប្រាប់​ថា មេការ​កន្លែង​លោក​ធ្វើ​ការ បាន​កាត់​ប្រាក់​ខែ​ពី​លោក​​ចំនួន​ពី​រពាន់​បាត​ក្នុង​មួយ​ខែ ដោយ​សន្យា​ថា ​នឹង​ធ្វើ​​លិខិត​ស្នាម ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ គេ​មិន​បាន​ធ្វើ​ឲ្យ​លោក​នោះ​ទេ​ ហើយ​លោក​​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការងារ​ទាំង​ខុស​ច្បាប់។ លោក​បន្ត​ថា ខណៈ​ដែល​សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់​ពលករ​ខ្មែរ​ខុស​ច្បាប់​ដូច​សព្វ​ថ្ងៃ​នេះ លោក​ស្ទើរ​តែ​មិន​ហ៊ាន​ទៅ​ធ្វើ​ការ ហើយ ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ គឺ​លោក​ពួន​សំងំ​តែ​ក្នុង​បន្ទប់៖ «ចេះ​តែ​ភ័យ​ដែរ​បង តែ​ធ្វើ​ម៉េច​យើង​ទ័ល ហើយ​មាន​តែ​សំងំ​មួយ​កន្លែង​សិន​ទៅ អត់​ហ៊ាន​ដើរ​ទៅ​ណា​ដែរ។ បើ​ខ្ញុំ​ទៅ​ខ្មែរ​ឥឡូវ ក៏​គ្មាន​លទ្ធភាព​ធ្វើ​ប៉ាស្ទ័រ​ឡើង​មក​វិញ»

ការព្រួយបារម្ភរបស់ពលករ​ខ្មែរ​បែប​នេះ ខណៈ​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ​រាប់​ពាន់​នាក់ កំពុង​សម្រុក​ចុះ​ចាប់​ខ្លួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ និង​រស់​នៅ​ខុស​ច្បាប់​លើ​ទឹក​ដី​ថៃ​ដល់​កន្លែង​ពួក​គេ​​ស្នាក់​នៅ​តែ​ម្តង ហើយ​រាល់​ការ​ចុះ​ចាប់​ម្តងៗ គឺ​ប្រមូល​បាន​ពលករ​ខ្មែរ​ជាង ១០០នាក់។

អាស៊ីសេរី​មិន​ទាន់​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កេត សោផាន់ បាន​ទេ ដោយ​សារ​ទូរសព្ទ​រោទ៍​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ដំណាលគ្នានៃការចាប់​បញ្ជូន​ពលករ​ខ្មែរ​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​ទាំង​នោះ បាន​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​វិញ​តាម​ច្រក​របៀង។ លោក​បន្ត​ថា សមត្ថកិច្ច​នៅ​តាម​ច្រក​ទាំង​នោះ​បាន​យក​ប្រាក់​ពី​ពលករ ដើម្បី​ជា​ថ្នូរ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់៖ «តាម​ច្រក​របៀង​មិន​ដែល​មាន​ត្រូវ​ច្បាប់​ទេ មាន​ពួក​ទាហាន​ពួក​ប៉ូលិស​បើក​ដៃ​បើក​ជើង ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍»

ចំណែកប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និយាយ​ថា ថៅកែ​ជន​ជាតិ​ថៃ​ខិលខូច​មួយ​ចំនួន នៅ​ពេល​ខឹង​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ទី​នោះ គឺ​ពួក​គេ​តែងតែ​ប្រាប់​សមត្ថកិច្ច​ថៃ​ឲ្យ​មក​ចុះ​ចាប់​ពលករ​ខ្មែរ​មុន​ថ្ងៃ​បើក​ប្រាក់ខែ។ លោក វន់ ពៅ ស្នើសុំ​របប​ក្រុង​ភ្នំពេញ​ថា គួរ​ជួប​ចរចារ​ជាមួយ​ភាគី​ថៃ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ដ៏​សមរម្យ​ជូន​ដល់​ពលករ​ខ្មែរ។

មន្ត្រីកម្មវិធីសិទ្ធិការងារ​នៃ​អង្គការ​​សម្ព័ន្ធភាព​​ការងារ និង​សិទ្ធិ​​មនុ​ស្ស ​​ហៅ​កាត់​​ថា ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា និយាយ​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទស​ថៃ​ខុស​ច្បាប់ ព្រោះ​ការ​បំពេញ​បំពេញ​ឯកសារ គឺ​មាន​ភាព​ស្មុគស្មាញ និង​ប្រើ​រយៈ​ពេល​យូរ ពិសេស​ចំណាយ​លុយ​ច្រើន។ លោក​បន្ត​ថា ទោះ​របប​លោក ហ៊ុន សែន តម្រូវ​ពលករ​ធ្វើ​លិខិត​ឆ្លង​ដែន​អស់​លុយ​តិច​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ​តម្រូវ​ឲ្យ​ពលករ​បង់​លុយ​ជា​ច្រើន ទើប​ពួក​គេ​អាច​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​បាន៖ តម្លៃ​ធ្វើ​ឯកសារ​ពី​ខ្មែរ​ទៅ គេ​រត់​ការ​មួយ​សព្វ​គ្រប់ ពលករ​ត្រូវ​ចំណាយ​ពី ២៥០ ទៅ ៣០០ដុល្លារ បើ​បង់​ផ្តាច់​តែ​ម្តង ៦០០ដុល្លារ ហើយ​ម៉្យាង​ទៀត បើ​បង់​ត្រឹម​ពី ២៥០ ទៅ ៣០០ដុល្លារ គេ​ត្រូវ​ទៅ​កាត់​នៅ​ស្រុក​ថៃ ប្រហែល ១៨.០០០ (មួយ​ម៉ឺន​ប្រាំបី​ពាន់)បាត​ទៀត»

ក្នុងជំនួបមួយកាលពីថ្ងៃ​ទី៧ ខែ​វិច្ឆិកា រវាង​សមាគម​ទីភ្នាក់ងារ​ហត្ថពលកម្ម​កម្ពុជា (MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) និង​សមាគម​ទំនាក់ទំនង​កម្ពុជាថៃ (TCRA) និង​ក្រសួង​ការងារ​បាន​ផ្តួច​ផ្តើម​រៀបចំ​ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃ​អំឡុង​ពេល​ដែល​ប្ដូរ​ការងារ និង​រង់ចាំ​ដំណោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ​និយោជក។ អ្នក​ពាក់ព័ន្ធ​រំពឹង​ថា កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ មិនមែន​ត្រឹម​តែ​ជា​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ជា​កន្លែង​ប្រឹក្សា​យោបល់​សម្រាប់​ពលករ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។