កម្មករ​ធ្វើ​ការ​នៅ​ថៃ​ត្អូញត្អែរ​ពី​ការ​លំបាក​ដោយ​ក្រុមហ៊ុន​មិន​ឲ្យ​លិខិត​ឆ្លង​ដែន​កាន់

ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន អានីរីតា បេស មែនផៅវ័រ (Annyrita Best Manpower) ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា​មិន​ផ្ដល់​លិខិត​ឆ្លង​ដែន​ឲ្យ​កម្មករ​កាន់ ខណៈ​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ប្រទេស​ថៃ។ ក្រុម​កម្មករ​អះអាង​ថា គ្មាន​លិខិត​ឆ្លង​ដែន ជា​ទុក្ខ​លំបាក​របស់​កម្មករ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ខាង​ក្រៅ។

0:00 / 0:00

កម្មករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​គ្មាន​លិខិត​ឆ្លង​ដែន កំពុង​មាន​ការ​លំបាក រួម​មាន​បាត់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កម្មករ កម្មករ​ប្រឈម​នឹង​ការ​គាប​សង្កត់​កម្លាំង​ការងារ កម្មករ​ទទួល​បាន​ប្រាក់​ចំណូល​តិច និង​មិន​អាច​ផ្លាស់​ប្ដូរ​ការងារ​ថ្មី​បាន​ជាដើម។

កម្មករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ក្រុមហ៊ុន​យក​ពួក​គាត់​ទៅ​ដាក់​ចោល​ឲ្យ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ទូទឹកកក នៅ​ប្រទេស​ថៃ យ៉ាង​លំបាក​លំបិន ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច។ លោក​បន្ត​ថា ក្រុម​កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​ប្ដូរ​កន្លែង​ធ្វើ​ការ​ថ្មី ដើម្បី​ឲ្យ​បាន​ប្រាក់​ចំណូល​ប្រសើរ​ឡើង។ ប៉ុន្តែ ក្រុមហ៊ុន​ធ្វើ​ព្រងើយ​ហាក់​ពុំ​បាន​គិត​ពី​ទុក្ខ​លំបាក​របស់​កម្មករ​ឡើយ៖ «អត់​មាន​ប៉ាសស្ព័រ ពួក​អា​លាម​ខ្មែរ​យើង​ហ្នឹង វា​ឲ្យ​ដើរ​ជិតៗ​ហ្នឹង​បាន​ហើយ វា​អត់​ឲ្យ​ដើរ​ទៅ​ឆ្ងាយ​ដែរ។ បើ​ដើរ​ទៅ​ឆ្ងាយ​ខ្លាច​តម្រួត​ចាប់ ប៉ាសស្ព័រ​វា​មិន​ឲ្យ​យើង​កាន់​ហ្មង សុំ​មក​ផ្ទះ​វិញ​ក៏​អត់​ឲ្យ​ដែរ បើ​អត់​គ្រប់​កំណត់ គេ​កាត់​លុយ​យើង​គ្រប់​២​ឆ្នាំ​ហ្នឹង។ គេ​អត់​ឲ្យ​យើង​ហ្មង ដល់​យើង​រួច​លុយ​គេ។ អា​នេះ​ក្រុមហ៊ុន​ខ្មែរ​យើង​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ថៃ ហើយ ធ្វើ​ប៉ាសស្ព័រ​អស់ ២៥០ ហើយ​មក​ដល់​ណេះ​គេ​កាត់​យើង ២​ម៉ឺន​អី​ទៀត ហើយ​ធ្វើ​អ៊ីចឹង​ម៉េច​សល់​លុយ»

ស្រដៀង​គ្នា​នេះ​ដែរ កម្មករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​និយាយ​ថា ពួក​គាត់​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ទូទឹកកក​នៅ​ខេត្ត​ប្រាចីនបុរី ប្រទេស​ថៃ មាន​ទុក្ខ​លំបាក​ជិត​មួយ​ខែ​មក​ហើយ។ លោក​បន្ត​ថា កម្មករ​ជួប​ការ​លំបាក​ដោយសារ​គ្មាន​លិខិត​ឆ្លង​ដែន៖ «ហើយ​ថា​មក​ឲ្យ​ធ្វើ​ហ្នឹង​ការងារ​តែ ៥​ថ្ងៃ​ទេ ហើយ​រយៈពេល ៥​ហ្នឹង បាន​អូរ​ទៅ​បាន​លុយ​ប្រហែល ៤​ពាន់​បាត​ហ្នឹង បើ​អូរ​២​ម៉ោង​កន្លះ តែ​បើ​មិន​បាន​បាន​អូរ​ទេ បាន​តែ ៣​ពាន់​ទេ ៣​ពាន់​ហ្នឹង​គេ​កាត់​ទាំង​ឡាន បន្ទប់ ហើយ​និង​ភ្លើង។ បើ​កាត់​ទៅ​សល់​ប្រហែល​ខ្ទង់ ១​ពាន់ ៥​រយ ថ្លៃ​យើង​ស៊ី​ចុក​ទៀត​វា​អត់​គ្រាន់។ ហើយ​ដល់​អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​គេ​ដូរ​ចេញ ហើយ​គេ​ថា​ដូរៗ​មិន​ដែល​មក​ដូរ​ផង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ក្រុមហ៊ុន អានីរីតា លោក ង៉ោ ណាត ពន្យល់​ថា ក្រុមហ៊ុន​មិន​ឲ្យ​កម្មករ​កាន់​លិខិត​ឆ្លង​ដែន​ក្នុង​គោល​បំណង​ដើម្បី​រក្សា​សុវត្ថិភាព​របស់​កម្មករ។ ចំពោះ​បញ្ហា​សុខ​ទុក្ខ​របស់​កម្មករ​វិញ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ក៏​ពុំ​បាន​យក​កម្មករ​ទៅ​ទុក​ចោល​ឲ្យ​ធ្វើ​ការ​នៅ​រោងចក្រ​រង​ទុក្ខ​លំបាក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ខ្ញុំ​ទទួល​មើល​ថែ​គេ ២​ឆ្នាំ ចុះ​បាត់​ប៉ាសស្ព័រ ខ្ញុំ​ធ្វើ​ម៉េច គាត់​យក​ទៅ​គាត់​នៅ​ជាមួយ​គ្នា​គាត់​មិន​ត្រូវ​គ្នា ប៉ះ​អា​ប៉ាសស្ព័រ​ហ្នឹង​បាត់​ទៅ គាត់​ខឹង​គ្នា​យក​ក្រវាត់​ចោល​ហែក​ចោល​ទៅ ហើយ​ខ្ញុំ​ទទួល​យ៉ាង​ម៉េច។ កាន់​អត់​បាន​ទេ​បង ខ្ញុំ​ឃុំ​គាត់ ២​ឆ្នាំ ខ្ញុំ​ចូល​ក្រសួង​ការងារ និង​ច្បាប់​ការងារ ស្ថានទូត​មើល​ថែ​គេ ២​ឆ្នាំ មិន​មែន​យក​គេ​ទៅ​តែ​១​ថ្ងៃ ចង់​ឲ្យ​ប៉ាសស្ព័រ​គាត់​ដើរ​រហេតរហូត ចុះ​បើ​បាត់​កូន​គេ ធ្វើ​ម៉េច ខាង​ក្រុម​ហ៊ុន​ខ្ញុំ​រ៉ាប់រង​គេ​យ៉ាង​ម៉េច​កើត​បង»

មន្ត្រី​ស៊ើប​អង្កេត និង​ការ​ជួញ​ដូរ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) លោក សែម ចៅសុខ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដក​ហូត​លិខិត​ឆ្លង​ដែន​មិន​ឲ្យ​កម្មករ​កាន់ ជា​រឿង​ខុស​ច្បាប់ ព្រោះ​កម្មករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចាំបាច់​ត្រូវ​មាន​ឯកសារ​រក្សា​ទុក​ផ្ទាល់​ខ្លួន៖ «មាន​ន័យ​ថា គាត់​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ពលករ​ពលការិនី​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​របស់​គាត់។ ហើយ​គាត់​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ពេល​ពលករ​ទាំងអស់​ហ្នឹង​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ទេ។ ខ្ញុំ​ឧទាហរណ៍​ថា គាត់​បាន​សន្យា​ថា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ប្រាក់​ខែ​រហូត​ដល់​ទៅ ១​ម៉ឺន ៥​ពាន់​បាត​ក្នុង​មួយ​ខែ។ ហើយ​គាត់​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ហើយ​នៅ​ប្រទេស​ថៃ ហ្នឹង ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​របស់​គាត់​នៅ​ទី​នោះ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គាត់​ទៅ​ដល់​ហ្នឹង គាត់​ជួប​បញ្ហា​ច្រើន សូម្បី​អង្គការ​ខ្ញុំ​ធ្លាប់​ទទួល​ព័ត៌មាន​អស់​នោះ​ដែរ គឺ​លក្ខខណ្ឌ​កិច្ច​សន្យា​ដែល​គាត់​ធ្វើ​ពី​ប្រទេស​កម្ពុជា ទៅ គឺ​ផ្ទុយ​ស្រឡះ​ការងារ​ដែល​គាត់​ទៅ​អនុវត្ត​នៅ​ឯ​ប្រទេស​ថៃ តែ​ម្ដង»

ក្រុម​កម្មករ​បញ្ជាក់​ថា ក្នុង​ចំណោម​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ទូទឹកកក​នៅ​ប្រទេស​ថៃ ក្នុង​នោះ​មាន​កម្មករ​ខ្លះ​ទ្រាំ​នឹង​ការ​លំបាក​ពុំ​បាន ក៏​លួច​រត់​ត្រឡប់​មក​ខ្មែរ ហើយ​ត្រូវ​ប៉ូលិស​ថៃ ចាប់​តាម​ផ្លូវ​ផាក​យក​លុយ​ពី​កម្មករ​ជាង ១​ពាន់​បាត ដោយសារ​កម្មករ​គ្មាន​លិខិត​ឆ្លង​ដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។