កម្មករ​ខ្មែរ​១៣​នាក់​បោះបង់​ការងារ​នៅ​ថៃ​ត្រឡប់​មក​ស្រុក​វិញ

កម្មករ​ខ្មែរ ១៣​នាក់ ដែល​មិន​អាច​ទ្រាំទ្រ​ការ​លំបាក​លើ​ទូក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ បាន​នាំ​គ្នា​បោះបង់​ចោល​ការងារ ហើយ​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង ១៣​នាក់ គឺ​លោក ប៊ែន សុភី អាយុ ៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ពួក​គាត់​ទាំង ១៣​នាក់ បាន​សម្រេច​ចិត្ត​សុំ​មេការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយសារ​អត់​ទ្រាំ​មិន​បាន​ចំពោះ​ការងារ​ធ្ងន់​ហួស​កម្លាំង ពុល​រលក​សមុទ្រ​នៅ​លើ​ទូក និង​ការ​គំរាម​កំហែង​វាយ​ធ្វើ​បាប​មក​កម្មករ។ ពួក​គាត់​បាន​ដើរ​ពី​សមុទ្រ​រ៉ាក់យ៉ង ប្រទេស​ថៃ មក​ដល់​ច្រក​ចាំយាម ខេត្ត​កោះកុង នៅ​យប់​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៣។

បុរស​ដដែល​បាន​បញ្ជាក់​ថា ពួក​គាត់​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​នេះ​បាន​ចំនួន ១០​ថ្ងៃ តាម​រយៈ​មេ​ខ្យល់​ឈ្មោះ លីម នៅ​ភូមិ​វត្តថ្មី ខេត្ត​កំពង់ឆ្នាំង ដែល​សន្យា​ថា​ផ្ដល់​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ ៨​ពាន់​បាត ឬ​ប្រមាណ ២៧០​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​វិល​ត្រឡប់​នេះ ពួក​គាត់​មិន​បាន​ប្រាក់​ឈ្នួល​នោះ​ទេ។

លោក ប៊ែន សុភី៖ «ពិបាក​ពេក ណា​មួយ​គេ​គំរាម​ខ្ញុំ ចាក់ ជា​ពិសេស​គឺ​វាយ​ប្អូន​ខ្ញុំ​តែ​ម្ដង។ ប្អូន​ខ្ញុំ​ពុល​រលក ដល់​ពេល​នេះ​គ្នា​ឈប់​បន្តិចបន្តួច​គេ​ថា​ឲ្យ​ប្អូន​ខ្ញុំ​ទៅ​ធ្វើ ដល់​តែ​ប្អូន​ខ្ញុំ​រៀប​ទៅ​ហើយ គេ​ដាក់​ប្អូន​ខ្ញុំ​មួយ​ដៃ​ផាំង ទង្គិច​នឹង​ទ្វារ​ទូក​ហ្មង។ ពុល​ទាំងអស់ វារ​តាម​គែម​ទូក​ដូច​សត្វ​បង្កួយ​អ៊ីចឹង ធ្វើ​តាំង​ពី​ម៉ោង​៨ ដល់​ទល់​ភ្លឺ​ដល់​ម៉ោង ១០​ថ្ងៃ។ ដេក​មិន​បាន​ប៉ុន្មាន​ទេ គេ​ឲ្យ​ជួស​អួន​ជួស​អី មិន​សូវ​បាន​ដេក​ប៉ុន្មាន​ទេ យ៉ាប់​យឺន​ពេក។ ខ្ញុំ​ប្រាប់​មេការ​គេ​ថា​ខ្ញុំ​ទៅ​ផ្ទះ​ហើយ មេការ​គេ​ថា កុំ​ទៅ! ទៅ​ធ្វើ​ស្អី? មេការ​ខ្មែរ​ដែល​នាំ​ខ្ញុំ​ទៅ​ហ្នឹង មេការ​ហ្នឹង​ហើយ​ដែល​វាយ​ប្អូន​ខ្ញុំ​ហ្នឹង។ នរណា​ទៅ​ផ្ទះ​អា​លុយ​ហ្នឹង​មិន​បាច់​យក​ទេ គេ​គំរាម​អ៊ីចឹង​ទៀត។ ខ្ញុំ​មក​អត់​មាន​លុយ​មួយ​រៀល​ទេ ដើរ​ដាច់​បាយ​មួយ​យប់​មួយ​ថ្ងៃ​ហើយ តាំង​ពី​រ៉ាក់យ៉ង មក ចេះ​តែ​ដើរ​ព្រាលៗ​មក​ទេ»

បុរស​កម្មករ​ទាំង ១៣​នាក់ បាន​មក​ដល់​ទឹក​ដី​ខេត្ត​កោះកុង បាន​ចូល​មក​រាយការណ៍​ករណី​នេះ​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​នេះ។ មន្ត្រី​សមាគម​អាដហុក កំពុង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដើម្បី​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។