កម្មករ​រោងចក្រ​ ប្រេស្ទិច ហ្គាមិន មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ ទាមទារ​ឲ្យ​តំណាង​សហជីព​បាន​ចូល​ធ្វើការ​វិញ

0:00 / 0:00

កម្មករ​រោងចក្រ​ ប្រេស្ទិច ហ្គាមិន នៅ​ស្រុក​ កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ជាង​១០០​នាក់ បាន​នាំ​គ្នា​ឡើង​ទៅ​ដាក់​ញត្តិ​ នៅ​ក្រសួង​ការងារ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៧ ធ្នូ។ តំណាង​កម្មករ​ថា ពួកគេ​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ធ្វើ​អន្តរាគមន៍​ទៅឲ្យ​ក្រុមហ៊ុន​ទទួល​យក​សហជីព​របស់​កម្មករ​ចូល​ធ្វើការ​ឡើងវិញ។

តំណាង​កម្មករ​ម្នាក់ ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ការងារ​នៅ​រោងចក្រ​ ប្រេស្ទិច ហ្គាមិន លោក ហួន សុវ៉ិត ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​កម្មករ​រោងចក្រ ហើយ​បាន​សន្យា​ថា នឹង​ផ្ដល់​ដំណឹង​ជូន​កម្មករ​វិញ នៅ​ពេល​ឆាប់ៗ។

លោក ហួន សុវ៉ិត បន្ត​ថា ក្រោយពេល​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​រួច​រាល់ ក្រុម​កម្មករ​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ពួកគេ​នឹង​បន្ត​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ ប្រេស្ទិច ហ្គាមិន ដើម្បី​រង់ចាំ​ការ​ឆ្លើយ​តប​របស់​ក្រសួង​ការងារ៖ «គាត់​បាន​ទទួល​ញត្តិ​ទៅ​ហើយ​ប៉ុន្តែ​អត់​ទាន់​ឃើញ​ការ​ឆ្លើយតប​ គាត់​ ឆ្លើយ​ថា​ចាំ​មើល​សិន យ៉ាងម៉េច​​យ៉ាង​ម៉ា​​ប្រហែល​ជា​ស្អែក​បាន​ដឹង​ដំណឹង ខ្ញុំ​សង្ឃឹម​ថា ខាង​ក្រសួង​ជួយ​ដោះ​ស្រាយ​ឲ្យ​លឿន​បាទ។ ព្រោះ​រឿង​នេះ​រោងចក្រ​គាត់​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ខ្ញុំ​តែ​ម្ដង»

រោងចក្រ​ ប្រេស្ទិច ហ្គាមិន ស្ថិត​នៅ​ភូមិ​ជីម៉ៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ ទើប​​តែ​បាន​បើក​ដំណើរ​ការ​ កាល​ពី​ខែ​ឧសភា និង​មាន​ថៅកែ​ជា​ជនជាតិ​ចិន។ កម្មករ​បាន​នាំគ្នា​ធ្វើ​កូដកម្ម ​មុខ​រោងចក្រ​ កាល​ពី​ថ្ងៃ​ទី២៤ ធ្នូ គឺ​ក្រោយ​ពេល​ក្រុម​កម្មករ​ទទួល​ដំណឹង​ថា រោងចក្រ​បាន​​បញ្ឈប់​តំណាង​ ដែល​ពួកគេ​​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​សហជីព​​ប្រចាំ​រោងចក្រ។ រយៈពេល​៣​ថ្ងៃ នៃ​ការ​តវ៉ា​មុខ​រោងចក្រ លោក ហួន សុវ៉ិត អះអាង​ថា ភាគី​ថៅកែ​រោងចក្រ បាន​ធ្វើ​សកម្មភាព​​ជាច្រើន ដើម្បី​​បំភិត​បំភ័យ​កម្មករ​កុំ​ឲ្យ​តវ៉ា ដូចជា បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​គំរាម​បណ្ដេញ​កម្មករ​ណា​ ដែល​ហ៊ាន​ចូលរួម​តវ៉ា ហៅ​អ្នក​លក់​មុខ​រោងចក្រ​ឲ្យ​ចូល​ទៅ​លក់​ក្នុង​បរិវេណ​ខាង​ក្នុង ដើម្បី​បិទ​ទ្វារ​ក្រៅ​របស់​រោងចក្រ​ជាដើម។

អំឡុង​ពេល​កូដកម្ម ក្រុម​កម្មករ​​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ ដើម្បី​​សុំ​ពឹង​ពាក់​សហភាព​សហជីព​ចលនា​កម្មករ​ ដើម្បី​ជួយ​ដោះស្រាយ​សំណើ​​កម្មករ ១០ចំណុច ជាមួយ​ភាគី​រោងចក្រ​ ប្រេស្ទិច ហ្គាមិន ដូច​ជា ជួយ​អន្តរាគមន៍​ឲ្យ​រោងចក្រ​ទទួល​យក​សហជីព លោក ហួន សាវ៉ិត ចូល​ធ្វើ​ការ​វិញ ឲ្យ​រោងចក្រ​ធ្វើ​កាត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស.ស ឲ្យ​កម្មករ នៅ​ពេល​កម្មករ​សុំ​ច្បាប់​កន្លះ​ថ្ងៃ ក្រុមហ៊ុន ឬ​រោងចក្រ មិន​ត្រូវ​កាត់​លុយ ឬ​កាត់​​ថ្លៃ​បាយ​កន្លះ​ខែ​របស់​កម្មករ​ទេ នៅ​ពេល​កម្មករ​ឈឺ មាន​សំបុត្រ​ពេទ្យ ក្រុមហ៊ុន​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​គ្រប់​ចំនួន​ឲ្យ​កម្មករ ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង​ជា​ដើម។

មន្ត្រី​ចងក្រង​នៃ​សហភាព​សហព័ន្ធ​ចលនា​កម្មករ លោក សុខ វណ្ណាឡុង ​សង្កេត​ឃើញ​ថា ក្នុង​ពេល​កម្មករ​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ មន្ត្រី​ទទួល​ញត្តិ​បាន​ប្រើ​កាយ​វិការ​សមរម្យ និង​បាន​ចេញ​មក​សួរ​នាំ​កម្មករ​ ផ្ទាល​មាត់ ជាច្រើន​នាក់ ពី​ការ​រំលោភ​សិទ្ធិ​កម្មករ នៃ​រោងចក្រ​ ប្រេស្ទិច ហ្គាមិន។ មន្ត្រី​សហជីព​រូប​នេះ មាន​ជំនឿ​ថា ក្រសួង​ការងារ នឹង​អន្តរាគមន៍​​ ហើយ​ករណី​នេះ នឹង​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ នេះ៖ «ខ្ញុំ​យល់​ឃើញ​ថា​នឹង​ប្រាកដ​ជា​មាន​ដំណោះ ស្រាយ​ព្រោះ​ថា ឥលូវ​នៅ​ក្នុង​ពេល​នឹង​​​យើង​ឃើញ​ថា​ប្រមុខ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កម្មករ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មក​ដល់​ពេល​នេះ​នៅ​មាន​រោងចក្រ​អត់​គោរព​លក្ខខណ្ឌ​ការងារ​រហូត​ដល់​ថ្នាក់​​នឹង​ខ្ញុំ​គិត​ថា​ត្រូវ​តែ​មាន​ដំណោះ​ស្រាយ»

អាស៊ីសេរី មិន​មាន​ប្រភព​សុំ​ការ​បំភ្លឺ ពី​ខាង​ភាគី​រោងចក្រ ​ប្រេស្ទិច ហ្គាមិន ​ទេ​ ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៧ ធ្នូ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធ​មនុស្ស និង​ការងារ លោក ឃុន ថារ៉ូ អះអាង​ថា ទាំង​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​សហជីព កម្មករ​មាន​សិទ្ធិ​ពេល​លេញ​ក្នុង​ការ​បង្កើត អង្គការ​វិជ្ជាជីវៈ​ សហជីព​ ក្នុង​ការ​តំណាង​ឲ្យ​កម្មករ​ និយោជិក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ស្រប​ច្បាប់ នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ ដោយ​អនុវត្តន៍​ទៅ​តាម​នីតិវិធី។ សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ក្នុង​ករណី​បែប​នេះ មេ​ដឹក​នាំ​សហជីព ទទួល​បាន​ការ ​ការពារ​ពិសេស​ដោយ​ច្បាប់ ទាំង​មុន​ពេល​បង្កើត និង​ក្រោយ​ការ​បង្កើត​សហជីព និង​ ហាម​ឃាត់​និយោជក​ ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ចការ និង​សកម្មភាព​របស់​សហជីព ឬ​រក​លេស​ណា​មួយ​ក្នុង​ការ​បញ្ឈប់​មេ​ដឹក​នាំ​សហជីព។ការ​បង្កើត​សហជីព​ទៀត​សោត មិន​តម្រូវ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ ដល់​និយោជក​​ទេ​ និង​ហាម​ឃាត់​មិន​ឲ្យ​និយោជក​​​រើសអើង​​សហជីព។ ចំណែក​ការ​បញ្ឈប់​មេ​ដឹក​នាំ​សហជីព​ដោយ​ខុស​នីតិវិធី​ច្បាប់ គឺ និយោជក​ មាន​កាតព្វកិច្ច​ទទួល​យក​មេ​ដឹក​នាំ​សហជីព​នោះ ឲ្យ​ចូល​ធ្វើការ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។