សហជីពកម្មករមិនទទួលការដំឡើងប្រាក់ខែគោល១១ដុល្លារបន្ថែម
2013.02.26

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានកិច្ចប្រជុំ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា ភាគីទាំងអស់នឹងបន្តចរចាគ្នារហូតទទួលបានលទ្ធផលដែលអាចទទួលយកបានទាំងគ្រប់ភាគី។
លោកបន្តថា កិច្ចប្រជុំកាលពីថ្ងៃអង្គារ មិនទាន់សម្រេចលទ្ធផលទាំងស្រុង ដោយសារភាគីសមាគមកាត់ដេរកម្ពុជា និងតំណាងសហជីព មិនទាន់អាចព្រមព្រៀងគ្នាទាំងស្រុងលើប្រាក់ខែគោល។ ក្នុងកិច្ចប្រជុំនោះ ភាគីតំណាងក្រុមហ៊ុនសន្យាដំឡើងប្រាក់ខែគោលចំនួន ៧២ដុល្លារ ប៉ុន្តែតំណាងសហជីពទាមទារ ១២០ដុល្លារ។
លោក អ៊ិត សំហេង សង្ឃឹមថា ដំណើរការចរចានៅថ្ងៃនេះនឹងអាចឈានទៅរកលទ្ធផលចុងក្រោយមួយមានលក្ខណៈល្អប្រសើរ៖ «ខ្ញុំសង្ឃឹមថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងអាចស្វែងរកដំណោះស្រាយបាន។ នេះជាលទ្ធផលល្អមួយនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ»។
បច្ចុប្បន្ន កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រមាណ ៧សែននាក់ ទទួលបានប្រាក់ខែគោល ៦១ដុល្លារ។ តំណាងសហជីពអះអាងថា ប្រាក់ខែគោលនេះមិនសមស្របទៅនឹងតម្លៃទំនិញទីផ្សារបច្ចុប្បន្ន និងមិនអាចឲ្យកម្មកររស់នៅមានជីវភាពសមរម្យឡើយ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះមានប្រសាសន៍ថា លោកនឹងរក្សាការទាមទារឲ្យសហជីព។ លោកបន្តថា សហជីពនឹងមិនចុះតម្លៃទៅតាមការស្នើសុំរបស់សមាគមកាត់ដេរកម្ពុជា ឡើយ៖ «១២០ដុល្លារ មិនគ្រប់គ្រាន់ទេ ប៉ុន្តែវាប្រសើរជាង ៦១ដុល្លារ។ កម្មករនៅតែមានការប្រឈមខ្លាំង»។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី ឯកភាពនឹងបន្តការទាមទារដំឡើងប្រាក់ខែគោលឲ្យបាន ១២០ដុល្លារ ក្នុងមួយខែ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីខែមករា ឆ្នាំ២០១៣ មានប្រសាសន៍ថា សមាគមយល់ព្រមដំឡើងប្រាក់ខែគោលឲ្យកម្មករ ប៉ុន្តែមិនអាចដំឡើងទៅតាមសំណូមពររបស់សហជីពបានឡើយ។ លោក វ៉ាន់ ស៊ូអៀង បន្តថា សមាគមនឹងពិភាក្សាដំឡើងប្រាក់ឈ្នួលប្រមាណ ១០%។
ឧស្សាហកម្មកាត់ដេរបានផ្តល់ប្រាក់ចំណូលច្រើនដល់កម្ពុជា។ កម្ពុជា មានរោងចក្រប្រមាណ ៣រយ និងមានកម្មករប្រមាណជាង ៧សែននាក់ ដែលជាង ៩០% ជាស្ត្រី។ កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌប្រមាណជិត ៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១២។ ទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមានសហរដ្ឋអាមេរិក អឺរ៉ុប កាណាដា ជប៉ុន កូរ៉េខាងត្បូង និងចិន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។