កម្មករ-កម្មការិនីប្រមាណ៥០នាក់ តំណាងឱ្យកម្មករជាង៧០០នាក ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ ញូវបេស ហ្គូប៊ល ថិចថាល (New Best Global Textile Co., Ltd) នៅខេត្តកំពង់ស្ពឺ នាំគ្នាឈរលើកបដាតវ៉ាមុខក្រសួងការងារ ។ ពួកគាត់ស្នើសុំក្រសួង ចេញមុខដោះស្រាយវិវាទការងារដែលអូសបន្លាយជាង ៣ខែនេះ ករណីថៅកែចិនរត់ចោល ដោយមិនបានផ្ដល់ប្រាក់សំណងការងារ តាមច្បាប់ស្ដីពីការងារ។
តំណាងកម្មករ លោកស្រី ព្រុំ តុលា ឱ្យដឹងថា រោងចក្រ ញូវបេស ហ្គូប៊ល ថិចថាល បានបិទទ្វារ អស់រយៈពេលជាង៣ខែហើយ ដោយថៅកែចិនរត់ចោល នៅពេលកម្មករចូលធ្វើការងារវិញ កាលពីពាក់កណ្ដាល ខែមីនា ក្រោយពីរោងចក្រនេះ ព្យួរការងារ១ខែ។
លោកស្រីប្រាប់ថា ក្នុងអំឡុងរយៈពេល៣ខែនេះ ទាំងរូបលោកស្រី និងកម្មករជាច្រើននាក់ទៀត ត្រូវបង្ខំចិត្តដើរខ្ចីប្រាក់អ្នកជិតខាង និងលក់របស់របរប្រើប្រាស់ក្នុងផ្ទះ ដូរយកប្រាក់ ដើម្បីសងបំណុលធនាគារ និងដោះស្រាយជីវភាពរស់នៅ ជាពិសេសនោះ គឺទិញទឹកដោះគោសម្រាប់កូនតូច។
លោកស្រីបន្តថា ពួកគាត់ព្យាយាមស្វែងរកដំណោះស្រាយពីមន្ទីរការងារខេត្តកំពង់ស្ពឺជាច្រើនលើកមកហើយ រហូតដល់តុលាការ ចេញដីការក្សាការពារសម្ភារៈក្នុងរោងចក្រក្នុងរឿងនេះទៀត ប៉ុន្តែកម្មករ នៅតែមិនទាន់ទទួលបានប្រាក់សំណងការងារពីថៅកែ និងម្ចាស់អគាររោងចក្រនៅឡើយ។
តំណាងកម្មករវ័យជាង ៤០ឆ្នាំរូបនេះ ស្នើក្រសួងការងារជួយអន្តរាគមន៍ និងដាក់សម្ពាធទៅភាគីរោងចក្រ ទូរទាត់សំណងការងារឱ្យកម្មករតាមច្បាប់ស្ដីពីការងារ ។ សំណើទាំងនោះ រួមមាន ប្រាក់ឈ្នួលខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់លំហែមាតុភាព សម្រាប់ស្ត្រីមានផ្ទៃពោះ៖ «ពួកខ្ញុំប៉ុន្មាននាក់ហ្នឹង គាត់រើសអើងអត់យកពួកខ្ញុំចូលធ្វើការវិញទេ ឱ្យតែរោងចក្រគាត់គ្រប់គ្រង។ គាត់កាន់ម្ដុំកំពង់ស្ពឺហ្នឹង គឺគាត់អត់យកទេ។ ខ្ញុំសំណូមពរឱ្យខាងក្រសួងជួយអន្តរាគមន៍ខាងម្ចាស់អគារនិងខាងអ្នកគ្រប់គ្រងនៅកំពង់ស្ពឺរើសអើងពួកខ្ញុំ ។ សំណូមពរគាត់ អន្តរាគមន៍រឿងហ្នឹងផង ។ សូមឱ្យខាងក្រសួងដោះស្រាយរឿងហ្នឹងដោះស្រាយឱ្យពួកខ្ញុំឱ្យឆាប់រហ័សមក ព្រោះពួកខ្ញុំត្រូវការយកមកដោះទ័លជីវភាពគ្រួសារ»។
មន្ត្រីទទួលបន្ទុកខាងដោះស្រាយវិវាទ និងកូដកម្មនៃក្រសួងការងារ ដែលចេញទទួលញត្តិពីកម្មករ លោក និន វណ្ណៈ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៩ ខែមិថុនា ថា ក្រសួងនឹងលើកយករឿងនេះទៅដោះស្រាយនៅដើមខែកក្កដា ដោយកោះហៅភាគីពាក់ព័ន្ធទាំងអស់ចូលរួម៖ «ថ្ងៃពុធសប្ដាហ៍នេះ យើងអញ្ជើញពួកគាត់មកដោះស្រាយ ។ ថ្ងៃពុធហ្នឹង គឺអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយ»។
កម្មករ ឱ្យដឹងថា ថៅកែចិន និងម្ចាស់អគារ ហាក់ត្រូវរ៉ូវគ្នាក្នុងការរកស៊ីជំនួញនេះ ដោយម្ចាស់អគាររោងចក្រក្នុងខេត្តកំពង់ស្ពឺ ដែលគេស្គាល់ថាជាឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី ចេញមុខបង្ខំឱ្យកម្មករទទួលយកប្រាក់ប្រមាណ ៧៨ដុល្លារ ជាថ្នូរឈប់តវ៉ា និងទទួលបានការងារធ្វើវិញ នៅរោងចក្រចាស់ ដូរដាក់ឈ្មោះថ្មីថា យូខេ(UK)។
អាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី បានទេ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ខាងក្រសួង គួរចុះធ្វើអធិការកិច្ច ក្នុងរឿងនេះ ដើម្បីឱ្យដឹងច្បាស់ ថាតើ ថៅកែនិងម្ចាស់អគាររោងចក្រ ឃុបឃិតគ្នា មិនបើកប្រាក់សំណងឱ្យកម្មករ ក្រោយពេលបិទរោងចក្រ ហើយបើករោងចក្រដដែលនេះឡើងវិញ ដោយដាក់ឈ្មោះថ្មី ដែរឬទេ ។ លោក យល់ថា បើមានករណីបែបនេះ គឺជាទង្វើផ្ទុយពីច្បាប់ស្ដីពីការងាររបស់ប្រទេសកម្ពុជា៖ «ក្នុងករណីក្រុមហ៊ុនបិទ មិនមានការជូនដំណឹងទៅតាមផ្លូវច្បាប់ មិនមានការទូទាត់ឱ្យកម្មករ ឱ្យថៅកែហ្នឹង គេចខ្លួន រំលោភបំពានការអនុវត្តហើយទៅបង្កើតក្រុមហ៊ុនថ្មីមួយទៀត ក្រសួងហ្នឹងហើយ គឺមានតួនាទីក្នុងការធានាឱ្យមានការអនុវត្តច្បាប់ឱ្យបានពេញលេញ ។ អ៊ីចឹង ! ជាការទទួលខុសត្រូវរបស់ក្រសួងការងារហ្នឹងហើយ ។ រឿងក្រុមហ៊ុនចុះបញ្ជីការនៅក្នុងការបើកថ្មី ហើយថៅកែជាពីណាគេ ហើយទៅជួលអគារហ្នឹងតែមួយ ហើយយកកម្មករនិយោជិកតែមួយតាមយើងដឹងហ្នឹង ថៅកែហ្នឹង អ្នកគ្រប់គ្រងម្ចាស់អគារហ្នឹងហើយ ដែលកន្លងមកចេញមុខដោះស្រាយរឿងហ្នឹង ។ ក្រសួងមិនទាន់បានជំរុញឱ្យថៅកែចូលខ្លួនមកធ្វើការដោះស្រាយ»។
ក្នុងវិវាទការងារនេះ កាលថ្ងៃទី២៤ ខែមីនា តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាអនុវត្តចាត់ចែងរក្សាការពារទ្រព្យសម្បត្តិរបស់រោងចក្រ ។ កម្មករលើកឡើងថា តុលាការ ពន្យារពេលមិនបានអនុវត្តដីកានេះទេ ដោយទុកពេលវេលាឱ្យខាងភាគីរោងចក្រ ដឹកសម្ភារៈចេញពីអគារ ដោយគ្មានចំណាត់ការណាមួយពីសំណាក់អាជ្ញាធរ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ទុកលក់ទ្បាយទ្បុងយកប្រាក់មកទូរទាត់ឱ្យកម្មករ ស្របទៅតាមផ្លូវច្បាប់នោះទេ។
ក្រុមកម្មករ ប្រកាន់ជំហរថា បើក្រសួងការងារមិនអាចដោះស្រាយបញ្ចប់ជម្លោះនេះបានទេ ពួកគាត់នឹងនាំគ្នាតវ៉ា និងបោះតង់ដេកមុខផ្លូវចេញចូលក្រសួង រហូតដល់មានដំណោះស្រាយសមរម្យ អាចទទួលយកបាន។
រោងចក្រ ញូវបេស ហ្គូប៊ល ថិចថាល ដែលមានទីតាំងស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺជារោងចក្រផលិតខោរអាវ បុរស ស្ត្រី និងក្មេង ម៉ាក ព្រីម៉ាក និងអាឌែន (Primark & Ardene) ដែលមានកម្មករធ្វើការសរុបជិត៨រយនាក់ (៧៦៤) ក្នុងនោះកម្មករជាង៥រយនាក់ជាស្ត្រី(៥៥២) ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។