កម្មកររោងចក្រមេតថេក ឬ មេនហាតធេន (Medtecs Cambodia) នៅខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ នៅឈរមុខរោងចក្រនិងប្រមាណ ២ពាន់នាក់ផ្សេងទៀតមិនព្រមចូលធ្វើការ ហើយនាំគ្នាត្រឡប់ទៅផ្ទះដើម្បីទាមទារឱ្យភាគីរោងចក្រគោរពតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលតម្រូវឱ្យថ្នាក់ដឹកនាំសហជីព ៤នាក់ បានចូលធ្វើការវិញ រួមនឹងលក្ខខណ្ឌការងារមួយចំនួនទៀត។
ការតវ៉ានេះ បន្ទាប់ពីកម្មករប្រមាណជាង ២ពាន់នាក់ធ្វើការដោយមិនមានសហជីពសម្រាប់ការពារផលប្រយោជន៍ជូនពួកគាត់រយៈពេល ១ឆ្នាំមកហើយ។
កម្មការិនីរោងចក្រមេនហាតធេនម្នាក់ កញ្ញា ឈន់ សុផួង ឱ្យដឹងថា តាំងពីពេលមិនមានវត្តមានសហជីពមកពួកគាត់ធ្វើការក្នុងរោងចក្រទទួលរងការរំលោភសិទ្ធិសេរីភាពស្ទើរគ្រប់បែបយ៉ាងពីសំណាក់ភាគីថៅកែរោងចក្រ៖ «ការញ៉ាំបាយក៏អ៊ីចឹងដែរ។ ការធ្វើការ។ ធម្មតាយើងចូលធ្វើការម៉ោង ៦ព្រលឹមឡើង។ អ៊ីចឹងគេតម្រូវឱ្យពួកខ្ញុំចូលធ្វើការមុន ១៥នាទីដល់កន្លែង។ សូម្បីការហូបចុកអ៊ីចឹង បាយ និងស្បែកជើងគេមិនឱ្យយកចូលក្នុងទេ ព្រោះគេឲ្យយើងយកបាយទៅទុកក្នុងប្រអប់ស្បែកជើង។ អ៊ីចឹងពួកខ្ញុំអត់មានការតវ៉ាជាមួយពួកគេកើតទេ»។
ភាគីរោងចក្រមេតហាតធេន បានបញ្ឈប់ថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និងកម្មករជាច្រើននាក់ បន្ទាប់ពីពួកគាត់ចូលរួមដឹកនាំបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារកាលពីខែធ្នូ ឆ្នាំ២០១៣។ យ៉ាងណាងកម្មការិនីដដែលថា ការចូលរួមធ្វើកូដកម្មរបស់កម្មករស្ទើរតែទាំងអស់នៅក្នុងរោងចក្រ គឺធ្វើឡើងដោយស្មគ្រ័ចិត្តមិនមានការបង្ខំពីខាងណាឡើយ ហើយកញ្ញាថា កម្មករនឹងបន្តធ្វើកូដកម្មទៀត រហូតខាងរោងចក្រយល់ព្រមឱ្យតំណាងពួកគាត់ចូលធ្វើការវិញ ព្រមទាំងដោះស្រាយបញ្ហាការងាររបស់ពួកគាត់។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា កម្មករមួយចំនួនសម្រេចចិត្តមិនចូលធ្វើការរយៈពេលបីថ្ងៃមកហើយ ប៉ុន្តែមិនទាន់ទទួលលទ្ធផលល្អទេ។ យ៉ាងណាអ្នកស្រីថា មានកិច្ចចរចាមួយកាលពីថ្ងៃទី២៣ ធ្នូ រវាងតំណាងក្រុមហ៊ុន សហជីព និងអាជ្ញាធរ ប៉ុន្តែមិនមានលទ្ធផលអ្វីសោះ ពីព្រោះភាគីរោងចក្រនៅតែបដិសេធមិនព្រមទទួលយកតំណាងកម្មករទាំងនោះឱ្យចូលធ្វើការវិញ ដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ទេ។
អ្នកស្រីយល់ថា ភាគីរោងចក្រមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការនោះ គឺជារឿងរំលោភផ្លូវច្បាប់ការងារប្រទេសកម្ពុជា។ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចេញលិខិតអំពាវនាវកាលពីថ្ងៃទី២៣ ធ្នូ ឱ្យកម្មករចូលធ្វើការដូចធម្មតាវិញ និងសូមឲ្យបន្តវប្បធម៌ពិភាក្សាគ្នារវាងសហជីពជាមួយនិយោជកដើម្បីជៀសវាងការខាតប្រយោជន៍ផ្សេងៗ និងឲ្យស្របតាមច្បាប់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។