ពលករទាំង ១០នាក់នោះ បានចេញទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនប៊ូរូខេមបូឌាន (BURUH CAMBODIAN) បានរយៈពេលជាងមួយខែកន្លងមកហើយ។ កម្មករទាំងនោះបានចោទប្រកាន់ក្រុមហ៊ុនថា បានលក់ពួកគេទៅឲ្យថៅកែថៃ ម្នាក់ក្នុងតម្លៃ ២ម៉ឺនបាត។
បុរសឈ្មោះ ឈន សំណាង ជាពលករម្នាក់ក្នុងចំណោមពលករដែលមិនហ៊ានរត់ចេញពីកន្លែងធ្វើការ គាត់បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសថៃ នៅល្ងាចថ្ងៃទី១២ មីនា មកថា ថៅកែថៃ បានធ្វើបាបពួកគាត់យ៉ាងខ្លាំង តែពួកគាត់ចេះតែទ្រាំមិនហ៊ានរត់ចេញ ព្រោះខ្លាចក្លាយខ្លួនជាពលករខុសច្បាប់នៅប្រទេសថៃ។ ពលកររូបនេះបន្តថា ថៅកែជនជាតិថៃ បានប្រាប់ពួកគេថា ក្រុមហ៊ុនបានលក់ពួកគេទៅឲ្យថៅកែថៃ រួចហើយ តម្លៃ ២ម៉ឺនបាតក្នុង១នាក់។ ហើយបើនរណាមិនព្រមធ្វើការ ត្រូវប្រគល់ប្រាក់ ២ម៉ឺនបាតឲ្យគេវិញ ទើបគេប្រគល់ប៉ាសស្ព័រ ឲ្យពួកគាត់វិញ។
ពលកររូបនេះអំពាវនាវឲ្យរាជរដ្ឋាភិបាល ជួយយកពួកគាត់ត្រឡប់មកស្រុកខ្មែរវិញផង បើពុំដូច្នោះទេ គាត់ពិតជាស្លាប់ចោលឆ្អឹងនៅស្រុកគេ៖ «ខាងថៃ គេថា ទាល់តែខ្មោចងាប់បានខ្មែរមកយក គ្មានក្រុមហ៊ុនឯណាមកយកប្រជាជនខ្មែរដែលគេបញ្ជូនមកធ្វើការទេ។ វាថា ទាល់តែវាបាញ់ងាប់ឲ្យទៅជាខ្មោច ទើបខ្មែរយើងមកយកខ្មោចយកឆ្អឹងទៅវិញ។ បងជួយពួកខ្ញុំបានដូចជាផ្ដល់ជីវិតទី២ មកឲ្យពួកខ្ញុំអ៊ីចឹង»។
ពលករទាំង ៣នាក់នោះ មានឈ្មោះ ឈន សំណាង ឈ្មោះ សូ កូឡា និងឈ្មោះ វន ព្រែក។
កាលពីថ្ងៃទី២៩ មករា កន្លងទៅ ក្រុមហ៊ុនប៊ូរូខេមបូឌាន ប្រចាំខេត្តពោធិ៍សាត់ បានបញ្ជូនពលករចំនួន ១០នាក់ ចេញទៅធ្វើការនៅប្រទេសថៃ។ លុះដល់ថ្ងៃទី៥ កុម្ភៈ ពលករទាំង ១០នាក់នេះ បានទូរស័ព្ទមកសុំឲ្យឪពុកម្ដាយពួកគេជួយ ដោយពួកគេប្រាប់ថា ក្រុមហ៊ុនបានលក់ពួកគេតៗគ្នាពីម្នាក់ទៅម្នាក់។ ដោយមិនអាចទ្រាំទ្របាន កម្មករចំនួន ៧នាក់ បានលួចរត់ ដែលឥឡូវមិនដឹងជានៅទីណា។ ឯ ៣នាក់នេះ សម្រេចចិត្តរង់ចាំការជួយសង្គ្រោះ។
តំណាងក្រុមហ៊ុនប៊ូរូខេមបូឌាន ប្រចាំខេត្តពោធិ៍សាត់ លោក ឃឹម រ៉ុម បានសំណូមពរឲ្យពលករទាំង ៣រូបនោះ បន្តអត់ធ្មត់រង់ចាំ។ លោកថា កំពុងទាក់ទងជាមួយភាគីខាងថៃ ដើម្បីនាំពលករទាំង ៣រូបនេះមកវិញ៖ «ខ្ញុំឡើងទៅបាងកក ម៉ាសារហើយបង។ ប៉ុន្តែអ្វីដែលជាដំណោះស្រាយ ត្រូវទាមទារពេលវេលា ព្រោះយើងមានកិច្ចសន្យាច្បាស់លាស់ ហើយការដោះស្រាយក៏ត្រូវធ្វើតាមកិច្ចសន្យាដែរ»។
ទាក់ទិនចំពោះបញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ក្រុមហ៊ុនមួយចំនួនមិនបានទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពលករ នៅពេលគេនាំទៅដល់ប្រទេសដែលពលករធ្វើការនោះទេ។ លោកថា ករណីពលករ ៣នាក់នេះ មិនមែនជារឿងថ្មីទេ រឿងបែបនេះបានកើតឡើងញឹកញាប់ណាស់សម្រាប់ពលករខ្មែរ ដែលធ្វើការនៅប្រទេសក្រៅ៖ «ខ្ញុំនឹងសាកសួរក្រុមហ៊ុន និងគ្រួសារគាត់ រួចហើយទើបយើងទាក់ទងទៅក្រសួងការបរទេស ដើម្បីឲ្យក្រសួងទាក់ទងជាមួយស្ថានទូតខ្មែរ នៅថៃ ដើម្បីធ្វើអន្តរាគមន៍បន្ទាន់ជួយពួកគាត់ ព្រោះរឿងនេះជារឿងធំមិនមែនធម្មតាទេ»។
អនុក្រឹត្យលេខ៥៧ ស្ដីពីការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងមាត្រា១៦ ចែងថា ភាគីផ្ដល់ពលករ ពោលគឺក្រុមហ៊ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបញ្ជូនមន្ត្រីទៅពិនិត្យការអនុវត្តកិច្ចសន្យាការងារដល់ទីកន្លែង ក្នុងរយៈពេលដែលចាំបាច់។ ប៉ុន្តែ រយៈពេលកន្លងទៅ មាត្រា១៦ នៃអនុក្រឹត្យនេះ មិនត្រូវបានយកមកអនុវត្តឡើយ។
លោក មឿន តុលា សំណូមពរឲ្យក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យបណ្ដាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនាំពលករចេញទៅក្រៅប្រទេស ដោយតម្រូវឲ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវនៅពេលដែលពលករមានបញ្ហា រួមទាំងការអនុវត្តមាត្រានៃអនុក្រឹត្យលេខ៥៧ នេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។