ធនាគារពិភពលោក និងអង្គការភាពជាដៃគូសកលដើម្បីការអប់រំ ផ្តល់ប្រាក់ជិត ៧០លានដុល្លារសំរាប់ពង្រឹងការសិក្សានៅកម្ពុជា
ធនាគារពិភពលោក (World Bank) និងអង្គការភាពជាដៃគូសកលដើម្បីការអប់រំ (Global Parnership for Education-GDE) ផ្តល់ទឹកប្រាក់ជិត ៧០លានដុល្លារ (៦៩,២៥) ក្នុងនោះ ៦០លានដុល្លារជាកម្ចីរបស់ធនាគារពិភពលោក ដើម្បីពង្រឹងការសិក្សាជាមូលដ្ឋាន និងឆ្លើយតបឲ្យបានរហ័សទៅនឹងផលប៉ះពាល់នានាដល់ប្រព័ន្ធអប់រំ។ រីឯទឹកប្រាក់ជិត ១០លានដុល្លារទៀត (៩,២៥លាន) ជាជំនួយឥតសំណងពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាអ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែមករាថា ការផ្តល់កម្ចីនេះ នឹងជួយទ្រទ្រង់ដល់គម្រោងកែលំអ វិស័យអប់រំទូទៅ ដើម្បីឈានដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់និងសីលធម៌ល្អ ព្រមទាំងអភិវឌ្ឍឲ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន។
អ្នកស្រីបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ វិស័យអប់រំរងផលប៉ះពាល់ជាខ្លាំង ជាពិសេសកុមាររស់នៅតាមតំបន់ដាច់ស្រយាល កុមារក្នុងគ្រួសារក្រីក្រ និងនៅក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និងកុមារពិការភាព។ អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងស្វែងរកដំណោះស្រាយបញ្ហាប្រឈមធំៗពីរ រួមមាន ការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និងវិសមធម៌ ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។